កម្ពុជា ប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាឆ្នាំនេះ ខួបលើក ទី៧០ឆ្នាំ យ៉ាងអធិកអធម

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺជាខួប ៧០ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានឯករាជ្យពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ។

ដូចនឹងបណ្តាឆ្នាំកន្លងទៅដែរ ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការ ដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដី នៃប្រទេសកម្ពុជា ពិធីអបអរសាទរត្រូវបានប្រារព្ធធ្វើឡើង យ៉ាង អធិកអធម នៅបរិវេណវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ ។

ពិធីអបអរសាទររំលឹកខួបនៃការដណ្តើមបានឯករាជ្យ ត្រូវបាន ប្រារព្ធឡើងក្រោមរាជាធិបតីភាពព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដោ យមានការអញ្ជើញចូលរួមអបអរសាទរ ពីថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្ត្រីរាជការ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើន។

ការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ក្រៅតែពីក្នុងរាជធានី ភ្នំពេញ នៅតាមបណ្តាខេត្តនានា ក៏មានការរៀបចំពិធីអបអរសាទរ ដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីរបស់ប្រជាជាតិកម្ពុជានេះផងដែរ។

ដោយឡែកនៅមុនមួយថ្ងៃនៃការប្រារព្ធពិធីនេះ ពោលគឺនៅ រសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ក៏មានការរៀបចំឱ្យមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិ បាល កម្ពុជា មកពីតាមបណ្តាក្រសួងស្ថាប័ននានា បានចូលគោរព ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅមណ្ឌបព្រះ បរម រូប ក្បែរវិមានឯករាជ្យផងដែរ។ ការចូលគោរពព្រះ វិញ្ញាណក្ខន្ធ នេះ ដើម្បីរលឹកនឹកដល់គុណូបការៈ និងវីរភាពដ៏ធំធេងរបស់ សម្តេច ព្រះបរមរតនកោដ្ឋ ដែលបានយាងបំពេញព្រះរាជ បូជនីយកិច្ច និងបូជាអស់កម្លាំងព្រះកាយពល បញ្ញាញាណ ក្នុងការដណ្តើមឯករាជ្យពីប្រទេសបារាំង។

បន្ថែមពីលើការប្រារព្ធពិធីអបអរសាទរនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានស្ដេចយាង តាម ព្រះទីនាំងរថយន្តអត់ដំបូល ដោយបានអមព្រះរាជាដំណើរ ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជា ណាចក្រកម្ពុជា ឆ្ពោះមកពិធីមិទិញនៅមុខព្រះបរមរាជវាំង ។

ក្នុងឱកាសនៃខួបលើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង ទិវា កំណើតកងយោធពលខេមរភូមិន្ទ សូមដកស្រង់ប្រវត្តិ សង្ខេប នៃព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យនៅកម្ពុជា ដូចខាង ក្រោម៖

តាមសន្ធិសញ្ញាចុះថ្ងៃទី០៨ វិច្ឆិកា ឆ្នាំ១៩៤៩ បារាំងបានទទួល ស្គាល់តាមផ្លូវច្បាប់ នូវឯករាជ្យ របស់ព្រះរាជាណាចក្រកម្ពុជា។ ជាគោលការណ៍តាមផ្លូវច្បាប់ឯករាជ្យនេះ យើងទទួលបានមែន ប៉ុន្តែចំពោះការអនុវត្តជាក់ស្តែង ឯករាជ្យនេះ នៅខ្វះវិស័យជាច្រើន ទៀត ដូចជាអធិបតេយ្យខាងយុត្តិធម៌ ប៉ូលីស អំណាច បញ្ជាការ យោធា ការទូត ការប្តូរ និងការឱ្យចាយធនប័ត្រ ដើម្បីឱ្យមាន ឯករាជ្យ ទាំងស្រុង។ តាមសេចក្តីប្រកាសថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៩៥២ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុវរ្ម័ន បានសន្យាយ៉ាងឱឡារិកចំពោះប្រជារាស្ត្ររបស់ព្រះអង្គថា ព្រះអង្គនឹងដណ្តើមយកឯករាជ្យ ទាំងស្រុងនេះ ដើម្បីមាតុភូមិ ក្នុងរយៈពេល ៣ឆ្នាំ យ៉ាងយូរបំផុត។

នៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ១៩៥៣ ព្រះកុរណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុវរ្ម័ន បានស្តេចយាងចាកចេញពីព្រះរាជាណាចក្រ កម្ពុជា ឆ្ពោះទៅកាន់ប្រទេសបារាំង ដើម្បីតាមទារឯករាជ្យ របស់ កម្ពុជាជាមួយប្រមុខរដ្ឋបារាំង។ នៅដឺឡាណាពូល ថ្ងៃទី០៥ ខែមីនា ឆ្នាំ១៩៥៣ ព្រះកុរណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ វរ្ម័ន បានផ្ញើព្រះរាជសារលិខិតមួយច្បាប់ជូនចំពោះលោក វាំងសង់ អូរីយ៉ូល ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ដើម្បីរៀប រាប់ បង្ហាញឱ្យប្រធានាធិបតី នៃសាធារណរដ្ឋបារាំងដឹងពីភាព ចាំបាច់ សំដៅធ្វើឱ្យបារាំងពង្រីកក្របខ័ណ្ឌឯករាជ្យខ្មែរ។ ភ្ជាប់នឹង ព្រះរាជសារលិខិតនេះ មានការសិក្សាគ្រប់គ្រាន់ ដោយទឡ្ហីករណ៍ សំអាងបញ្ជាក់អំពីការទាមទាររបស់សម្តេច និងការផ្តល់យោបល់ពី បែបបទ នៃការផ្ទេរអំណាចជាយថាហេតុ។ នៅដឺឡាណាពូល ថ្ងៃទី ១៨ ខែមីនា ឆ្នាំ១៩៥៣ បន្ទាប់មកនៅ ហ្វុងតែនណាប្លូ ថ្ងៃទី០៣ ខែមេសា ឆ្នាំ១៩៥៣ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ វរ្ម័ន បានសរសេរព្រះរាជសារ លិខិតចំនួន០២ ច្បាប់បន្ត ទៀត ផ្ញើជូន វាំងសង់ អូរីយ៉ូល និងរដ្ឋាភិបាលបារាំង ដើម្បីបំពេញ បន្ថែម លើទស្សនៈរបស់ព្រះអង្គ ដែលទាក់ទងនឹងឯករាជ្យខ្មែរ និងដើម្បីស្នើឱ្យរដ្ឋាភិបាលបារាំងប្រញាប់ ប្រញាល់ដោះ ស្រាយ បញ្ហានេះ ។

នៅចំពោះមុខការលាក់លៀមរបស់រដ្ឋាភិបាលបារាំង ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ បានយាងចាកចេញពីប្រទេសបារាំង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៥៣ ឆ្ពោះទៅកាន់ប្រទេសកាណាដា និងសហរដ្ឋអាមេរិក ដែលនៅទីនោះព្រះអង្គបានធ្វើយុទ្ធនាការឃោសនា ដើម្បីឯករាជ្យរបស់ប្រទេសព្រះអង្គ។ សេចក្តីថ្លែងការណ៍របស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ត្រូវបានចុះផ្សាយ ដោយកាសែតដ៏ធំញ៉ូវយ៉កថែម នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៥៣ លាន់ឮខ្ទរខ្ទារពេញពិភពលោកទាំងមូល ហើយបានបង្ខំឱ្យរដ្ឋាភិបាលបារាំងទទួលយល់ព្រមធ្វើការចរចាជាមួយតំណាងផ្ទាល់របស់ព្រះករុណា

ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ តំណាងនេះ គឺឯកឧត្តម ប៉ែន នុត។

ការចរចានៅប៉ារីស បានឈានទៅដល់សំណើមួយ ដែលធ្វើឡើងដោយមានប្រទេសបារាំង យល់ព្រមផ្តល់សម្បទានដ៏សំខាន់ខ្លះដល់កម្ពុជា។ ថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៥៣ ឯកឧត្តម ប៉ែន នុត បានអញ្ជើញវិលត្រឡប់មកកាន់កម្ពុជាវិញ ដើម្បីទួលថ្វាយព្រះមហាក្សត្រ អំពីលទ្ធផលដែលទទួលបាននៅទីក្រុងប៉ារីស ។ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានយាងមកកាន់រាជធានីភ្នំពេញវិញ នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ១៩៥៣ ដើម្បីជួបជាមួយសហសេវិក និងនាយករដ្ឋមន្ត្រីរបស់ព្រះអង្គ។

ចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ដែលបានថ្វាយព្រះកិត្តិយសចំពោះព្រះអង្គជាអ្នកទទួលជ័យជម្នះ និងជាវីរបុរសនោះ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់បានសន្យា យ៉ាងមហោឡារិកនៅក្នុងព្រះសុន្ទរកថាមួយដែលទ្រង់បានថ្លែងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៥៣ ពីព្រះទីនាំងចន្ទឆាយាថា ព្រះអង្គនឹងបូជាជីវិតដើម្បីដណ្តើមយកឯករាជ្យឱ្យបាន ១០០ភាគរយ។

ក្រោយពីបានដឹងថា គ្រប់ប្រជាជាតិមានការយោគយល់ចំពោះការទាមទារឯករាជ្យ និងចំពោះព្រឹត្តិការណ៍នៅប្រទេសកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានយាងត្រឡប់មកមាតុភូមិរបស់ព្រះអង្គវិញ ហើយយាងទៅគង់នៅតំបន់ស្វយ័តមួយ ដែលរួមមាន៖ ខេត្តសៀមរាប បាត់ដំបង និងខេត្ដកំពង់ធំ ។ ស្វយ័តភាពផ្នែកយោធានៃខេត្តទាំងនេះ ត្រូវបានប្រគល់ឱ្យប្រទេសកម្ពុជា ដោយមានការទាមទារមួយរបស់ព្រះរាជា ដែលបានធ្វើឡើងនៅឆ្នាំ១៩៤៩ សម្រាប់ខេត្តសៀមរាប និងខេត្តកំពង់ធំ និងនៅឆ្នាំ១៩៥២ សម្រាប់ខេត្តបាត់ដំបង។ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់បានប្រកាសថា ព្រះអង្គនឹងយាង ចូលរាជធានីភ្នំពេញវិញ នៅពេលណាដែលបារាំង ព្រមផ្ទេរមកឱ្យប្រទេសកម្ពុជាវិញ នូវកេតនភ័ណ្ឌចុងក្រោយនៃឯករាជ្យរបស់ខ្លួន ។ ដើម្បីគាំពារនូវព្រះរាជបូជនីយកិច្ចនេះ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់បានបង្កើតកងកម្លាំងជីវពល និងនារីក្លាហាន ដែលក្រោយមកមានតួនាទីយ៉ាងធំធេង។

ការចរចាដែលប្រព្រឹត្តទៅនៅក្រុងភ្នំពេញ ដោយមានការណែនាំពីព្រះរាជា និងក្រោមការដឹកនាំរបស់ឯកឧត្តម ប៉ែន នុត បានសម្រេចដោយជោគជ័យទាំងស្រុង ។ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៥៣ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរអំណាចតុលាការ ។ ថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៥៣ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរសមត្ថកិច្ចរបស់ប៉ូលីសនៅចុងបញ្ចប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៥៣ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីអធិបតេយ្យ ខាងយោធារបស់ប្រជារាស្ត្រខ្មែរ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ស្តេចបានយាងចូលមកក្នុងរាជធានីភ្នំពេញវិញ។ លើចម្ងាយផ្លូវ ៣០០គីឡូម៉ែត្រ ដែលព្រះអង្គធ្វើដំណើរ ប្រជារាស្ត្រខ្មែរក្នុងក្តីរំជួលចិត្តបានធ្វើឱ្យព្រះអង្គទទួលបាននូវជោគជ័យមួយដែលមិនធ្លាប់មានពីមុនមក។ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ គឺ ៨ខែមុន សន្និសីទក្រុងហ្សឺណែវ មានធ្វើពិធីមួយនៅមុខព្រះបរមរាជវាំង ដែលឧទ្ទិសចំពោះការដកថយនៃអំណាចរបស់បារាំង ពីប្រទេសកម្ពុជា។ ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ ឡង់ក្លាត បានប្រគល់‎យ៉ាងមហោឡារិកនូវអំណាចបញ្ជាការរបស់ខ្លួន ថ្វាយព្រះរាជា។ កងទ័ព និងអគ្គសេនាធិការរបស់បារាំងបានដកថយពីព្រះរាជាណាចក្រកម្ពុជា។ ឯករាជ្យរបស់ខ្មែរ បានក្លាយទៅជាឯករាជ្យអចិន្ត្រៃយ៍ និងទាំងស្រុង ។ វិបត្តិរវាងខ្មែរនិងបារាំងត្រូវបានបញ្ចប់ បន្ទាប់ពីការទទួលស្គាល់ទាំងស្រុងពីប្រទេសបារាំងនៅខែធ្នូ ឆ្នាំ១៩៥៤ លើអធិបតេយ្យទាំងមូលរបស់កម្ពុជា លើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅខែកក្កដា ឆ្នាំ១៩៥៤ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៅ ហ្សឺណែវ បានប្រព្រឹត្តទៅ ដោយរួមបញ្ចូលគូបដិបក្ស ដែលមានវិវាទ នៅ ឥណ្ឌូចិន ។

ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងរយៈពេល យ៉ាងតិច ៣ឆ្នាំ ទើបអាចបំពេញនូវកិច្ចសន្យា របស់ព្រះអង្គចំពោះ ប្រជារាស្ត្រ។ ប្រជារាស្ត្រខ្មែរ បានថ្វាយព្រះឋានៈចំពោះព្រះអង្គថា ជាព្រះបិតាឯករាជ្យជាតិ ហើយតាម សំណូមពររបស់តំណាងរាស្ត្រ ក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាពិគ្រោះជាតិ រដ្ឋាភិបាលបានលើកព្រះអង្គ ជាវិរៈបុរសជាតិ ស្របតាមព្រះមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ ឧត្តុង្គឧត្ត មរបស់ព្រះអង្គ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner