កូនត្នោតចំនួន ១ ០០០ដើម ត្រូវបានដំានៅតាមបណ្តោយផ្លូវល្បឿនលឿន ក្នុងខេត្តព្រះសីហនុ
ភ្នំពេញ៖ សមាជិកព្រឹទ្ធសភា និងមន្រ្តីនៃរដ្ឋបាលខេត្តព្រះសីហនុ បានរួមគ្នាដាំដើមត្នោតចំនួន ១ ០០០ដើម នៅតាមបណ្តោយផ្លូវល្បឿនលឿន ស្ថិតក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ និងស្រុកព្រៃនប់កាលពីចុងសប្ដាហ៍កន្លងទៅនេះដើម្បីបង្កើនសោភណភាព បរិស្ថានបន្ថែមទៀតសម្រាប់បំរើឱ្យវិស័យទេសចរណ៍ ។
រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា ការដាំកូនត្នោតនេះមានការចូលរួមពីអ្នកឧកញ៉ា ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំង មន្រ្តីនៃអង្គភាពពាក់ព័ន្ធក្នុងខេត្ត សិស្សនិស្សិត យុវជន កាកបាទក្រហមកម្ពុជាជារូបផងដែរ។
ឯកឧត្តម ម៉ុង ឫទ្ធី បានថ្លែងនាឱកាសនោះថា តាមការគ្រោងទុក ឆ្នាំនេះយើងមានផែនការដាំកូនត្នោតចំនួន ៥ ០០០ដើម ហើយថ្ងៃនេះយើងដាំកូនត្នោតចំនួន ១ ០០០ដើម នៅតាមបណ្តោយផ្លូវល្បឿនលឿនពីភ្នំពេញ មកខេត្តព្រះសីហនុ។អ្នកឧកញ៉ាបន្តថា បច្ចុប្បន្នយើងមានថ្នាលបណ្តុះកូនត្នោតដែលគ្រោងនឹងបណ្តុះកូនត្នោតឱ្យបានចំនួន ១៤ ០០០ដើម សម្រាប់ធ្វើការដាំដុះនៅពេលខាងមុខ ប្រសិនបើការដាំដុះបានល្អ យើងនឹងមានគម្រោងបណ្តុះបន្ថែមទៀត ដោយសារបច្ចុប្បន្ននៅក្នុងកសិដ្ឋានរបស់យើងមានដំណាំកសិឧស្សាហកម្ម និងដំណាំហូបផ្លែជាច្រើនមុខមានដូចជា ដូងប្រេង កៅស៊ូ ក្រៅពីនោះមានដាំដំណាំហូបផ្លែមានដូចជាដូងក្រអូប សៅម៉ាវ ធុរ៉េន ស្វាយ និងដំណាំជាច្រើនប្រភេទផ្សេងទៀត។
ចំណែក ឯកឧត្តម គួច ចំរើន ក៏បានថ្លែងអំណរគុណលោក ម៉ុង ឫទ្ធី ដែលបានរៀបចំធ្វើការបណ្តុះកូនត្នោត និងរៀបចំកម្មវិធីដាំកូនត្នោតនៅលើទឹកដីឃុំជើងគោ ស្រុកព្រៃនប់ ស្របនឹងផ្លូវល្បឿនលឿននាពេលនេះ ដើម្បីបង្កើនសោភណភាព បរិស្ថានបន្ថែមទៀតសម្រាប់បំរើឱ្យវិស័យទេសចរណ៍ ពិសេសអ្នកធ្វើដំណើរតាមផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ ហើយដើមត្នោតនេះ ក៏ជាសមិទ្ធផលថ្មីមួយបន្ថែមទៀតនៅលើទឹកដី នៃខេត្តព្រះសីហនុ សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។
ទន្ទឹមនោះឯកឧត្តមក៏បានធ្វើការអំពាវនាវឱ្យយុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមថែរក្សា ការពារដើមត្នោតខ្មែរឱ្យបានល្អ ព្រោះនេះជាសម្បត្តិរួមទាំងអស់គ្នា មិនមែនជារបស់លោក ម៉ុង ឫទ្ធី ឬជារបស់លោកនោះទេ តែវាគឺជារបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាដែលត្រូវរួមគ្នាការពារ ថែរក្សាឱ្យបានគង់វង្ស។
ទាក់ទងនឹងការដាំដើមត្នោតនេះដែរ លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (ស៊ី.អ៊ិន.រ៉ូ CNRO) នៅថ្ងៃទី៥ ខែវិច្ឆិកា បានបង្ហាញការគាំទ្រចំពោះការដាំដើមត្នោតទាំងនោះ ព្រោះដើមត្នោតជាអត្តសញ្ញាណជាតិ និងអាចជួយទាក់ទាញសម្រស់ បង្កើនសោភណភាពដល់ខេត្តព្រះសីហនុ បន្ថែមទៀត ជាពិសេស នឹងចូលរួមទាក់ទាញភ្គៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកលេងកម្សាន្តកាន់តែច្រើនថែមទៀត។
លោកបានថ្លែងថា ល្អប្រសើរមែនទែន នៅពេលដែលគេដាំដើមត្នោតឡើងហ្នឹង ព្រោះវាជាអត្តសញ្ញាណជាតិ។ ខ្ញុំអាចនិយាយបានថា វាជួយទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិបានយ៉ាងច្រើនឱ្យមកកម្សាន្តនូវខេត្តព្រះសីហនុ ជាពិសេស តាមផ្លូវល្បឿនលឿនដែលនឹងបង្កើនសម្រស់ អមទៅដោយដើមត្នោតផងដែរ៕
ដោយ៖គឹម យុត្ថារ៉ូ



