វិមានក្រឹមឡាំង៖ លោក ពូទីន មិនទាន់សម្រេចចិត្តលើការឈរឈ្មោះបោះឆ្នោត ឆ្នាំ២០២៤
មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទ សប្តាហ៍នេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនទាន់សម្រេចចិត្តថា តើលោកនឹងឈរឈ្មោះបោះឆ្នោតប្រធានាធិបតី សម្រាប់អាណត្តិទីប្រាំរបស់លោក ក្នុងឆ្នាំ២០២៤ ឬអត់ នៅឡើយទេ។
លោក Dmitry Peskov បានឆ្លើយតបសំណួររបស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Kommersant Business Daily ដោយបាននិយាយថា លោកប្រធានាធិបតី ពូទីន អាចឈរឈ្មោះជាបេក្ខជនប្រកួតប្រជែង នៅក្នុងខែមីនា ឆ្នាំ២០២៤។ លោកបានបន្តថា រហូតមកដល់ពេលនេះ គ្មានបេក្ខជនដ៏មានសក្ដានុពលផ្សេងទៀត បានប្រកាសពីការឈរឈ្មោះសម្រាប់ការបោះឆ្នោត នាពេលខាងមុខនេះឡើយ។
យ៉ាងណាមិញ លោក Peskov បាននិយាយថា «លោកពូទីន មិនទាន់មានការសម្រេចចិត្តលើរឿងនេះ នៅឡើយទេ» ដោយបន្ថែមទៀតថា សេចក្តីសម្រេចចិត្តរបស់លោកពូទីន កំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងពី អ្នកនយោបាយ និងអ្នកវិភាគ។
គួររម្លឹកដែរថា នៅក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា កាលពីខែកញ្ញា ឆ្នាំ២០២៣ លោកពូទីន ធ្លាប់ត្រូវបានសាកសួរអំពីបេក្ខភាពប្រធានាធិបតី ដ៏មានសក្តានុពល។ នៅពេលនោះ មេដឹកនាំរុស្ស៊ីរូបនេះបានឆ្លើយតបថា លោកនឹងសម្រេចចិត្ត នៅពេលដែលកាលបរិច្ឆេទនៃការបោះឆ្នោត ត្រូវបានកំណត់ច្បាស់លាស់។
យោងតាមច្បាប់របស់រុស្ស៊ី ការបោះឆ្នោតប្រធានាធិបតី គ្រោងនឹងរៀបចំឡើង នាពាក់កណ្តាល ខែមីនា ឆ្នាំ២០២៤ ប៉ុន្តែក្រុមប្រឹក្សាសហព័ន្ធសភាជាន់ខ្ពស់រុស្ស៊ី មិនទាន់បានប្រកាសជាផ្លូវការ អំពីកាលបរិច្ឆេទនៃការបោះឆ្នោត ពិតប្រាកដ នៅឡើយទេ ពោលគឺត្រូវរង់ចាំរហូតដល់ខែធ្នូ ឆ្នាំ២០២៣៕
ប្រភពពី RT ប្រែសម្រួល៖ លន់ សារ៉ាត