គណបក្សនយោបាយចំនួន២០ ស្នើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា,ខណៈសម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍

ភ្នំពេញ៖ គណបក្សនយោបាយចំនួន២០ បានធ្វើលិខិតដាក់ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីស្នើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។ ការស្នើនេះ បានធ្វើឡើងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។ មេដឹកនាំគណបក្សនយោបាយទាំង២០ បានគោរពជម្រាបជូន សម្តេចតេជោ ហ៊ុន សែន ប្រធានប្រជាជនកម្ពុជាថា៖ គណបក្សយើងខ្ញុំទាំងអស់គ្នាដូចមានរាយឈ្មោះភ្ជាប់មកជាមួយនឹងសំណើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជានេះ មានគោលបំណងចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចប្រធាន ដែលបានដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព រក្សាបានស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេសរីកចម្រើនឥតឈប់ឈរ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមសារជាសំឡេងនៅសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះថា គណបក្សប្រជាជនកម្ពុជា ពេញចិត្តជាមួយនឹងការចងសម្ព័ន្ធភាពលើមូលដ្ឋាននៃការគោរពឯករាជ្យភាពនៃគណបក្សរៀងៗខ្លួន។ គណបក្សប្រជាជនកម្ពុជា មិនព្យាយាមដើម្បីត្រួតត្រាទៅលើគណបក្សនយោបាយដទៃទេ។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ពេញចិត្តនឹងធ្វើការជាមួយគណបក្សផ្សេងទៀតដោយគោរពនូវឯករាជ្យរបស់គណបក្សទាំងអស់ ហើយចាត់ទុកគណបក្សទាំងអស់ជាដៃគូរស្មើភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា។

សូមជម្រាបថា កាលពីថ្ងៃទី១០ ខែតុលា មានគណបក្សនយោបាយនៅកម្ពុជាចំនួន១៣ បានធ្វើលិខិតផ្លូវការស្នើសុំចងសម្ព័ន្ធភាព ជាមួយគណបក្សប្រជាជនកម្ពុជា។ គណបក្សនយោបាយទាំង១៣ រួមមាន៖ គណបក្ស កម្លាំងប្រជាធិបតេយ្យ គណបក្សរស្មីខេមរា គណបក្ស ធម្មាធិបតេយ្យ គណបក្សនគរប្រជាធិបតេយ្យ គណបក្ស មហាសាមគ្គីជាតិខ្មែរ គណបក្ស អំណាចប្រជាពលរដ្ឋ គណបក្សកម្ពុជាសេរី ឯករាជ្យប្រជាធិបតេយ្យ គណបក្ សចលនាប្រជាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សខ្មែរក្រោក គណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សខ្មែរអង្គរ និងគណបក្សសាធារណរដ្ឋ។ ដោយឡែកគណបក្សនយោបាយជាច្រើនបានស្នើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា មានដូចជា៖ ១.គណបក្សកម្លាំងប្រជាធិបតេយ្យ ២.គណបក្សរស្មីខេមរា ៣. គណបក្សធម្មាធិបតេយ្យ ៤.គណបក្សនគរប្រជាធិបតេយ្យ ៥.គណបក្សមហាសាមគ្គីជាតិខ្មែរ ៦.គណបក្សអំណាចប្រជាពលរដ្ឋ ៧.គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ ៨.គណបក្សចលនាប្រជាធិបតេយ្យ ៩.គណបក្សឯកភាពជាតិខ្មែរ ១០.គណបក្សខ្មែរក្រោក ១១.គណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ច ១២.គណបក្សខ្មែរអង្គរ ១៣.គណបក្សខ្មែរសាធារណរដ្ឋ ១៤.គណបក្សខ្មែរតែមួយ ១៥.គណបក្សខ្មែរអភិរក្ស ១៦.គណបក្សសញ្ជាតិកម្ពុជា ១៧.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ១៨.គណបក្សយុវជនកម្ពុជា ១៩.គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និង២០.គណបក្សស្ត្រីដើម្បីស្ត្រី៕
ដោយ៖ពលជ័យ

ads banner