សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ដំណើរចេញក្រៅប្រទេសរបស់សម្តេចមានបេសកកម្មបី គឺការងារការទូត នយោបាយ និងសេដ្ឋកិច្ច
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដំណើរចេញក្រៅប្រទេសរបស់សម្តេចមានបេសកកម្មបី គឺការងារការទូត នយោបាយ និងសេដ្ឋកិច្ច ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកដូច្នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ២៥០០នាក់ នាថ្ងៃទី២៣ ខែកញ្ញា ២០២៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤ព្រឹក នៅកម្ពុជា ។
សម្តេចធិបតីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលថ្មី អត់ចាំរយៈពេល១០០ថ្ងៃ គឺចាប់ផ្តើមបម្រើរាជរដ្ឋាភិបាលសស្រាក់សស្រាំតាំងពីថ្ងៃទី១មកម្ល៉េះ។ កាលពីថ្ងៃទី២២ សីហា ជាសារចាប់ផ្តើមរាជរដ្ឋាភិបាល បង្ហាញពីគោលនយោបាយបម្រើជាតិ។ ថ្ងៃទី២២ ខែកញ្ញា រយៈពេលមួយខែនៃការកាន់អំណាច សម្តេចធិបតី ស្ថិតនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នាទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក តំណាងឲ្យកម្ពុជា ថ្លែងសារនយោបាយរបស់កម្ពុជា ទៅកាន់ពិភពលោក ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ដំណើរចេញក្រៅប្រទេសរបស់សម្តេចមានបេសកកម្មចំនួន៣ រួមមាន ៖ ការងារការទូត នយោបាយ និងសេដ្ឋកិច្ច។ វត្តមានរបស់សម្តេចនៅអង្គការសហប្រជាជាតិ គេអត់មានចាត់ទុកសម្តេចជានាយករដ្ឋមន្ត្រីខុសច្បាប់ ឬជាប្រទេសកម្រិតពីរនោះទេ គឺស្មើសិទ្ធិ ស្មើមុខស្មើមុខជាមួយប្រទេសជាសមាជិកដទៃទៀតដែរ ។
សម្ដេចបញ្ជាក់ថា ជំហររបស់កម្ពុជា នៅអង្គការសហប្រជាជាតិ គឺចង់ឱ្យពិភពលោកមានសុខសន្តិភាព ព្រោះបើពិភពលោកមិនមានសុខសន្តិភាព កម្ពុជាក៏មានបញ្ហាដូចគ្នាដែរ ៕ដោយ ៖ វណ្ណលុក