ហេតុអ្វីបានជាអាស៊ីខាងត្បូងជាចំណុចក្ដៅនៃការបំពុលពិភពលោកទាំងមូល?

អន្តរជាតិ៖កម្រិតជាតិពុលនៅក្នុងខ្យល់អាកាសកំពុងតែរំខានកាន់តែខ្លាំងដល់ជីវិតមនុស្សរាប់លាននាក់នៅអាស៊ីខាងត្បូង។ ដោយសារការបំពុលទាំងនេះ តំបន់ខ្លះត្រូវបង្ខំចិត្តបិទសាលារៀន ផ្អាកការប្រារព្ធ​ព្រឹត្តិការណ៍សំខា​ន់​​ៗ និងតំបន់ខ្លះទៀត រដ្ឋាភិបាលឈានដល់ការជំរុញឱ្យប្រជាជននៅតែ​ក្នុងផ្ទះ ដើម្បីរក្សាសុខភាព។

ការបំពុលខ្យល់កាន់តែអាក្រក់នេះ គឺជាបញ្ហាប្រចាំកាយសម្រាប់ប្រជាជាតិអាស៊ីខាងត្បូងជារួម។ បើទោះ​ជារដូវរងារខិតចូលមកដល់ សារធាតុបំពុលទាំងនោះក៏មិនបានចេញទៅណាឆ្ងាយដែរ​ពោលគឺវានឹងស្ថិតនៅជាប់គាំងជាមួយស្រទាប់បរិយាកាស ហើយនឹងរលាយមកវិញនៅរដូវក្ដៅ។

អាស៊ីខាងត្បូងបានក្លាយជាចំណុចក្តៅសកលសម្រាប់ការបំពុលខ្យល់ ដោយការសិក្សា​បានរកឃើញ​ថា ប្រ​ទេ​សចំនួន៤ និងទីក្រុងចំនួន ៩ ក្នុងចំណោមប្រទេស និងទីក្រុងដែលមានការ​បំពុលខ្យល់​ខ្លាំងបំផុត គឺស្ថិតនៅក្នុងតំបន់អាស៊ីខាងត្បូងនេះឯង។

មូលហេតុនៃការបំពុល

ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ បណ្តាប្រទេសនៅអាស៊ីខាងត្បូងបានស្គាល់ការរីកចម្រើន​គួរឱ្យកត់ស​ម្គាល់។ ការរីកចម្រើនបែបនេះ ក៏មានន័យថាឧស្សាហូបនីយកម្ម និងកំណើនប្រជាជន មានការកើនឡើ​ង ដែលនាំឱ្យតម្រូវការថាមពល និងឥន្ធនៈហ្វូស៊ីលកើនឡើងដូចគ្នា។

ខណៈពេលដែលសកម្មភាពរោងចក្រ ឧស្សាហកម្ម និងយានជំនិះជាការបំពុលរបស់ប្រទេសភាគ ច្រើន អា​ស៊ីខាងត្បូងឯណេះវិញបែរជាបង្កើនសកម្មភាពបំពុលតាមរយៈការចម្អិនអាហារ ការបូជាសព និងការដុ​តផ្ទៃដីកសិកម្មទៅវិញ។

ឧទាហរណ៍ជាក់ស្ដែង ប្រហែលជា ៣៨% នៃការបំពុលនៅទីក្រុងញូវដេលីក្នុងឆ្នាំនេះ គឺបណ្តាល​មកពីការដុតផ្ទៃដីកសិកម្ម ដែលជាវិធីធ្វើកសិកម្មតាមបែបប្រពៃណីរបស់កសិករឥណ្ឌា។  

ការកើនឡើងនៃចំនួនយានជំនិះនៅលើផ្លូវថ្នល់ ដោយសារការអភិវឌ្ឍន៍​​ក៏មានចំណែកក្នុងការ​ធ្វើឱ្យបញ្ហាបំ​ពុ​លកាន់តែធ្ងន់ធ្ងរឡើងផងដែរ។ ជាក់ស្ដែង នៅក្នុងប្រទេសឥណ្ឌា និងប៉ាគីស្ថាន ចំនួនយានយន្តបានកើ​ន​ឡើង ៤ ដងចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ មក។

ទីក្រុងញូវដែលី បានជាប់ចំណាត់ថ្នាក់ជារដ្ឋធានីដែលមានការបំពុលខ្លាំងបំផុតរបស់ពិភពលោកក្នុង​រយៈពេល ៤ ឆ្នាំជាប់ៗគ្នា ដោយក្នុងចំណោមប្រជាជន ១ ពាន់នាក់ មានយានជំនិះចំនួន ៤៧២គ្រឿង​។ ​បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលឥណ្ឌា គិតត្រឹមឆ្នាំ ២០២២ យានយន្តប្រមាណជិត ៨ លានគ្រឿងកំពុងធ្វើដំណើរ​លើដងផ្លូវ។

ប៉ុន្តែនេះក៏មិនមែនមានន័យថា បណ្ដាប្រទេសនៅប៉ែកអាស៊ីខាងត្បូងមិនមានការខិតខំប្រឹងប្រែង រកដំ​ណោះ​ស្រាយនោះដែរ។ ​ប្រទេសប៉ែកអាស៊ីខាងត្បូងបានចាប់ផ្តើមទប់ស្កាត់ការបំពុល ដោយការដាក់ចេញនូវផែនការគ្រប់គ្រងគុណភាពខ្យល់ ការដំឡើងបន្ថែមទៀតនូវឧបករណ៍​ត្រួត​ពិនិត្យ​ការបំពុល និងការជំរុ​ញឱ្យមានការផ្លាស់ប្តូរទៅជាថាមពលស្អាត (Clean Energy)។ ប៉ុន្តែ​យុន្ដការដែលដាក់ចេញទៅទាំងប៉ុន្មា​ននេះ មិនទាន់ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់​នៅឡើយ​ទេ។

អ្នក​ជំនាញ​និយាយ​ថា បញ្ហាគឺនៅត្រង់​កង្វះខាត​ការ​សម្រប​សម្រួល​លើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង ​គ្រប់​គ្រង​ការ​បំពុល​រវាង​ប្រទេសក្នុងតំបន់។​

ក្នុងន័យនេះ ប្រទេសដែលធ្វើសកម្មភាពបំពុលតិចតួច ក៏មិនបានន័យថាមានការបំពុលទាបនោះដែរ ដោ​យហេតុថា ខ្យល់ពុលអាចបក់ធ្វើដំណើរបានរាប់រយគីឡូម៉ែត្រ ដោយឆ្លងកាត់ពីប្រទេសមួយ ចូលទៅកាន់ប្រទេសមួយទៀតបាន។ មូលហេតុនេះហើយ ដែលនាំឱ្យការបំពុលកាន់តែរីកសាយ ភាយធំឡើង។​

ឧទាហរណ៍ ប្រហែលជា ៣០% នៃការបំពុលនៅក្នុងទីក្រុងធំៗរបស់ប្រទេសបង់ក្លាដែស មានប្រភពចេញមកពីប្រទេសឥណ្ឌា។ ម្លោះហើយ ដំណោះស្រាយចំពោះបញ្ហានេះ គឺទាមទារឱ្យ មានការចូលរួមពីគ្រប់ប្រទេសក្នុងតំបន់អាស៊ីខាងត្បូងតែម្ដង។​

លើសពីនេះទៅទៀត គេក៏ត្រូវយកចិត្តទុកដាក់ទៅលើការគ្រប់គ្រងសំណល់ទូទៅ និងសំណល់ក្នុង វិស័យកសិកម្ម ហើយដែលសំខាន់បំផុតសម្រាប់ប្រទេសឥណ្ឌាគឺការកាត់បន្ថយការដុតផ្ទៃដីកសិកម្ម ទៅជាការធ្វើកសិកម្មបែបទំនើបវិញ៕​

ប្រែសម្រួល៖កែវ បុស្បា

ប្រភព៖ Explainer: Why is South Asia the global hotspot of pollution?

ads banner