លោក សែម ផល្លា ៖ AIA Pink Run អបអរជោគជ័យ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ អ្នកចូលរួមរត់មានសន្ទុះកើនខ្លាំងជាង ៣៦០០នាក់

ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡារត់ប្រណាំងកម្សាន្ត AIA Pink Run ដើម្បីអបអរសាទរជោគជ័យដ៏ត្រចះត្រចង់នៃព្រឹត្តិការណ៍ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (SEA Games-ASEAN Para Games) ឆ្នាំ២០២៣ និងរត់កម្សាន្ត ដើម្បីសប្បុរសធម៌ និងកាត់បន្ថយជំងឺមហារីកសុដន់ (AIA Pink Run) ត្រូវបានប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅមុខសួនច្បារវត្តបទុមវត្តី រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមរត់ប្រកបដោយស្នាមញញឹមសប្បាយរីករាយជាង ៣៦០០នាក់ ខណៈនាយករៀបចំបានចាត់ទុកថា នេះជាសន្ទុះគាំទ្រ ខ្លាំងក្លាបំផុតមិនធ្លាប់មាន ។

ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍កីឡារត់ប្រណាំងកម្សាន ដើម្បីអបអរសាទរសមិទ្ធផល និងជោគជ័យ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត “AIA” រៀបចំកម្មវិធីរត់កម្សាន្ត ដើម្បីអបអរសាទរជោគជ័យដ៏ត្រចះត្រចង់នៃព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំថ្មីៗនេះ ក្រោមប្រធានបទ “កីឡារស់ក្នុងសន្តិភាព”។

ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ថោង ខុន បន្តថា យើងទាំងអស់រត់កម្សាន្ត ដើម្បីសប្បុរសធម៌ និងកាត់បន្ថយជំងឺមហារីកសុដន់ រត់ដើម្បីភាពស្អាត និងបៃតង ពិសេសរត់ដើម្បីសុខភាព សាមគ្គីភាព និងមិត្តភាព។ ព្រឹកនេះ អត្តពលិកជាតិ-អន្តរជាតិ បានចូលរួមរត់កម្សាន្តទាំងអស់ ចំនួន ៣,៦០១ នាក់ ក្នុងនោះ អត្តពលិកជាតិ ចំនួន ៣,៣៥០ នាក់ និងអ្នករត់បរទសស្នាក់នៅកម្ពុជា ចំនួន ២៥១នាក់។ «សូមអ្នករត់កម្សាន្តទាំងអស់ គោរពគ្នាទៅវិញទៅមក គោរពបទបញ្ហាបច្ចេកទេស ប្រុងប្រយ័ត្នគ្រោះថ្នាក់ជាយថាហេតុ និងសូមរត់ដោយក្តីមោទនៈ និងសប្បាយរីករាយ។ កីឡារស់ក្នុងសន្តិភាព” “ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត” សូមជួបគ្នាម្តងទៀត នាឆ្នាំ២០២៤»។

ថ្លែងក្រោយបញ្ចប់ព្រឹត្តិការណ៍រត់កម្សាន្តនេះ លោក សែម ផល្លា នាយកចាត់ការទូទៅព្រឹត្តិការណ៍កីឡារត់ប្រណាំងរបស់កម្ពុជាគូសបញ្ជាក់ថា AIA Pink Run មានអ្នករត់ជាតិ និងអន្តរជាតិជាង ៣៦០០នាក់ ដោយចំនួនដ៏ច្រើននេះបញ្ជាក់ឲ្យឃើញពីទឹកចិត្តរបស់កីឡាករ កីឡាការិនី ប្រជាជនកម្ពុជាយើងស្រឡាញ់ និងមានមោទនភាពចូលរួមរត់ប្រណាំង ។

ជារួម នាយកចាត់ការទូទៅទិវារត់ប្រចាំកម្ពុជារូបនេះបានចាត់ទុកថា ចំនួនកើនឡើងក្នុងទិវារត់ប្រណាំងមួយនេះ ក៏បានបង្ហាញពីទឹកចិត្តស្រឡាញ់ចូលរួមរបស់ប្រជាជនកម្ពុជា ដោយពួកគាត់កាន់តែយល់ដឹងពីការចូលរួមចំណែកក្នុងសង្គមជាតិ តាមរយៈវិស័កីឡា ជាសេសគឺប្រជាជនកម្ពុជាកាន់តែយល់ដឹងកាន់តែស៊ីជម្រៅនៃចូលរួមលេងកីឡា ការរត់ប្រណាំង ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ស្របពេលដែលឪពុកម្តាយមួយចំនួនបាននាំកូនតូចៗចូលរួមរត់ប្រណាំងកម្សាន្ត ដើម្បីបណ្តុះស្មារតីស្រឡាញ់កីឡា ដល់កុមារ និងយុវជនកម្ពុជាឲ្យចូលរួមក្នុងសកម្មភាពកីឡាកាន់តែច្រើនឡើងបន្ថែមទៀត៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner