អ៊ីស្រាអែលព្រមានក្រុម Hezbollah ប្រឆាំងនឹងការបង្កសង្គ្រាមថ្មី

ហ្ស៊េរុយសាឡឹម៖ មេដឹកនាំអ៊ីស្រាអែល នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានព្រមានថា ក្រុម Hezbollah នៅលីបង់ នឹងបង្កកំហុសក្នុងជីវិតរបស់ខ្លួន ប្រសិនបើពួកគេចាប់ផ្តើមសង្គ្រាមជាមួយអ៊ីស្រាអែល ខណៈដែលភាពតានតឹងបានកើនឡើងនៅតាមព្រំដែនអ៊ីស្រាអែល និងលីបង់។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានគូសបញ្ជាក់ថា ប្រសិនបើក្រុម Hezbollah ព្យាយាម និងចូលរួមក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស នោះវានឹងក្លាយជាការបង្កកំហុសក្នុងជីវិតរបស់ខ្លួន។ លោក ណឺតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ថា យើងនឹងវាយប្រហារពួកគេដោយកម្លាំងដែលក្រុមនេះមិនអាចនឹកស្មានដល់ ហើយផលប្រយោជន៍របស់ពួកគេ និងរដ្ឋលីបង់ នឹងត្រូវរងការបំផ្លិចបំផ្លាញ។

ការព្រមានរបស់មេដឹកនាំអ៊ីស្រាអែលរូបនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលចុះអធិការកិច្ចមូលដ្ឋានកងទ័ពនៅជិតព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែលជាមួយប្រទេសលីបង់ ជាទីមានការបាញ់ផ្លោងឆ្លងដែនដាក់គ្នាទៅវិញទៅមក ដែលកំពុងបង្កការភ័យខ្លាចពីការផ្ទុះរាលដាលសង្គ្រាមកាន់តែធំ។

ជុំវិញបញ្ហានេះដែរ នាយករដ្ឋមន្ត្រីលីបង់ លោក ណាជីប មីកាទី បាននិយាយនៅថ្ងៃអាទិត្យថា កិច្ចខិតខំប្រឹងប្រែងការទូតកំពុងដំណើរការ ដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ និងការពារជម្លោះនៅហ្កាហ្សា រីករាលដាលកាន់តែធំឡើង និងថា សម្ព័ន្ធមិត្តរបស់លីបង់កំពុងខិតខំប្រឹងប្រែងធ្វើឱ្យស្ថានការណ៍វិលមកធម្មតាវិញ។

សូមរម្លឹកថា ក្រុម Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ បានប្រយុទ្ធក្នុងសង្គ្រាមជាមួយអ៊ីស្រាអែលក្នុងឆ្នាំ២០០៦ ហើយជាលទ្ធផលនោះ មនុស្សច្រើនជាង១,២០០នាក់បានស្លាប់នៅលីបង់ ភាគច្រើនជាជនស៊ីវិល និង១៦០នាក់បានស្លាប់នៅអ៊ីស្រាអែល ភាគច្រើនជាទាហាន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner