សកម្មជនប្រឆាំងពីរនាក់ត្រូវបានចាប់ខ្លួន ជុំវិញការស្លាប់របស់ប៉ូលិសបង់ក្លាដែស
ដាក្កា៖ក្រោយមានការមិនពេញចិត្តចំពោះការដឹកនាំប្រទេសបច្ចុប្បន្ន សកម្មជនប្រឆាំងបានធ្វើបាតុកម្មទាមទារឱ្យលោកស្រីនាយករដ្ឋមន្ត្រីចុះចេញពីតំណែង។ បាតុកម្មនោះ បានបង្កចេញជាអំពើហិង្សា រហូតធ្វើឱ្យមានមនុស្សរបួស និងស្លាប់ ក្នុងនោះក៏មានប៉ូលិសបង់ក្លាដែសម្នាក់បានបាត់បង់ជីវិតផងដែរ។
ក្រោយការស្លាប់របស់មន្ត្រីប៉ូលិសរូបនោះ អាជ្ញាធរបង់ក្លាដែសបានស៊ើបរកជនបង្ក និងទីបំផុតបានចាប់ខ្លួនសកម្មជនពីររូបមកឃុំខ្លួន ព្រមទាំងបាននាំអគ្គលេខាធិការបក្សប្រឆាំង គឺលោក Mirza Alamgir មកសាកសួរផងដែរ។
ទាក់ទិននឹងករណីនេះ ស្នងការប៉ូលិសក្រុង Dhaka លោក Habibur Rahman បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា ៖ «យើងនឹងអនុវត្តការផ្តន្ទាទោសដ៏តឹងរ៉ឹងបំផុត សម្រាប់អ្នកដែលជាប់ពាក់ព័ន្ធក្នុងការសម្លាប់មន្ត្រីរបស់យើង»។
ដោយឡែក បើតាមប្រភពពីប៉ូលិសបាននិយាយថា ម្នាក់ក្នុងចំណោមសកម្មជនទាំងពីរដែលត្រូវបានចាប់ខ្លួន គឺជាមេដឹកនាំយុវជននៃគណៈបក្សប្រឆាំង Bangladesh National Party (BNP) ខណៈសមាសភាពសកម្មជនម្នាក់ទៀត មិនត្រូវបានគេបញ្ជាក់។
ចំណែកគណបក្ស BNP មិនបានធ្វើអត្ថាធិប្បាយអំពីការស្លាប់របស់មន្ត្រីរូបនេះទេ ផ្ទុយទៅវិញ បានអំពាវនាវឱ្យអ្នកគាំទ្របិទផ្លូវរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃអង្គារតទៅ ដើម្បីតវ៉ាឱ្យដោះលែងសកម្មជនខ្លួនមកវិញ។
មិនត្រឹមតែប៉ុណ្ណោះ បក្សប្រឆាំងនេះបានអះអាងថា សកម្មជនរបស់ខ្លួនម្នាក់ក៏ត្រូវបានសម្លាប់ដោយការវាយប្រហារដោយកាំភ្លើងនៅក្នុងការតវ៉ាកាលពីថ្ងៃសៅរ៍ ខណៈដែលប៉ូលិស និងពេទ្យបានបញ្ជាក់ថា សកម្មជនរូបនោះស្លាប់ដោយជំងឺគាំងបេះដូង។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Asaduzzaman Khan បាននិយាយថា ករណីហិង្សានេះកំពុងត្រូវបានប្តឹង ខណៈដែលប្រជាជនបង់ក្លាដែសព្រួយបារម្ភអំពីភាពចលាចលផ្នែកនយោបាយ និងការចំណាយ ប្រចាំថ្ងៃដែលចេះតែកើនឡើងជាលំដាប់។
សូមបញ្ជាក់ថា ក្រុមអ្នករិះគន់បានចោទប្រកាន់លោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina ដែលកាន់អំណាចតាំងពីឆ្នាំ ២០០៩មកនោះ ថាជាអ្នកដឹកនាំដែលដើរតាមរបបផ្តាច់ការ មានការក្លែងបន្លំលើសន្លឹកឆ្នោត រំលោភសិទ្ធិ និងបានចាប់ខ្លួនអ្នកប្រឆាំងដាក់គុកជាដើម។
គណបក្ស BNP ចង់ឱ្យ Hasina ចុះចេញពីដំណែង ហើយចង់ឱ្យការបោះឆ្នោតសភាលើកក្រោយ ធ្វើឡើងនៅខែមករា ឆ្នាំ២០២៤ ក្រោមការរៀបចំរបស់រដ្ឋាភិបាលចាំផ្ទះដែលមានភាពអព្យាក្រឹត ប៉ុន្តែត្រូវបានលោកស្រីនាយករដ្ឋមន្ត្រីច្រានចោលសំណើនេះ។
គួររំលឹកផងដែរថា មនុស្សជាង ១០០ នាក់ រួមទាំងប៉ូលិស អ្នកកាសែតបានរងរបួស ហើយរថយន្តជាច្រើនគ្រឿងត្រូវបានដុតបំផ្លាញ ក្នុងហេតុការបាតុកម្មកាលពីថ្ងៃទី ២៨ ខែតុលាឆ្នាំ២០២៣កន្លងទៅ៕
ប្រែសម្រួល៖កែវ បុស្បា
ប្រភព៖ Opposition activists held over policeman’s death in Bangladesh protest