រដ្ឋមន្ត្រីមុខងារសាធារណៈ និងអ្នកតំណាង UNDP នឹងរួមគ្នាទាញប្រយោជន៍ពី ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល មកអនុវត្តការងារឱ្យមានប្រសិទ្ធភាព
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងអ្នកតំណាងកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិប្រចាំនៅកម្ពុជា ពេញចិត្តចំពោះការបន្តកិច្ចសហប្រតិបតិ្តការ នៅកម្ពុជា និងរួមគ្នាលើកកម្ពស់វិស័យមុខងារសាធារណៈ ក៏ដូចជាការទាញប្រយោជន៍ពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថល មកអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព។ នេះបើតាមលទ្ធផល នៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាមួយលោកស្រី Allisar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ។
ជំនួបនេះ មិនត្រឹមតែជាការជួបសំណេះសំណាល ប៉ុន្តែជាឱកាសពិភាក្សាការងាររួមគ្នា ក្នុងភាពជាដៃគូអភិវឌ្ឍន៍ លើកិច្ចការអាទិភាពមួយចំនួន ជាពិសេស ក្នុងវិស័យមុខងារសាធារណៈ ស្របតាមចក្ខុវិស័យរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ។
លោកស្រីអ្នកតំណាង UNDP បានបង្ហាញភាពរីករាយចំពោះវឌ្ឍនភាពលើគ្រប់វិស័យនៅកម្ពុជា និងបង្ហាញជំហរក្នុងការបន្តគាំទ្រចំពោះការអភិវឌ្ឍឱ្យកាន់តែរីកចម្រើន ស្របពេលដែលលោកស្រីបញ្ជាក់ថា UNDP គឺជាដៃគូអភិវឌ្ឍន៍សំខាន់មួយរបស់កម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងកម្មវិធីអភិវឌ្ឍន៍នានារបស់ខ្លួន។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកកន្លងមករបស់ UNDP និងការខិតខំប្រឹងប្រែងក្នុងការគាំទ្រគំនិតផ្តួចផ្តើម និងគម្រោងផ្សេងៗ ចាប់តាំងពីប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា។ ដោយឡែក ក្នុងវិស័យមុខងារសាធារណៈផ្ទាល់ កិច្ចសហប្រតិបត្តិការតាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងមុខងារសាធារណៈ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានអនុញ្ញាតអោយភាគីទាំងពីរសហការរៀបចំកម្មវិធីបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជការជាបន្តបន្ទាប់។
ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវក្តីសោមនស្សរីករាយ ចំពោះការបន្តកិច្ចសហប្រតិបតិ្តការស្របតាមអ្វីដែលមានកន្លងមក និងការគិតគូររួមគ្នាពង្រីកវិសាលភាពបន្ថែម ដើម្បីលើកកម្ពស់វិស័យមុខងារសាធារណៈ តាមរយៈការជំរុញនវានុវត្តន៍ក្នុងវិស័យផ្ទាល់ ក៏ដូចជាការទាញប្រយោជន៍ពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ភាពឆ្លើយតប និងបរិយាប័ន្ន ៕
ដោយ វណ្ណលុក