ជម្លោះដីធ្លីជិត៥ឆ្នាំ នៅសង្កាត់​ព្រែកព្នៅ ត្រូវបាន​បញ្ចប់ ក្រោម​ការសម្របសម្រួលពីរដ្ឋមន្ត្រី​ក្រសួងអធិការកិច្ច


ភ្នំពេញ៖ នៅចំពោះមុខភាគីជម្លោះ រាំរៃជិត៥ឆ្នាំ ឯកឧត្តម ហួត ហាក់ ស្នើអោយភាគីទាំងពីរ មើលមុខគ្នា និងចាប់ដៃគ្នាឡើងវិញ ដើម្បីឈ្នះឈ្នះទាំងអស់គ្នា។ វិវាទដីធ្លី មានទីតាំងស្ថិត​នៅភូមិផ្សារ​លិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លើករណីពាក្យ​បណ្តឹង​របស់លោកស្រី ធី ចន្ថា និងលោក ធី សារ៉ាវុធ រវាងឯកឧត្តមបណ្ឌិត ម៉ែន ដែន និងលោកជំទាវ ទូច ថាវី នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។


ការដោះស្រាយដើម្បីបញ្ចប់វិវាទនេះ មានការចូលរួមពី ឯកឧត្តម សូខន ឫទ្ធីគុណ រដ្ឋលេខាធិការ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី សាយ សំអាល់ និងឯកឧត្តម សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ឯកឧត្តមប្រធានគណៈប្រតិភូ​ចុះអង្គេត​ស្រាវជ្រាវ និងឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយក អភិបាលនៃគណៈអភិបាលខណ្ឌ ប្រធានការិយាល័យភូមិបាលខណ្ឌ ចៅសង្កាត់ ភាគីដើមបណ្តឹង និងចុង បណ្តឹង ចំនួន ២៤រូប។
ឯកឧត្តម ហួត ហាក់ លើកទឹកចិត្តឱ្យយកជម្រើសដោះស្រាយក្រៅប្រព័ន្ធតុលាការ ដើម្បីបញ្ចប់ទើបមានសុខដុមនីយកម្មក្នុងសង្គម មានសន្តិភាពផ្លូវចិត្តនឹងគ្នា និងរួមចំណែកលើក​កម្ពស់យុត្តិធម៌សង្គម។ កន្លងមករាជរដ្ឋាភិបាលកម្ពុជា ក៏រីករាយ ស្វាគមន៍ភាគីទាំងមន្ត្រីពាក់ព័ន្ធ និងដើមបណ្តឹង ចុងបណ្តឹង ឈរលើស្មារតីសម្របសម្រួល​ក្រៅប្រព័ន្ធតុលាការនេះដែរ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តី ស្នើដល់មន្ត្រីពាក់ព័ន្ធក្នុងដំណោះស្រាយវិវាទដីធ្លី ឈរលើផលប្រយោជន៍​រួម​របស់ប្រជាពលរដ្ឋ រកអោយឃើញបញ្ហា កុំគិតពីផលប្រយោជន៍​ផ្ទាល់ខ្លួន ធ្វើយ៉ាងណាអោយភាគីជម្លោះ ឯកភាពគ្នាដោយយុទ្ធសាស្ត្រឈ្នះឈ្នះ។


លោកស្រី ធី ចន្ថា និងលោក ធី សារ៉ាវុធ ដែលជាភាគីជម្លោះ បានគោរពថ្លែងអំណរគុណដល់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងមន្ត្រីសូរិយោដី រួមទាំងមន្ត្រីពាក់ព័ន្ធ ដែលបាន​ខិតខំបញ្ចប់ជម្លោះដីធ្លីពួកគាត់ ដោយទទួលយកបានទាំងអស់គ្នា និងឯកភាពគ្នាទទួលយកការសម្របសម្រួលនេះ៕​

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner