អូស្រ្តាលីព្រមានប្រជាជនឱ្យត្រៀមខ្លួន សម្រាប់គ្រោះមហន្តរាយធម្មជាតិនារដូវក្តៅខាងមុខ
កង់បេរ៉ា៖ អាជ្ញាធរគ្រប់គ្រងគ្រាអាសន្នកំពូលបានព្រមានប្រជាជនអូស្ត្រាលីថា ពួកគេកំពុងប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិ ដែលអាចនឹងកើតឡើងនៅក្នុងរដូវក្តៅខាងមុខនេះ។
លោក Brendan Moon ដែលជាអ្នកសម្របសម្រួលទូទៅរបស់ប្រទេសអូស្ត្រាលី សម្រាប់ការគ្រប់គ្រងគ្រាអាសន្នជាតិ នៅថ្ងៃទី២៥ ខែកញ្ញានេះ បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកង់បេរ៉ាថា ប្រជាជនអូស្ត្រាលីគួរតែរៀបចំផែនការ ដើម្បីបង្ការផលប៉ះពាល់ពីគ្រោះមហន្តរាយជាច្រើននៅក្នុងរដូវក្តៅខាងមុខនេះ។|
លោក Moon បានគូសបញ្ជាក់យ៉ាងដូច្នេះថា ពួកយើងនឹងជួបប្រទះនូវរដូវផ្ការីកដែលស្ងួតជាងមុន និងរដូវក្តៅដែលក្តៅជាងមុន ដូច្នេះពួកយើងក៏គួរតែត្រៀមខ្លួនទប់ទល់នឹងការវាយប្រហារពីព្យុះស៊ីក្លូន ទឹកជំនន់ ភ្លើងឆេះព្រៃ និងរលកកំដៅផងដែរ។ ការព្រមានរបស់លោក Moon ខាងលើ ត្រូវបានធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលស្តីពីការត្រៀមបង្ការគ្រោះមហន្តរាយជាតិលើកដំបូង ដែលបានចាប់ផ្តើមនៅក្នុងទីក្រុងកង់បេរ៉ា នៅថ្ងៃចន្ទសប្តាហ៍នេះ។
អ្នកតំណាងជាង ២៥០នាក់មកពីរដ្ឋាភិបាលសហព័ន្ធ រដ្ឋ និងដែនដី ក៏ដូចជាអ្នកជំនាញមកពីសេវាសង្គ្រោះបន្ទាន់ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ ដើម្បីធានាឱ្យមានការឆ្លើយតបយ៉ាងជិតស្និត ចំពោះគ្រោះមហន្តរាយធម្មជាតិ៕
ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា