រយៈពេល ៧ខែឆ្នាំនេះ ផលនេសាទចាក់បញ្ចូលថវិកាទៅក្នុងសេដ្ឋកិច្ចមីយ៉ាន់ ជាង ៣៦៥លានដុល្លារ
ណៃពិដោ៖ ក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ា បានឱ្យដឹងថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ រកចំណូលបានប្រមាណ ៣៦៥.៩២៨លានដុល្លារ ពីការនាំចេញផលិតផលនេសាទក្នុងរយៈពេលជិត ៧ខែនៃឆ្នាំសារពើពន្ធ ២០២៣-២៤។
ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ាបង្ហាញថា ប្រាក់ចំណូលដែលបានមកពីការនាំចេញផលិតផលជលផលរវាងថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ មានចំនួនប្រមាណ ៣៦៥.៩២៨លានដុល្លារ តួលេខនេះធ្លាក់ចុះ បើធៀបនឹងឆ្នាំមុន ដែលរកបានដល់ទៅ ៤០៣.៦២២លានដុល្លារ។ បើតាមក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ា ក្នុងអំឡុងពេលខាងលើនេះ ការនាំចេញសរុបរបស់ប្រទេសមីយ៉ាន់ម៉ា មានទឹកប្រាក់ជាង ៨.៥ពាន់លានដុល្លារ។
គួរបញ្ជាក់ថា ការនាំចេញជាចម្បងរបស់មីយ៉ាន់ម៉ា គឺផលិតផលកសិកម្ម, នេសាទ, សារធាតុរ៉ែ, ផលិតផលព្រៃឈើ និងទំនិញផលិតទៅកាន់ដៃគូពាណិជ្ជកម្មបរទេសរបស់ខ្លួន រួមមានប្រទេសចិន ថៃ បង់ក្លាដែស និងឥណ្ឌា នេះបើយោងតាមក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ា៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

