ក្រសួងសង្គមកិច្ច ប្រកាសដាក់ឱ្យ​ប្រើប្រាស់បណ្ណសម្គាល់ជនមានពិការភាព ដល់ជនមានពិការភាព

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងសង្គមកិច្ច អតីតយុទ្ធជន​ និងយុវនីតិសម្បទា បានប្រកាសដាក់ឱ្យ​ប្រើប្រាស់បណ្ណសម្គាល់ជនមានពិការភាពដល់ជ​ន​មានពិការភាពនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២​០២​៣ក្រោមអធិបតីភាពឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ​។

មានប្រសាសន៍ក្នុងពិធីនេះឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា បណ្ណសម្គាល់ជនមានពិការភាព គឺដើម្បីបង្កលក្ខណៈងាយស្រួ​លដល់ជនមានពិការភាព ក្នុងការចូលរួមសកម្មភាពសង្គម សេដ្ឋកិច្ច និងទទួលបានអត្ថប្រយោជន៍ពីវិស័យសាធារណៈ, វិស័​យឯកជន, អង្គការសង្គមស៊ីវិល និងអ្នកផ្តល់សេវាផ្សេងៗ ប្រកបដោយសមធម៌។

ឯកឧត្តម​បានបញ្ជាក់ថា ៖ «ពិតណាស់ថា ថ្វីត្បិតតែយើងសម្រេចបានសមិទ្ធផលយ៉ាងធំធេងទៅលើវិស័យសុខមាល​ភាពរ​បស់​ជនពិការយ៉ាងណាក៏ដោយ ក៏បងប្អូនជនមានពិការភាពនៅមានឧបសគ្គជាច្រើនទៀត ដែលយើងត្រូវបន្តយកចិត្តទុក​ដា​ក់ដោះស្រាយបញ្ហាទាំងនោះឱ្យកាន់តែទូលំទូលាយ និងក្តាប់បានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ»។

ជាមួយគ្នានោះដែរ លោក​ Will Parks នាយកអង្គការយូនីសេហ្វ (UNICEF) បានមានប្រសាសន៍ដែរ​ថា នៅក្នុងឆ្នាំ២០២​០ ដោយសារមានការគាំទ្រពីសហភាពអឺរ៉ុប អង្គការយូនីសេហ្វ( UNICEF) បានផ្តល់ការគាំទ្របច្ចេកទេសដល់ក្រសួងសង្គមកិច្ចក្នុងការបំ​ពាក់បំប៉ន ដល់មន្រ្តីរដ្ឋាភិបាលប្រមាណជាង ៤ ០០០ នាក់ ចំពោះជំនាញចាំបាច់ក្នុងការចុះឈ្មោះ និងកំណត់អត្តសញ្ញា​ណជនមានពិការភាពនៅទូទាំង ១ ៦៥២ ឃុំសង្កាត់។

លោកបានបន្ថែមថា ការធ្វើបែបនេះ គឺដើម្បីអនុវត្តនូវការកំណត់អត្តសញ្ញាណជនមានពិការភាពតាមប្រព័ន្ធឌីជីថលទូទាំងងប្រទេស ដោយប្រើប្រាស់អេប(App) ទូរសព្ទ និងកម្មវិធីថ្នាលនៅលើគេហទំព័រ សម្រាប់ចុះឈ្មោះជនមានពិការភាពប្រមាណ២៨ម៉ឺននាក់ និងកំណត់អត្តសញ្ញាណជនមានពិការភាពប្រមាណ២៦ម៉ឺននាក់បន្ថែមទៀតនៅក្នុងប្រព័ន្ធគ្រប់គ្រងជនមានពិការភាពនេះ។

លោក Will Parks បានបញ្ជាក់ថា ៖ «យើងរំពឹងទុកថា ជនមានពិការភាពដែលបានកំណត់អត្តសញ្ញាណទាំងអស់នេះ ជាពិ​សេសជនមានពិការភាព ដែលគាត់មកពីគ្រួសារដែលកាន់នូវបណ្ណក្រីក្រ នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីគាំពារស​ង្គម ដែលរាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងអំឡុងខែធ្នូ ឆ្នាំនេះ»។

ឯកឧត្តម សន សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានស្តាសម្បទា ក៏​បានថ្លែង​ឱ្យដឹងដែរថា​ កន្លងទៅក្រសួងសង្គមកិច្ចបានធ្វើកំ​ណត់អត្តសញ្ញាណកម្មជនពិការក្រីក្រតាមរយៈសាលាកបត្រព័ត៌មានពិការភាព ដែលអនុវត្តដោយក្រុមការងារសង្កាត់ឃុំក្នុង​គោលបំណងផ្តល់ប្រាក់របបគោលនយោបាយជាផ្លូវការជូនដល់ជនពិការក្រីក្រដោយគ្មានលក្ខខណ្ឌ ប៉ុន្តែការធ្វើបែបនេះ​មានការយឺតយ៉ាវ។

លោកបានបញ្ជាក់ថា ៖ «​ការប្រើប្រាស់ទិន្នន័យ គឺសម្រាប់កំណត់ក្រុមគោលដៅនៃកម្មវិធីប្រព័ន្ធគាំពារសង្គម និងសេវាសង្គមផ្សេងៗទៀត ប្រកបដោយសមធម៌ និងបរិយាបន្ន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបានជួយជំ​រុញការអនុវត្តន៍​កម្មវិធីអត្តសញ្ញាណកម្មជនមានពិការភាពឱ្យមានសន្ទុះគួរឱ្យកត់សម្គាល់ ក្នុងនោះជនពិការមានចំនួន ២​៨៨ ៦៩០នាក់ត្រូវបានកំណត់អត្តសញ្ញាណកម្មនៅតាមសង្កាត់ឃុំ និងបានផលិតបណ្ណសម្គាល់ជនពិការបានចំនួន២ ២២១ ១៤៨ បណ្ណ ស្មើនឹង៣២ភាគរយនៃទូទាំងប្រទេស គិតត្រឹមថ្ងៃ២៣ ខែតុលា ឆ្នាំ២០២៣»។

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ២០២ អ.ន.ក្រ.បក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការកំណត់អត្តសញ្ញាណកម្មជនពិការតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន និងប្រកាសលេខ២២៧ សអយ ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០​២​៣ ស្តីពីការដាក់ឱ្យប្រើប្រាស់បណ្ណសម្គាល់ជនមានពិការភាព ដើម្បីរៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្ម ជ​នមានពិការភាពឱ្យមានបទដ្ឋានរួមមួយប្រកបដោយសង្គតិភាពតាមប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ការគ្រប់គ្រងជនមានពិការភា​ពជាមូលដ្ឋានកំណត់ និងក្រុមគោលដៅជនមានពិការភាព ក្នុងការលើកកម្ពស់ជីវភាព និងការទទួលសេវាសង្គម ការអ​ភិវឌ្ឍន៍​ដល់ជនមានពិការភាព។

បើតាមរបាយការណ៍របស់លោក សន សុផល គិតមកដល់ឆ្នាំ២០២៣នេះ កម្មវិធីផ្តល់ប្រាក់របបគោលនយោបាយចំពោះជនក្រីក្រតាមសហគមន៍ពង្រីកបាន ២៥ រាជធានីខេត្ត ស្មើនឹង ៦០ក្រុង-ស្រុក-ខណ្ឌ ដែលជនពិការក្រីក្រតាមសហគមន៍ទទួលរបបចំនួន ១៩ ៨៧៤នាក់។

បើតាមក្រសួងសង្គមកិច្ច បណ្ណសម្គាល់ជនមានពិការភាព ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ដល់ប្រជាពលដ្ឋកម្ពុជា ដែលមា​នពិការភាពអចិន្ត្រៃយ៍ ដែលមានទីលំនៅពិតប្រាកដ ហើយបានចូលរួមក្នុងដំណើការកំណត់អត្តសញ្ញាណកម្មជនមានពិការភាព និងមានលក្ខណៈវិនិច្ឆ័យគ្រប់គ្រាន់។ បណ្ណនេះ ចែកចេញជា៣កម្រិតរួមមាន កម្រិតធ្ងន់, កម្រិតមធ្យម និងកម្រិ​តស្រាល ដោយមានសុពលភាពនៅពេលណាទិន្នន័យអត្តសញ្ញាណកម្មជនមានពិការភាពត្រូវបានលុបចេញពី ប្រព័ន្ធបច្ចេ​ក​ទេសម្រាប់ការគ្រប់​គ្រងជនពិការ៕

ដោយ៖​វណ្ណ សុជាតា

ads banner