ប្រតិភូក្រសួងការបរទេស ចូលរួមពិធីដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងមណ្ឌបព្រះបរមរូប ក្នុងឱកាស នៃពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
ភ្នំបេញ៖ ឯកឧត្ដម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូក្រសួង នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌបព្រះបរមរូប ក្នុងឱកាសនៃខួបអនុស្សាវរីយ៍លើកទី៧០ នៃពិធីបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣)។
គួររំលឹកថា ទិវាបុណ្យឯករាជ្យជាតិ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ៣០២៣ គឺខួប៧០ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានបូជាអស់កម្លាំងកាយចិត្តទាមទារយកឯករាជ្យដល់ព្រះរាជាណាចក្រកម្ពុជានៃយើង ពីបារាំង នៅថ្ងៃទី៩ ខែវិឆ្ឆិកា ឆ្នាំ១៩៥៣។ ព្រះវីរៈភាពដ៏អង់អាចក្លាហាននេះ គឺជាព្រះរាជគំរូដ៏ល្អដល់កូនចៅជំនាន់ក្រោយ ក្នុងការកសាង ការពារបូរណភាពទឹកដី។
ផ្តើមចេញពីគំរូព្រះវីរៈភាពនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សមេ្តចអគ្គមហាសេនាតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិ ទាំងមូល មានកិច្ចអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ និង បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែមានភាពល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ៕
រូបភាព៖ សួង ពិសិដ្ឋ