ថៃឃាត់ខ្លួនបុរស ៣នាក់ សង្ស័យលក់កាំភ្លើងឲ្យកុមារ ១៤ឆ្នាំ ដែលបាញ់រះក្នុងផ្សារទំនើប

បាងកក៖ ប៉ូលិសថៃបានចាប់ខ្លួនបុរសបីនាក់ ដែលត្រូវបានចោទប្រកាន់ពីបទលក់កាំភ្លើង និងគ្រាប់រំសេវ ទៅឱ្យក្មេងប្រុស អាយុ ១៤ ឆ្នាំម្នាក់ ដែលបានធ្វើសកម្មភាពបាញ់រះសម្លាប់មនុស្ស ក្នុងផ្សារទំនើបមួយ នៅទីក្រុងបាងកក។

លោក Nopasin Poonsawas ស្នងការរងនគរបាលក្រុងបាងកកបានថ្លែង នៅខាងក្រៅស្ថានីយ៍នគរបាលមួយថា យោងតាមភ័ស្តុតាង តុលាការបានចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ ដោយក្នុងនោះ ជនសង្ស័យពីរនាក់ គិតថា ជាអ្នកលក់កាំភ្លើង និងម្នាក់ទៀត គិតថា ជាអ្នកលក់គ្រាប់រំសេវ។

គួររម្លឹកថា ក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃអង្គារ សប្តាហ៍នេះ បន្ទាប់ពីគេបានប្រើប្រាសកាំភ្លើងបើកការបាញ់រះ នៅផ្សារទំនើបក្នុងក្រុងបាងកក ដែលបណ្តាលឲ្យមនុស្ស ២ នាក់ស្លាប់ និង ៥ នាក់រងរបួស បង្កឲ្យមានការភ័យស្លន់ស្លោ ក្នុងចំណោមអ្នកទិញទំនិញ រត់ចេញពីក្នុងអគារ ផ្អើលឆោឡោ នៅលើដងផ្លូវ។

ក្មេងរូបនេះត្រូវបានចោទប្រកាន់ ពីបទមនុស្សឃាត ជុំវិញការវាយប្រហារនេះ ខណៈប៉ូលិសសន្និដ្ឋានថា រូបគេមានជំងឺផ្លូវចិត្ត។

យោងតាមមូលដ្ឋានទិន្នន័យអន្តរជាតិបានឲ្យដឹងថា ប្រទេសថៃមានកាំភ្លើងប្រហែល ១០ លានដើម ដែលកំពុងចរាចរណ៍ ពោលគឺ កាំភ្លើងមួយដើម ក្របដណ្តប់ការប្រើប្រាស់ដោយប្រជាពលរដ្ឋ ៧ នាក់ ហើយត្រូវបានចាត់ទុកថា ជាអត្រាកម្មសិទ្ធិលើកាំភ្លើងខ្ពស់បំផុតមួយ នៅក្នុងតំបន់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner