ឯកឧត្តម វង្សី វិស្សុត៖ ក្រុមប្រឹក្សាអ្នកច្បាប់ដើរតួនាទីសំខាន់ណាស់ ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ដើម្បីអភិបាលកិច្ចល្អ នីតិរដ្ឋ សន្តិសុខគតិយុត្ត សង្គតិភាព និងការបម្រើវិស័យសាធារណៈ
ភ្នំពេញ៖ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកភារកិច្ចរបស់ក្រុមប្រឹក្សាអ្នក ច្បាប់ មានបេសកកម្មដ៏សំខាន់ និងចាំបាច់បំផុតក្នុងនាមជាសេនា ធិការ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងការធានានូវគុណភាពនៃ ការងារស្រាវជ្រាវនិងការផ្តល់យោបល់បានលឿនរហ័ស មានសង្គតិភាព ស្របតាមបទដ្ឋានគតិយុត្ត ជាពិសេសគោលការណ៍ រដ្ឋធម្មនុញ្ញនិង គោលការណ៍ច្បាប់ ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ដើម្បីអភិបាលកិច្ចល្អ និងក៏សម្រាប់បម្រើឱ្យការអនុវត្តគោល នយោបាយរបស់រាជរដ្ឋាភិបាលសម្រេចបានជោគជ័យផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ថ្លែងដូចនេះ នៅ ព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងពេលដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា អ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងគោលបំណងពង្រឹងគុណភាព បង្កើនសមត្ថភាពរបស់ថ្នាក់ដឹកនាំ និងទាំងកំរិតនាយកដ្ឋាន និងមន្ត្រី ជំនាញ ឱ្យមានស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាថា ការដឹកនាំ និងការប្រព្រឹត្តទៅក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ មានសមត្ថភាព ប្រសិទ្ធភាព សីលធម៌ គុណាធិបតេយ្យ និងសម្រេច បាន នូវសមិទ្ធកម្ម ដែលជាស្នាដៃ និងសកម្មភាពការងារដែលប្រមុខ រាជរដ្ឋាភិបាលបានប្រគល់ជូន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានគូសបញ្ជាក់ថា បេសកកម្ម ការងារចម្បងដែលក្រុមប្រឹក្សាអ្នកច្បាប់បាននិងកំពុងអនុវត្ត ត្រូវតែមាន របៀបនៃការដឹកនាំឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ធ្វើការតាមមុខងារ ភារកិច្ចរបស់ខ្លួន ដោយផ្អែកតាមគោលការណ៍ បុរេសកម្ម គឺ«ធ្វើការងារ ផង និងកែទម្រង់ផង » ដើម្បីធានាថា គ្រប់គ្នាត្រូវតែមានឆន្ទៈ មនសិការ វិជ្ជាជីវៈខ្ពស់ក្នុងការស្រឡាញ់ស្ថាប័នរបស់ខ្លួន និងការអនុវត្តភារកិច្ច ប្រចាំថ្ងៃ ដោយផ្តោតជាសំខាន់លើការងារជាអាទិភាព គឺការប្រជុំ ស្រាវជ្រាវ វិភាគ វាយតម្លៃ និងភារកិច្ចក្នុងក្របខណ្ឌនៃការរៀបចំ តាក់តែងច្បាប់ និងក៏ជាអ្នកត្រួតពិនិត្យទាំងទិដ្ឋភាពច្បាប់ឱ្យបានស៊ីជំរៅ រួមទាំងត្រូវតែយល់ដឹងទាំងកម្រិតបច្ចេកទេសផងដែរ។
បើទោះបីក្របខ័ណ្ឌនៃភារកិច្ចរបស់ក្រុមប្រឹក្សាអ្នកច្បាប់ផ្តោតលើ គុណវុឌ្ឍ នៃនីតិរដ្ឋបាល និងនីតិឯកជនក្តី ក៏ប៉ុន្តែដើម្បីបាន មូលដ្ឋានរឹងមាំ ក្នុងបម្រើគោលដៅនៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ឱ្យធានាបាននូវយុត្តិធម៌ លើកកម្ពស់សេដ្ឋកិច្ច សង្គម ឱ្យមាន លទ្ធផលគាប់ប្រសើរ ឯកឧត្តម វង្សី វិស្សុត បានដាក់ចេញនូវការណែនាំ តម្រង់ទិសដៅ និងជាផែនការសម្រាប់អនុវត្តទាំងក្នុងពេលចំពោះមុខ និងរយៈពេលវែង សម្រាប់ក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងនោះរួមមាន៖
ទី១- ការកំណត់ភាពច្បាស់លាស់ នៃការងារជាអាទិភាពគឺ ប្រសិទ្ធភាព ក្នុងការផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ដែល ក្រសួង ស្ថាប័ន នីមួយៗបានផ្តល់ឱ្យ គប្បីក្រុមប្រឹក្សាអ្នកច្បាប់ត្រូវតែពង្រឹងសមត្ថភាព ការត្រួតពិនិត្យ និងការស្រាវជ្រាវបន្ថែម ដែលត្រូវធ្វើការងារនេះជាក្រុម និងមានយន្តការប្រជុំត្រៀម ពិភាក្សាគ្នាឱ្យច្បាស់លាស់ ដោយធ្វើការ វិភាគ វាយតម្លៃឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីធានាថា ការចូលរួមផ្តល់ យោបល់លើសេចក្តីព្រាងច្បាប់ណាមួយ គឺមានទាំងគុណភាព និងប្រសិទ្ធភាព ផ្អែកតាមគោលការណ៍ច្បាប់យ៉ាងរឹងមាំ។ បន្ថែមពីលើនេះ ក្រុមប្រឹក្សាអ្នកច្បាប់ ក៏ត្រូវតែជាធនធានមនុស្សដែល មាននូវសមត្ថភាពក្នុងការតាក់តែងច្បាប់ ព្រះរាជក្រឹត្យ រួមទាំង សមត្ថភាព នៃការសិក្សា និងពិនិត្យលើច្បាប់ រួមទាំងលិខិត បទដ្ឋាន គតិយុត្តផ្សេងៗទៀត ដែលមិនសមស្របនឹងវឌ្ឍនភាពសង្គម ឬជាការត្រួតសមត្ថកិច្ចគ្នាជាមួយក្រសួងពាក់ព័ន្ធ គឺត្រូវតែមានភាព ច្បាស់លាស់ដើម្បីលើកជាយោបល់ជូនប្រមុខរាជរដ្ឋាភិបាលក្នុងការពិនិត្យនិងសម្រេច។
ទី២- លើកទឹកចិត្តសម្រាប់ក្រុមប្រឹក្សាអ្នកច្បាប់ តាមរយៈឱ្យមានបើកវគ្គ បណ្តុះបណ្តាលជំនាញផ្នែកច្បាប់ ជាការកសាងសមត្ថភាពទាំងទិដ្ឋភាព ទម្រង់ ទស្សនាទានច្បាប់ និងទាំងខ្លឹមសារបច្ចេកទេសច្បាប់ ដែលនឹង ចែករំលែកបទពិសោធន៍ពីព្រឹទ្ធចារ្យឯកទេសច្បាប់ទាំងក្នុងស្រុក ឬក៏ ការតម្រូវឱ្យមានអ្នកជំនាញជាន់ខ្ពស់ប្រឹក្សាផ្នែកច្បាប់ពីអន្តរជាតិបង្ហាត់បង្រៀន រួមទាំងទស្សនកិច្ចសិក្សានៅក្រៅប្រទេសផងដែរ។ ជាពិសេស នឹងស្នើឱ្យមានការរៀបចំបែងចែកជាក្រុមៗ តាមជំនាញឱ្យបានត្រឹមត្រូវ ដើម្បីការផ្តល់យោបល់ផ្នែកច្បាប់ឱ្យបានរឹងមាំ ច្បាស់លាស់។
ទី៣- ការគិតគូ ដើម្បីពង្រឹងស្ថាប័ន ក្បាលម៉ាស៊ីនដឹកនាំ ក្រុមប្រឹក្សាអ្នក ច្បាប់ រួមទាំងភាពសកម្មរបស់អគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ ទីប្រឹក្សា និងជំនួយការ៕ដោយ៖វណ្ណលុក