ចិនចាប់ផ្ដើមធ្វើការស្ទង់មតិលើប្រជាជន ខណៈអត្រាកំណើនធ្លាក់ចុះ
ប៉េកាំង៖ ប្រទេសចិននឹងចាប់ផ្តើមធ្វើការស្ទង់មតិលើប្រជាជនចំនួន ១.៤ លាននាក់នៅថ្ងៃពុធទី ១ ខែវិច្ឆិកានេះ ស្តីពីការផ្លាស់ប្តូរចំនួនប្រជាជន ខណៈអាជ្ញាធរចិនខិតខំព្យាយាមលើកទឹកចិត្តប្រជាជនឱ្យមានកូនកាន់តែច្រើន ចំពេលដែលអត្រាកំណើតចិនថយ ។ចំនួនប្រជាជនចិនបានធ្លាក់ចុះមិនធ្លាប់មានក្នុងរយៈពេលជាង ៦ ទសវត្សរ៍នេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការស្ទង់មតិ ដែលរដ្ឋប្រកាសឡើងនៅថ្ងៃទី១០ ខែតុលា ក្នុងជំហានដ៏កម្រដូចនេះ នឹងផ្តោតលើទីក្រុង និងជនបទទូទាំងប្រទេស។
ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិនបាននិយាយថា ការស្ទង់មតិនេះ នឹងផ្អែកលើគំរូពីគ្រួសារចំនួន ៥០០ ០០០គ្រួសារ ហើយត្រូវការចំណាយពេលប្រហែលពីរសប្ដាហ៍រហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ដើម្បីបញ្ចប់វា។
ការស្ទង់មតិនេះនឹងជួយផ្តល់មូលដ្ឋានលើការតាមដានការប្រែប្រួលនៃកំណើនចំនួនប្រជាជនរបស់ប្រទេសចិន និងសម្រាប់រដ្ឋាភិបាល ក៏ដូចជាបក្សកុម្មុយនិស្ត ដើម្បីបង្កើតគោលនយោបាយសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍន៍សង្គម និងគោលនយោបាយទាក់ទងនឹងចំនួនប្រជាជន។
គួរបញ្ជាក់ថា ប្រទេសចិនបានធ្វើជំរឿនម្តងក្នុងមួយទសវត្សរ៍ ដោយចុងក្រោយធ្វើឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២០។ លទ្ធផលជំរឿននោះ បានបង្ហាញថា កំណើនប្រជាជនស្ថិតក្នុងល្បឿនយឺតបំផុត ចាប់តាំងពីការស្ទង់មតិប្រជាជនសម័យទំនើបជាលើកដំបូង បានចាប់ផ្ដើមនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៥០។
កំណើនចំនួនប្រជាជនជារឿយៗ ត្រូវបានគេផ្សារភ្ជាប់ទៅនឹងភាពរឹងមាំ និងការស្ដារឡើងវិញរបស់ប្រទេសក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ខណៈអត្រាកំណើនមានការថយចុះ ហើយការព្រួយបារម្ភដោយប្រជាពលរដ្ឋលើការលំបាកក្នុងការចិញ្ចឹមកូនកើនឡើង។
ការចំណាយលើការមើលថែកូនខ្ពស់ ហើយការឈប់ពីការងារជាចាំបាច់របស់ស្រ្តី បានធ្វើឱ្យស្ត្រីជាច្រើនលែងមានកូនច្រើន ឬគ្មានតែម្ដង។ ការរើសអើងយេនឌ័រ និងផ្នត់គំនិតលើស្ត្រីចំពោះការមើលថែក្មេងៗ នៅតែពេញនិយមទូទាំងប្រទេស។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អាជ្ញាធរចិនបានបង្កើនវោហាសាស្ត្រស្តីពីការចែករំលែកកាតព្វកិច្ចចិញ្ចឹមកូន ប៉ុន្តែការឈប់សម្រាកលំហែមាតុភាព នៅតែមានកម្រិតក្នុងខេត្តភាគច្រើន។ ប្រទេសដែលមានប្រជាជនសរុបជាង ១.៤១ ប៊ីលាននាក់នេះ បានរាយការណ៍ពីការធ្លាក់ចុះនៃប្រជាជនប្រហែល ៨៥០ ០០០ ក្នុងឆ្នាំ ២០២២ ដែលជាការធ្លាក់ចុះជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៦១ ពោលគឺឆ្នាំចុងក្រោយនៃគ្រោះទុរ្ភិក្ស ដែលគេស្គាល់ថា Great Chinese Famine៕ ប្រែសម្រួល៖ ហួន ឌីណា