សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់អំពីគម្រោងផ្ដល់លទ្ធភាពឱ្យពលរដ្ឋស្នើសុំសេវាសាធារណៈពីថ្នាក់ក្រុង ស្រុក តាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់អំពីគម្រោងធ្វើទំនើបកម្មសេវាសាធារណៈមួយចំនួននៅថ្នាក់ក្រុង ស្រុក ខណ្ឌ ដោយប្ដូរពីការតម្រូវឱ្យប្រជាពលរដ្ឋស្នើសុំដោយផ្ទាល់ ទៅជាការស្នើសុំតាមប្រព័ន្ធបច្ចេកវិទ្យា។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ថ្លែងដោយរម្លឹកអំពីការអនុវត្តសាកល្បងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នូវថ្នាលបច្ចេកវិទ្យាថ្មីមួយ ដែលផ្ដល់លទ្ធភាពឱ្យពលរដ្ឋអាចស្នើសុំសេវាសាធារណៈមួយចំនួនតាមប្រព័ន្ធឌីជីថល នៅថ្នាក់ក្រុង ស្រុក ក្នុងខេត្តតាកែវ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការរៀបចំថ្នាលបច្ចេកវិទ្យាថ្មីមួយនេះ ត្រូវដាក់គោលដៅអនុវត្តនៅថ្នាក់ក្រុង ស្រុកតែម្ដង ពោលគឺមិនមែនមានន័យថាដោយសារការស្នើសុំរបស់ពលរដ្ឋអាចធ្វើឡើងតាមប្រព័ន្ធបច្ចេកវិទ្យា ថ្នាក់ជាតិនឹងយកសេវានោះពីថ្នាក់ក្រុង ស្រុក ឡើងមកវិញនោះឡើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថាការរៀបចំថ្នាលបច្ចេកវិទ្យានេះ មិនមែនសម្រាប់ទាញសិទ្ធិ(ផ្ដល់សេវា)មកក្រសួងវិញទេ។ ព្រោះក្រែងលោមានអ្នកថាពីមុនក្រសួងប្រតិភូកម្មឱ្យមូលដ្ឋាន ដើម្បីកុំឱ្យប្រជាជនគាត់ពិបាកមកឆ្ងាយ តែឥលូវប្រជាជនគាត់អាចធ្វើតាមប្រព័ន្ធបច្ចេកវិទ្យាហើយ ដូច្នេះយក(ពីក្រុង ស្រុក)មកដាក់ក្រសួងវិញទៅ។ គឺអត់ទេ! បច្ចេកវិទ្យាទាំងអស់នេះ គឺធ្វើដើម្បីបម្រើគោលនយោបាយរបស់យើង ហើយគោលនយោបាយរបស់យើង គឺបាញ់ឆ្ពោះទៅមូលដ្ឋាន គឺគាត់អាចដាក់ពាក្យសុំតាមអនឡាញ ហើយពេលបាន គាត់មកយកនៅក្រុង ស្រុកតែម្ដង»។

សូមបញ្ជាក់ថា សម្ដេចធិបតី បានរម្លឹកបញ្ជាក់អំពីគម្រោងការមួយនេះ បន្ទាប់ពីបានមានប្រសាសន៍ច្រើនអំពីលទ្ធផល នៃការផ្ទេរមុខងារ តួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវពីថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងសារៈសំខាន់ នៃការធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រង និងដឹកនាំផ្ទៃក្នុងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ជាពិសេសការពង្រឹងសមត្ថភាពមន្រ្តី ដើម្បីឆ្លើយតបគោលនយោបាយពង្រឹងសេវាសាធារណៈ រួមទាំងការប្រើប្រាស់បច្ចេកវិទ្យា។

ថ្លែងអំពីបច្ចេកវិទ្យា ភ្ជាប់នឹងសេវាសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្ដេចធិបតី បានបន្តថា«បច្ចេកវិទ្យា ជាបច្ចុប្បន្ន និងទៅអនាគត! យើងត្រូវដើរ ហើយយើងរៀបចំហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាជាមុនតែម្ដង។ វាក៏ដូចមេមាន់ និងពងមាន់ ដែលគេសួរថា មួយណាកើតមុន? តើរាជរដ្ឋាភិបាលចាំបាច់ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ទាល់តែប្រជាពលរដ្ឋយើងប្រើទាំងអស់ ឬមួយក៏យើងត្រូវរៀបមុនដើម្បីឱ្យពលរដ្ឋយើងមានលទ្ធភាពប្រើប្រាស់ ហើយចាប់ផ្ដើមពីចំនួនតិច ទៅជាប្រើប្រាស់ទូលំទូលាយ? អ៊ីចឹងយើងត្រូវដើរមុន រៀបចំឱ្យបាន»។

គួរកត់សម្គាល់ថា អាទិភាពគន្លឹះ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រួមមាន«មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។ រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្ដេចធិបតី បានចាត់ទុក«បច្ចេកវិទ្យាឌីជីថល» ជាគន្លឹះសម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្ម ឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។ រដ្ឋាភិបាលនីតិកាលទី៦ ក៏បានដាក់ចេញនូវគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដោយផ្តោតលើចក្ខុវិស័យ«កសាងរដ្ឋាភិបាលឌីជីថលដើម្បីលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែប្រសើរ»៕
ដោយ៖ពលជ័យ
រូបភាព៖តេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner