សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រែប្រួលអាកាសធាតុ និងត្រូវចេះថែរក្សាសុខភាព
(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ កម្ពុជា រួមជាមួយប្រតិភូរួមដំណើរ បានចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជួយដល់ចាស់ជរា ជនពិការ អ្នករស់នៅជាមួយមេរោគអេដស៍ កុមារកំព្រា ស្ត្រីមេម៉ាយ មានកូនច្រើន អ្នកមានជំងឺប្រចាំកាយ និងមានជីវភាពខ្វះខាត នៅស្រុករមាសហែក និងស្រុករំដួល ខេត្តស្វាយរៀង ចំនួន ២៣១គ្រួសារ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ។
សម្តេច ក៏បានផ្តាំផ្ញើរសាកសួរទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេច តែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាពនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ ។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិតឬឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាមដោយមិនរួញរាឡើយ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ និងត្រូវចេះថែរក្សាសុខភាព គឺការរស់នៅ ដោយប្រកាន់យកការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ។ ជាពិសេស ត្រូវបង្កើនការផលិតផលផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ចំណែកឯអជ្ញាធរ ត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
អំណោយដែលត្រូវផ្តល់ជូនពលរដ្ឋទាំង ២៣១គ្រួសារ រួមមាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប កន្ទេលជរ័បត់ ១ ឃីត ១កញ្ចប់ ( មុង សារុង ភួយនិងក្រម៉ា ) និងថវិកា ៥ម៉ឺនរៀល ៕
ដោយ ហេង សម្បត្តិ