សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ស្នើរទៅប្រទេស វៀតណាមបន្តសម្របសម្រួលសកម្មភាពពាណិជ្ជកម្ម សំដៅលើកកម្ពស់ជីវភាពពលរដ្ឋនៅតាមព្រំដែន

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន រដ្ឋសភា នៃ កម្ពុជា បានសំណូមពរដល់ប្រទេសវៀតណាម បន្តជួយសម្របសម្រួលសកម្មភាពពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការវិនិយោគ និងទេសចរណ៍ រវាងប្រទេសទំាងពីរបន្ថែមទៀត ដើម្បីលើកកម្ពស់ផលប្រយោជន៍ទំាងសងខាង ក៏ដូចជាការធ្វើឱ្យកម្ពុជាកាន់តែមានលទ្ធភាពអភិវឌ្ឍប្រទេសជាតិ នៅក្នុងនោះមានការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋខ្លួននៅតាមខេត្តជាប់ព្រំដែនឱ្យបានប្រសើរឡើងផងដែរ។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូចនេះនៅក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម ង្វៀន ហ៊ុយ តាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០២៣។ សម្តេចរដ្ឋសភាធិបតី បានចូលរួមអបអរសាទរ ដែលប្រទេសវៀតណាមមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលចុងក្រោយនេះ។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ការរីកចម្រើនរបស់វៀតណាមក៏ជាមោទកភាពរបស់កម្ពុជា។

ឯកឧត្តម ង្វៀន ហ៊ុយ តាំង បានលើកឡើងថា រាជរដ្ឋាភិបាល និងរដ្ឋសភានីតិកាលទី៧ បានចេញដំណើរដោយភាពស្វាហាប់ និងច្បាស់លាស់ដែលនឹងនាំមកនូវជោគជ័យធំៗជាច្រើនទៀតជូនជាតិនិងប្រជាជន ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ បានកាន់ប្រសើរឡើង។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកជាសំណូមពរជូនសម្តេចប្រធានរដ្ឋសភា បន្តគំាទ្រនិងជំរុញដល់ការអនុវត្តកិច្ចព្រមព្រៀងនានា ដែលប្រទេសទំាងពីរបានចុះហត្ថលេខាកន្លងមកនិងបន្តពង្រឹងពង្រីកទំនាក់ទំនង ការផ្លាស់ប្តូរដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភាប្រទេសទំាងពីរ ឱ្យបាននៅគ្រប់កម្រិត។

សម្តេចមហារដ្ឋសភាធិការធិបតី ក៏បានអរគុណដល់រដ្ឋសភាវៀតណាម ដែលបានផ្តល់ជំនួយ២៥លានដុល្លារដល់រដ្ឋសភាកម្ពុជាសម្រាប់ការសាងសង់អគាររដ្ឋបាល ដែលរហូតមកដល់ពេលនេះ ការសាងសង់បាននឹងកំពុងដំណើរការ និងគ្រោងបញ្ចប់ក្នុងឆមាសទី១ ឆ្នាំ២០២៤។

ជាមួយគ្នានេះ សម្តេចក៏បានជម្រាប ឯកឧត្តមឯកអគ្គរដ្ឋទូត ពីគម្រោងទស្សនកិច្ចផ្លូវការ និងមិត្តភាព របស់សម្តេចទៅកាន់ប្រទេសវៀតណាម នាចុងខែវិច្ឆិកាខាងមុខ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់សម្តេចទៅក្រៅប្រទេសក្រោយពីការចូលកាន់តួនាទីជាប្រធានរដ្ឋសភា។ តាមរយៈដំណើរទស្សនកិច្ចនេះ សម្តេចមានក្តីសង្ឃឹមថានឹងចូលរួមចំណែកដល់ការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរកាន់តែរីកលូតលាស់បន្ថែមទៀត៕

ដោយ ហេង សម្បត្តិ+ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner