ក្រសួងអប់រំ៖ក្រសួងត្រៀមរួចរាល់អស់ហើយ និងផ្តាំផ្ញើឱ្យ បេក្ខជនត្រូវថែទាំសុខភាព ,រំលឹកមេរៀនដើម្បីទទួលជោគជ័យ
(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងអប់រំយុវជន និងកីឡាបាន ឱ្យដឹងថា គិតមកដល់ពេលនេះក្រសួងបានត្រៀមរួចរាល់ហើយ និងបានធ្វើការផ្តាំផ្ញើជូនដល់បេក្ខជន ដែលត្រូវប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុបដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ០៦ ,០៧ខែវិច្ឆិកា ឆ្នាំ២០២៣នេះត្រូវចេះ ថែទាំ សុខភាព និង ពិសេសត្រូវរំលឹកមេរៀនឱ្យបានច្បាស់លាស់ ដើម្បី ទទួលជោគ ជ័យក្នុងការប្រឡងដែលកាន់តែខិតជិតមកដល់នេះ។
ថ្លែងបញ្ជាក់ប្រាប់ AMS នារសៀលថ្ងៃទី ១ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ លោកជំទាវ បណ្ឌិត ឃួន វិច្ឆិកា មន្រ្តីនាំពាក្យ ក្រសួងអប់រំយុវជន និង កីឡាបានឱ្យដឹងថា៖”ពេលនេះនៅសល់ត្រឹមតែ ៥ថ្ងៃ ទៀត ទេការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងមកដល់ បេក្ខជនត្រូវតែចេះត្រៀមខ្លួនឱ្យរួចរាល់ក្នុងចៀសវាងដល់ពេលថ្ងៃប្រឡងមានបញ្ហាសុខភាព ឬមានអ្វីមួយដែលនាំរំខានដល់ការ ប្រឡងដ៏មានសារៈសំខាន់បំផុតក្នុងជីវិតមួយនេះ។
បេក្ខជនត្រូវទៅមើលឈ្មោះដែលបានបិទផ្សាយកន្លងមក(ថ្ងៃទី៣០ ខែតុលា) និងពិសេសថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ២០២៣ ដែលមានបិទតាមមណ្ឌលប្រឡងក្នុងនេះមានបញ្ជាក់ពីបន្ទប់ប្រឡង និងលេខតុជាដើមដើម្បីចៀសវាងមិនបានស្គាល់បន្ទប់ប្រឡង លេខតុរបស់ខ្លួនដែលធ្វើឱ្យជួបបញ្ហាហើយមិនអាចប្រឡងបាននាំឱ្យត្រូវធ្លាក់ដែលជាការមួយគួឱ្យសោកស្តាយបំផុត។
មន្រ្តីនាំពាក្យរូបនេះបានលើកឡើងដោយបញ្ជាក់ដែរថា៖ចំពោះ មណ្ឌល ប្រឡងមួយចំនួនដែលប្រឈមនឹងទឹកជំនន់ក៏ត្រូវបាន ក្រសួងធ្វើការផ្លាស់ប្តូរដើម្បីរកទីសុវត្តិភាពសំដៅឱ្យការប្រឡងប្រព្រឹត្តិទៅរលូន និង ទទួលជោគជ័យនៅថ្ងៃខាងមុខ។
ទាក់ទិនក្នុងការប្រឡងបាក់ឌុបនេះដែរឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានឱ្យដឹងកាលពីថ្មីៗនេះថា៖”ចំពោះដំណើរការសំណេរប្រឡង ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ដំណើរការកំណែប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ជាមួយគ្នាក្រសួងនឹងកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងៗនៅ ទូទាំងប្រទេស”។
គួរបញ្ជាក់ថា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង០៦ វិច្ឆិកា ២០២៣ នេះមានបេក្ខជនចុះឈ្មោះ ប្រឡងសរុបចំនួន១៣៧.៤១២នាក់ (ស្រី៧៣.២៧៨នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤១.៣៧៩នាក់ (ស្រី២៤.៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន៩៦.០៣៣នាក់ (ស្រី៤៨.៤៨៩ នាក់)។
បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ក្នុងមួយបន្ទប់ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ ចុង ក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យ អប់រំពិសេស ប៉ុណ្ណោះ ៕
ដោយ ៖ ម៉ាដេប៉ូ