ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ចេញសេចក្តីបំភ្លឺព័ត៌មាន ស្តីពីការគាំទ្រសម្តេចធិបតី ហ៊ុន ម៉ាណែត នៅលើផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម នៅតំបន់ Time Square ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
(ភ្នំពេញ)៖ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានចេញសេចក្តីបំភ្លឺព័ត៌មានស្តីពីការគាំទ្រសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅលើផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម (ឬផ្សព្វផ្សាយពាណិជ្ជកម្មតាម billboard) នៅតំបន់ Time Square នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។
សេចក្តីបំភ្លឺព័ត៌មានដែលទទួលបាននៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីសូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា នៅក្នុងអំឡុងពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូល រួមក្នុង “កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ ខែកញ្ញា ឆ្នាំ២០២៣ មានការចោទប្រកាន់ពីក្រុមដែលមាននិន្នាការនយោបាយប្រឆាំងនឹង រាជរដ្ឋាភិបាលអំពីការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូ (ឬផ្សព្វផ្សាយពាណិជ្ជកម្មតាម billboard គាំទ្រ សម្ដេចធិបតី នៅតំបន់ TIme Square ថាជាការរៀបចំ និងការចំណាយថវិកាខ្ជះខ្ជាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី មានការសោកស្តាយយ៉ាងខ្លាំងចំពោះការចោទប្រកាន់ដោយគ្មាន មូលដ្ឋាន និងគ្មានអំណះអំណាងច្បាស់លាស់ ដែលផ្ទុយពីការពិតទាំងស្រុង ក្នុងគោលបំណងកេងចំណេញ នយោបាយ និងបំភាន់សាធារណៈមតិ។
ពាក់ព័ន្ធនឹងការផ្សព្វផ្សាយគាំទ្រ សម្ដេចធិបតី តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូ ខាងលើ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី សូមធ្វើការបញ្ជាក់ជូនសាធារណជនទាំងអស់ដូចខាងក្រោម៖
១-ការរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូខាងលើ ពុំមែនជាការចាត់តាំងឱ្យរៀបចំដោយ រាជរដ្ឋាភិបាលកម្ពុជា ហើយក៏មិនបានចំណាយថវិការបស់រាជរដ្ឋាភិបាលនោះដែរ។
២-ការរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូខាងលើ គឺផ្តើមចេញពីមនោសញ្ចេតនា ទឹកចិត្តស្រលាញ់ និងការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងកាណាដា ចំពោះសម្ដេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរអញ្ជើញចូលរួមជាលើកទី១ ក្នុង “កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពី ថ្ងៃទី២១-២៥ ខែកញ្ញា ឆ្នាំ២០២៣។
៣-ការរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូខាងលើ គឺមានការសម្របសម្រួលពីបងប្អូនខ្មែរយើងនៅសហរដ្ឋអាមេរិក និងមានការចូលរួមគាំទ្រផ្សព្វផ្សាយដោយឥតគិតថ្លៃពីក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម តាមផ្ទាំងប៉ាណូ (ឬផ្សព្វផ្សាយតាម billboard) នោះផងដែរ ៕


ដោយ ៖ វណ្ណលុក