តម្លៃប្រេងហក់ឡើងខណៈការផ្គត់ផ្គង់នឹងត្រូវរឹតបន្តឹងឡើងវិញ
អាមេរិក៖ តម្លៃប្រេងបានកើនឡើងកាលពីថ្ងៃចន្ទ ដោយសារតែវិនិយោគិនផ្តោតលើការរឹតបន្តឹងការផ្គត់ផ្គង់ឡើងវិញ បន្ទាប់ពីទីក្រុងមូស្គូបានហាមឃាត់បណ្តោះអាសន្នលើការនាំចេញប្រេងឥន្ធនៈ។ តម្លៃប្រេងឆៅ Brent បានកើនឡើង ៣២ សេន ឬ០,៣ភាគរយដែលកើនតម្លៃដល់ទៅ ៩៣.៥៩ ដុល្លារក្នុងមួយបារ៉ែល។ចំណែកប្រេងឆៅរបស់អាមេរិក West Texas Intermediate ក៏មានការកើនឡើង ដោយតម្លៃជួញដូរស្ថិត ក្នុងរង្វង់ ៩០.២៧ ដុល្លារក្នុងមួយបារ៉ែល កើនឡើង ២៤ សេន ឬ ០,២ភាគរយ។
លោក Tony Sycamore ជាអ្នកវិភាគ IG Markets បាននិយាយថា តម្លៃប្រេងឆៅបានចាប់ផ្តើមកើនក្នុងសប្តាហ៍នេះ ដោយសារទីផ្សារនានាត្រូវរុស្ស៊ីរំសាយការនាំចូលជាបណ្តោះអាសន្ន ទាំងប្រេងម៉ាស៊ូត និងប្រេងសាំង បើទោះបីជាស្ថានភាពទីផ្សារប្រេងកំពុងតានតឹងរួចស្រាប់ទៅហើយក្តី។
ការព្យាករបានឱ្យដឹងថាតម្លៃបានកើនឡើងច្រើនជាង ១០% ក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ ពោលគឺបង្កមកពីឱនភាពនៃការផ្គត់ផ្គង់ប្រេងឆៅក្នុងទំហំដ៏ធំនៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២៣ បន្ទាប់ពី អារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបានបន្តកាត់បន្ថយការផ្គត់ផ្គង់បន្ថែមដល់ចុងឆ្នាំនេះ។
ក្រុងមូស្គូបានហាមឃាត់ការនាំចេញប្រេងសាំង និងប្រេងម៉ាស៊ូតទៅកាន់ប្រទេសភាគច្រើនជាបណ្តោះអាសន្នចាប់តាំងពីសប្តាហ៍មុន ដើម្បីរក្សាស្ថិរភាពទីផ្សារក្នុងស្រុក។ ជាមួយគ្នានេះដែរនៅសហរដ្ឋអាមេរិក ចំនួនអណ្តូងប្រេងប្រតិបត្តិការបានធ្លាក់ចុះចំនួន៨ ដោយនៅសល់ត្រឹម ៥០៧ កាលពីសប្តាហ៍មុន ដែលនេះជាការធ្លាក់ចុះកម្រិតទាបបំផុតរបស់ពួកគេចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២។
ដោយឡែក តម្លៃពីប្រទេសចិនដែលជាប្រទេសនាំចូលប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោកឯណោះវិញ ក៏មានការកើនឡើងផងដែរ។ បើតាមអ្នកវិភាគនៃក្រុមហ៊ុន Goldman Sachs វិស័យផលិតកម្មរបស់ប្រទេសចិនត្រូវបានគេរំពឹងថានឹងត្រលប់ទៅលក្ខណៈត្រូវពង្រីកវិញថែមទៀតនៅក្នុងខែកញ្ញានេះ។
ជាមួយគ្នានេះដែរ អ្នកវិភាគបានបន្ថែមថា នៅក្នុងសញ្ញាវិជ្ជមានតម្រូវការប្រេងរបស់ប្រទេសចិនបានកើនឡើងត្រឹម ០.៣ លានបារ៉ែលក្នុងមួយថ្ងៃកាលពីសប្តាហ៍មុន បើទោះបីជាតម្រូវការប្រេងយន្តហោះសម្រាប់ជើងហោះហើរអន្តរជាតិមានការស្ទុះងើបឡើងវិញបន្តិចក្តី៕
ប្រែសម្រួល៖ស្រ៊ុន សិរីវឌ្ឍនៈ