កងកម្លាំងប្រដាប់អាវុធ សុខចិត្តបង្ហូរញើស នៅទីលានហ្វឹកហាត់ ប្រសើរជាងបង្ហូរឈាមនៅលើសមរភូមិប្រយុទ្ធ
កំពង់ធំ៖ ក្នុងពិធីបាញ់គ្រាប់ពិត នៃកម្មវិធីហ្វឹកហ្វឺនរបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅបញ្ជាការដ្ឋានវរៈ១ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ថ្លែងថា កងកម្លាំងប្រដាប់អាវុធ សុខចិត្តបង្ហូរញើសនៅទីលានហ្វឹកហាត់ ប្រសើរជាងបង្ហូរឈាមនៅលើសមរភូមិប្រយុទ្ធ។
ឯកឧត្តម អភិបាលខេត្ត បានកោតសរសើរដោយស្មោះដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ដែលបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវតួនាទី ភារកិច្ចតាមបទបញ្ជារបស់អគ្គបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ ក៏ដូចជាបញ្ជារបស់បញ្ជាការដ្ឋានយោភូមិភាគ៤ ដែលបានដាក់ចូលផែនការប្រចាំឆ្នាំ ទាក់ទងទៅនឹងការហ្វឹកហាត់ជាប្រចាំទៅដល់កងកម្លាំងប្រដាប់អាវុធ។
ឯកឧត្តមបន្ថែមថា នេះជាកិច្ចការដែលមានសារៈសំខាន់ណាស់ សម្រាប់កងយុទ្ធពលខេមរភូមិន្ទ ក្នុងការបង្កើននូវសមត្ថភាពជំនាញពិតប្រាកដ ដល់កម្លាំងសម្រាប់ការពារប្រទេសជាតិបើទោះបីប្រទេសយើងធ្លាប់ឆ្លងកាត់សង្គ្រាម ហើយសព្វថ្ងៃនេះ ទទួលបានសុខសន្តិភាពក៏ដោយ ប៉ុន្តែកងទ័ព មិនត្រូវបោះបង់និងភ្លេចខ្លួននោះទេត្រូវតែហ្វឹកហាត់បង្កើនសមត្ថភាព ចំណេះ ជំនាញ និងអង្គអាចក្លាហានជានិច្ច។
ឯកឧត្តម អភិបាលខេត្ត ក៏បានកោតសរសើរដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រៅពីការងារស្នូល និងការងារជំនាញ លោកមេបញ្ជាការ បានដឹកនាំកងកម្លាំងធ្វើការងារសង្គមជាច្រើន ជាពិសេស ការងារមនុស្សធម៌ ផ្សារភ្ជាប់ជាមួយនឹងប្រជាពលរដ្ឋ។
ឯកឧត្តម ងួន រតនៈ បាន ថ្លែងអំរគុណចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជុំវិញខេត្ត ព្រមទាំងសប្បុរសជននានា ដែលបានចំណាយទាំងសម្ភារៈថវិកា ដើម្បីចូលរួមចំណែកជាមួយកងយោធពលខេមរភូមិន្ទ និងបានធ្វើឱ្យកងទ័ព មានលទ្ធភាពការពារបូរណភាពទឹកដី ជាតិមាតុភូមិ និងប្រជាជន ។
តាមរបាយការណ៍ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លទ្ធផលហ្វឹកហ្វឺនរៀនសូត្ររយៈពេល ៨៧ថ្ងៃ កន្លងទៅ សិក្ខាកាមចំនួន ១០០នាក់ និងក្រុមគ្រូយោធាចារ្យចំនួន ១០នាក់ ត្រូវដំណើរការបាញ់ស៊ីបគ្រាប់ពិត ប្រភេទអាវុធ AK៤៧ ដើម្បីវាស់ស្ទង់ពីកម្រិតយល់ដឹងក្នុងការប្រើប្រាស់ បច្ចេកទេសអាវុធស្វ័យប្រវត្តិ ដែលយោធិនគ្រប់រូប ត្រូវចេះស្ទាត់ សម្រាប់ការពារខ្លួន និងបាញ់កំទេចគោលដៅខ្មាំងសត្រូវ ក្នុងពេលប្រយុទ្ធនៅលើសមរភូមិ ៕
ដោយ ប៊ុន រដ្ឋា



