ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំដាក់ ឱ្យប្រើប្រាស់ប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ Hotline 1244
ភ្នំពេញ៖ ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ ចំពោះកិច្ចដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន គណៈកម្មការចំពោះកិច្ច បានដឹកនាំប្រជុំដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ ទូរសព្ទទាន់ហេតុការណ៍ Hotline 1244 នៅសាលប្រជុំនៃអគ្គ នាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃទី៨ខែវិច្ឆិកានេះ។
កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម ថោង សំអាត រដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមលេខា ធិការដ្ឋាន ប្រចាំការ ឯកឧត្តម-លោកជំទាវ អស់លោកលោកស្រី ដែល ជាអនុប្រធាន និងជាសមាជិកដែលតំណាងក្រសួងស្ថាប័ន មួយចំនួនដែលពាក់ព័ន្ធ។
របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន:
១. ការរៀបរាប់អំពីសាវតានៃការបង្កើតគណៈកម្មការចំពោះកិច្ច និងក្រុមលេខាធិការដ្ឋានប្រចាំការ ទៅតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី។
២. ការរំលឹកឡើងវិញអំពីតួនាទីភារកិច្ចនិងរបៀបរបបការងារនៃក្រុមលេខាធិការដ្ឋានប្រចាំការ
៣. ការពិភាក្សាលក្ខណៈបច្ចេកទេសលើដំណើរការបង្កើត និងការកែសម្រួល ប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ Hotline 1244។
បន្ទាប់ពីបានស្ដាប់មតិយោបល់ចូលរួមពី ឯកឧត្តមលោកជំទាវ និងសមាជិកនៃគណៈកម្មការចំពោះកិច្ច ឯកឧត្តម សន្តិបណ្ឌិត គៀត ចាន់ថារិទ្ធ បានដាក់ចេញនូវសំណូមពរចាំបាច់នៃការងារមួយចំនួន:
១. សូមឱ្យក្រុមបច្ចេកទេសព័ត៌មានបច្ចេកវិទ្យា ធ្វើការកែសម្រួលជាសាមញ្ញកម្ម ទៅលើប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍នេះដើម្បីឲ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់ក្រុមការងារទាំងអស់។
២. សូមឱ្យឯកឧត្តមលោកជំទាវ ដែលជាប្រធានស្ថាប័ន ឬអង្គភាពពាក់ព័ន្ធ ចិត្តតំណាងរបស់ខ្លួនដើម្បីប្រចាំការរង់ចាំទទួលនិងដោះស្រាយពាក្យបណ្ដឹងជូនពលករ ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់គណៈកម្មការចំពោះកិច្ច។
៣. សូមឱ្យស្ថាប័ន អង្គភាព និងគណៈអភិបាលខេត្តជាប់ព្រំដែន ដែលមានសមត្ថកិច្ចពាក់ព័ន្ធ តាមដាន និងគ្រប់គ្រងការងារទទួល និងដោះស្រាយពាក្យបណ្ដឹងនេះឲ្យបានជាប់លាប់ និងរៀបចំរបាយការណ៍ប្រចាំខែជូន ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការចំពោះកិច្ច គោរពរាយការណ៍ជូនសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីជារៀងរាល់ខែ៕
ដោយ-រ៉ាវុធ
ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍