ប្រជាជនអាហ្វហ្គានីស្ថាន រាប់ពាន់នាក់ត្រូវបង្ខំឱ្យចាកចេញពីប៉ាគីស្ថាន
កាប៊ុល៖ អាជ្ញាធរតាលីបង់ នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននិយាយថា ប្រជាជនអាហ្វហ្គានីស្ថានរាប់ពាន់នាក់ដែលកំពុងរស់នៅក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានបង្ខំឱ្យវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ចាប់តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ទាំងស្ថិតក្រោមស្ថានភាពក្រីក្រខ្លាំង។ ផ្ទុយពីអ្វីដែលប៉ាគីស្ថានអះអាងថា ភាគច្រើននៃពួកគេវិលត្រឡប់មកវិញដោយស្ម័គ្រចិត្ត។
លោក Naqibullah Momin មកពីនាយកដ្ឋានជនភៀសខ្លួននៅខេត្តខាន់ដាហា ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន ប្រាប់សារព័ត៌មាន AFP ថា ភាគច្រើននៃជនភៀសខ្លួនដែលកំពុងវិលត្រឡប់មកពីប្រទេសប៉ាគីស្ថានវិញ ត្រូវបានបញ្ជូនមកខេត្តនេះដោយប្រើកម្លាំង, ពួកគេបានរងការវាយដំ, របស់របររបស់ពួកគេត្រូវបានរឹបអូស និងប្រាក់របស់ពួកគេក៏ត្រូវបានដកហូតដែរ។
លោកបន្តថា ជនភៀសខ្លួនទាំងនេះបានមកដល់ទីក្រុងព្រំដែន Spin Boldak ក្នុងស្ថានភាពអាក្រក់ណាស់ និងថា ក្នុងរយៈពេល ៤ថ្ងៃកន្លងមកនេះ មនុស្សជាង ២១,៦០០នាក់បានឆ្លងកាត់ព្រំដែននៅទីក្រុង Spin Boldak ហើយភាគច្រើនត្រូវបានបញ្ជូនមកវិញដោយបង្ខំ។
មន្ត្រីព្រំដែនប៉ាគីស្ថាននិយាយថា មនុស្សជាង ២០០,០០០នាក់បានចាកចេញពីប៉ាគីស្ថានចូលទៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីទីក្រុងអ៊ីស្លាម៉ាបាដបានដាក់ឱសានវាទនៅថ្ងៃទី០៣ ខែតុលា សម្រាប់ជនជាតិអាហ្វហ្គានីស្ថានប្រមាណ ១,៧លាននាក់ ដែលខ្លួនបាននិយាយថា កំពុងរស់នៅដោយខុសច្បាប់នៅក្នុងប្រទេសប៉ាគីស្ថាន។
ទន្ទឹមគ្នា ប៉ាគីស្ថាននិយាយថា ជនជាតិអាហ្វហ្គានីស្ថានភាគច្រើនបានចាកចេញដោយស្ម័គ្រចិត្ត ប៉ុន្តែអាហ្វហ្គានីស្ថានអះអាងថា ភាគច្រើនត្រូវបានធ្វើមាតុភូមិនិវត្តន៍ដោយបង្ខំ ចាប់តាំងពីថ្ងៃផុតកំណត់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


