អា​មេរិក​ និង​កូរ៉េខាង​ត្បូង​ ចាប់​ផ្ដើម​សមយុទ្ធ​​កង​ទ័ព​អាកាស​ ចំ​ពេល​កូរ៉េខាង​ជើង​ពង្រឹង​ប្រតិបត្តិការ​យោធា​ជាមួយ​រុស្ស៊ី​

អាមេរិក៖សហរដ្ឋ​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​ បាន​ចាប់​ផ្តើម​សម​យុទ្ធ​ដែន​អាកាស​​ទ្រង់​ទ្រាយ​ធំ​កាល​ពី​ថ្ងៃ​ច​ន្ទ​ ដោយ​​ប្រើ​​​​យន្តហោះ​ចម្បាំង​ចំនួន​ ១៣០ ​គ្រឿង​​របស់​​ប្រទេស​ទាំង​​ពីរ​ដើម្បី​​ធ្វើ​ត្រាប់​​ប្រតិបត្តិការ​សង្គ្រាម​រយៈ​ពេល​ ២៤​ ម៉ោង​។​ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

​កង​ទ័ព​អាកាស​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា​ សមយុទ្ធ​ប្រចាំ​ឆ្នាំ​ដែល​មាន​ឈ្មោះ​ថា​ Vigilant Defence ​នឹង​ដំណើរការ​រហូត​ដល់​ថ្ងៃ​សុក្រ​ ​​ដោយ​មាន​ទាំង​​យន្តហោះ​​ចម្បាំង​​បំបាំង​កាយ​ F-35 ​ទាំង​ពី​សហរដ្ឋ​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​។  ​

​សម​យុទ្ធ​នេះ​ មាន​គោល​បំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​អន្តរប្រតិបត្តិការ​រវាង​យោធា​​នៃ​ប្រទេស​ទាំង​ពីរ​ ដោយ​អនុវត្ត​បេសកកម្ម​តាម​ផ្លូវ​អាកាស​សំខាន់​ៗ​ ដូ​ច​ជា​សមយុទ្ធ​បាញ់​គ្រាប់​ពិ​ត​ពី​អាកាស​ទៅ​ដី​ ប្រតិបត្តិការ​កា​រ​ពារ​ដែន​អាកាស ​និង​ការ​ហ្វឹក​ហ្វឺន​សង្គ្រោះ​បន្ទាន់​ជាដើម​។ ​

​យោធា​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ​​៖ «​យើង​នឹង​រក្សា​ការ​ត្រៀម​ខ្លួន​ប្រយុទ្ធឱ្យ​បាន​​បំផុត​ ដើម្បី​ឆ្លើយ​តប​ភ្លាម​ៗ​ និង​ដាក់​ទណ្ឌកម្ម​យ៉ាង​​ពេញ​ទំហឹង​​ចំពោះ​ការ​បង្ក​ហេតុ​ណាមួយ​របស់​សត្រូវ​ តាម​រយៈ​ការ​ហ្វឹក​ហ្វឺន​​យ៉ាង​ម៉ឺង​ម៉ាត់​​មួយ ​ដែល​ត្រាប់​​ធ្វើ​តាម​ស្ថានភាព​ជាក់​ស្តែង​»​។

គេ​មើល​ឃើញ​ថា​ សម​យុទ្ធ​​នា​ពេល​នេះ​ប្រព្រឹត្ត​ទៅ​​ខណៈ​កូរ៉េ​ខាង​ជើង​​បង្កើន​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​រុស្ស៊ី​ ជា​អ្វី​ដែល​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​នៅ​អាស៊ី​​បាន​ថ្កោល​ទោស​ ថា​ជា​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កូរ៉េខាង​ជើង​​​ក្នុង​ការ​បង្កើន​សមត្ថភាព​យោធា​របស់​ខ្លួន​ ជា​ថ្នូរ​នឹង​ការ​ផ្ដល់​​អាវុធ​ដល់​រុស្ស៊ី​។

ចំណែករដ្ឋ​មន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ជើង​ លោក​ Choe Son Hui ​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ វា​គឺ​ជា​​ឆន្ទៈ​ដ៏​ខ្ជាប់​ខ្ជួន​រ​បស់​ទីក្រុង​ព្យុងយ៉ាង ​ក្នុង​ការ​ពង្រីក​ទំនាក់​ទំនង​ជាមួយ​រុស្ស៊ី​ ដោយ​បន្ថែម​ថា​ ទំនាក់​ទំនង​របស់​ប្រទេស​ទាំង​២​​ នឹង​ដើរ​តួ​ជា​ធាតុផ្សំ​នៃ​​​យុទ្ធ​សាស្ត្រ​ដ៏​មាន​ឥទ្ធិពល​​ ប្រសិន​បើ​សន្តិសុខ​ក្នុង​តំបន់​មាន​គ្រោះ​ថ្នាក់​។​

គួរ​​បញ្ជាក់​ថា​ ភាព​តាន​តឹង​ក្នុង​តំបន់​បន្ត​កើន​ឡើង​ ជុំ​វិញ​ការ​បង្កើន​ការ​បាញ់​សាក​ល្បង​អាវុធ​របស់​កូរ៉េខាង​ជើ​ង​ដែល​ប្រដាប់​ដោយ​នុយក្លេអ៊ែរ​ ​ក៏​ដូច​ជា​ការ​បង្កើន​សកម្មភាព​យោធា​របស់​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​។

កូរ៉េខាង​ជើង​ទទូច​ថា​ សមយុទ្ធ​ក្នុង​តំបន់​របស់​អាមេរិក​រួម​ជាមួយ​ជប៉ុន​ ឬ​កូរ៉េខាង​ជើង ​គឺ​ជាការ​ហាត់​សម​ធ្វើ​​សង្រ្គាម​ដើ​ម្បី​ត្រៀម​ខ្លួន​ឈ្លាន​ពាន​កូរ៉េខាង​ជើង ខណៈ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​ដដែល​ លើក​ឡើង​ថា​ ស​ក​ម្ម​ភាព​យោថា​​ទាំង​អស់​ ​គ្រាន់​តែ​ទុក​​ការ​ពារ​ខ្លួន​ ក៏​ដូច​ជា​ការ​បង្ហាញ​សកម្មភាព​ប្រឆាំង​នឹង​​ការ​គំរាម​កំហែ​ង​របស់​ក្រុង​ព្យុងយ៉ាង​ប៉ុណ្ណោះ​៕​

ប្រែសម្រួល៖ហួន ឌីណា

ប្រភព​៖ US, South Korean warplanes kick off joint air drills

ads banner