ប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង ចំនួន ២.១០១ គ្រួសារ រស់នៅខណ្ឌដង្កោ បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្ដម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចុះសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងចំនួន ២.១០១គ្រួសារទៀត រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៣ ។

ពិធីសំណេះសំណាល និងចែកអំណោយខាងលើនេះ បានប្រព្រឹត្តទៅក្រោមវត្តមាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលធ្វើឡើងនៅទីតាំងចំនួន ២ គឺ ៖ ទីតាំងទី១ នៅវត្តកំពង់ក្ដុល សម្រាប់ប្រជាពលរដ្ឋ ១៥៤៨គ្រួសារ មកពីសង្កាត់សាក់សំពៅ, ព្រៃវែង, គងនយទាន, ក្រាំងពង្រ និង សង្កាត់ស្ពានថ្ម។ ទីតាំងទី២ នៅវត្តព្រែកថ្លឹង សម្រាប់ប្រជាពលរដ្ឋ ៥៥៣គ្រួសារ មកពីសង្កាត់ព្រែកកំពឹស, ជើងឯក, ដង្កោ និងសង្កាត់ព្រៃស ។

ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ថា “ការនាំយកអំណោយមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះក្នុងឱកាសនេះ គឺជាការផ្សារ ភ្ជាប់មនោសញ្ចេតនារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងពិតជាបាន ឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ដែលតែងតែរួមសុខទុក្ខ ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សក្ដិសមទៅនឹងការប្រសិទ្ធនាមថា មាតាមនុស្សធម៌ របស់កម្ពុជា។

លោកជំទាវ ម៉ែន នារីសោភ័គ ក៏បានពាំនាំនូវការផ្តាំផ្ញើពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពេលរដូវភ្លៀង និងពេលមានទឹកជំនន់បែបនេះ សូមគិតគូរពីសុវត្ថិភាព និងអាយុជីវិតរបស់បងប្អូន និងក្រុមគ្រួសារផ្ទាល់ ជាពិសេស គ្រួសារណាដែលមានក្មេងតូចៗ ឬមនុស្សចាស់ និងត្រូវប្រុងប្រយ័ត្នពីសត្វអសិរពិសផងដែរ។ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាអនាម័យ បរិភោគស្អាត ប្រុងប្រយ័ត្នជំងឺផ្សេងៗដែលបង្ក ឡើងដោយទឹក ហេតុដូចនេះ សូមបងប្អូនពិសាទឹកដាំឆ្អិនល្អ ហើយនៅពេលដែលទឹកស្រកទៅវិញ ក៏សូមបងប្អូនសម្អាត ទីលំនៅដ្ឋានរបស់បងប្អូនឱ្យបានស្អាត មុនពេលចូលទៅរស់នៅវិញ។ ទន្ទឹមនឹងនេះ ក៏សូមប្រុងប្រយ័ត្នពីជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនឈីក ដោយត្រូវសម្រាកក្នុងមុងជានិច្ច ហើយថ្មីៗនេះទៀតគឺជំងឺភ្នែកក្រហម ដែលបងប្អូនប្រជាពលរដ្ឋត្រូវ យកចិត្តទុកដាក់ប្រុងប្រយ័ត្នផងដែរ។ ចំពោះបងប្អូនស្ត្រីដែលមានផ្ទៃពោះ សូមរកកន្លែងមានសុវត្ថិភាព និងទៅពិនិត្យផ្ទ ពោះឱ្យបានទៀងទាត់ និងទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិត ។

សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ លោកជំទាវ ម៉ែន នារីសោភ័គ និងឯកឧត្តម ឃួង ស្រេង ក៏បាននាំយក ទេយ្យទានរបស់កាកបាទក្រហមកម្ពុជា ប្រគេនដល់វត្តកំពង់ក្ដុល និងវត្តព្រែកថ្លឹង ផងដែរ ដោយវត្តនីមួយៗប្រគេន អង្ករ ១០០គីឡូក្រាម មី, ត្រីខ, ទឹកស៊ីអីវ, ទឹកត្រី, ទឹកក្រូច, ទឹកសុទ្ធ និងបច្ច័យ មួយចំនួន ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner