កូរ៉េខាងជើងហៅ G7 ថាជាក្រុមប្រទេសបំណែកសល់ពីសង្រ្គាមត្រជាក់
ព្យុងយ៉ាង៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃអង្គារថា រដ្ឋាភិបាលកូរ៉េខាងជើងបានរិះគន់ក្រុមប្រទេសជឿនលឿនទាំង៧ (G7)ថា ជាក្រុមប្រទេស «សំណល់ពីសង្រ្គាមត្រជាក់» ដែលបង្កជម្លោះដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនហើយរំលោភលើអធិបតេយ្យភាពរបស់ប្រទេសដទៃទៀត។ នេះបើតាមចុះផ្សាយបន្តរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ក្នុងសេចក្ដីថ្លែងការណ៍មួយដែលចេញផ្សាយនៅថ្ងៃអង្គារ ក្រោយកិច្ចប្រជុំ G7 នៅក្រុងតូក្យូកាលពីចុងសប្ដាហ៍កន្លងទៅ ប្រធាននាយកដ្ឋានអង្គការអន្តរជាតិនៅក្រសួងការបរទេសកូរ៉េខាងត្បូង លោក ចូ ជុល ស៊ូ(Jo Chol Su) បានថ្កោលទោសរដ្ឋមន្ត្រីការបរទេស G7 ចំពោះការ «បង្កាច់បង្ខូច» កូរ៉េខាងត្បូងចំពោះការអនុវត្តយុទ្ធសាស្រ្តការពារខ្លួនឯង និងអធិបតេយ្យភាពស្របច្បាប់របស់ខ្លួន។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួមរបស់ G7 បានអំពាវនាវឱ្យមានការផ្អាកជម្លោះអ៊ីស្រាអែល-ហាម៉ាសដើម្បីបើកផ្លូវឱ្យជំនួយមនុស្សធម៌ បញ្ជាក់ជាថ្មីនូវការគាំទ្រសម្រាប់អ៊ុយក្រែនក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី និងថ្កោលទោសការសាកល្បងមីស៊ីល និងការផ្គត់ផ្គង់អាវុធឱ្យរុស្ស៊ីរបស់កូរ៉េខាងជើង។
ដោយការណ៍នេះ លោក ចូ បាននិយាយថា ៖ «G7 ដែលបានបង្ក និងជំរុញឱ្យមានវិបត្តិអន្តរជាតិនាពេលថ្មីៗនេះ និយាយអ៊ីចេះអ៊ីចុះ ដើម្បីទម្លាក់កំហុសលើរដ្ឋអធិបតេយ្យភាពឯករាជ្យផ្សេងៗ»។
លោកបន្តថា G7 គ្រាន់តែជាប្រភពដ៏គ្រោះថ្នាក់ចម្បងនៃការបំផ្លាញសន្តិភាព និងសន្តិសុខពិភពលោក និងជាឧបសគ្គចម្បង ចំពោះការបង្កើតសណ្តាប់ធ្នាប់អន្តរជាតិដ៏ត្រឹមត្រូវមួយ។
លោក ចូ បាននិយាយថា ក្រុមនេះមិនអាចតំណាងឱ្យសហគមន៍អន្តរជាតិបានទេ ព្រោះវាការពារតែផលប្រយោជន៍របស់ប្រទេសមួយចំនួនប៉ុណ្ណោះ។ លោកបានចោទសហរដ្ឋអាមេរិក ថាជាអ្នកផ្គត់ផ្គង់អាវុធប្រល័យលោកដល់អ៊ុយក្រែន ដើម្បី «បំផ្លាញសន្តិភាព និងស្ថិរភាព» ដោយចេតនានៅទ្វីបអឺរ៉ុប។
លើសពីនេះថែមទៀត លោក Jo ក៏បានចោទក្រុងវ៉ាស៊ីនតោនពីការបង្កការវាយប្រហារយោធានៅតំបន់ហ្កាហ្សា ខណៈនិយាយការពារការសម្លាប់រង្គាលដ៏គួរឲ្យខ្លាចលើជនស៊ីវិលពីសំណាក់អ៊ីស្រាអែល។
លោកបន្ថែមថា ការណ៍នេះ ធ្វើឱ្យ G7 បាត់បង់យុត្តិកម្មសម្រាប់អត្ថិភាពរបស់ក្រុម។ លោកបន្តទៀតថា៖ «G7 ដែលជាបំណែកសេសសល់នៃសង្គ្រាមត្រជាក់ គួរតែត្រូវរំលាយចេញភ្លាមៗ ហើយនេះនឹងជាជំហានដំបូងឆ្ពោះទៅរកការលុបបំបាត់វិបត្តិអន្តរជាតិបច្ចុប្បន្ន និងការស្តារសន្តិភាពពិភពលោកឡើងវិញ»។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងនាពេលនេះ ធ្វើឡើងស្របពេលដែលកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំពីតំណាងនៃរដ្ឋសមាជិកចំនួន ១៧ របស់បញ្ជាការអង្គការសហប្រជាជាតិ (UNC) ដែលអនុវត្តបទឈប់បាញ់សង្គ្រាមកូរ៉េ។ កិច្ចពិភាក្សានៅថ្ងៃអង្គារនេះ រំពឹងថានឹងបន្តលើការសន្យា ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានណាមួយពីកូរ៉េខាងជើង៕ ប្រែសម្រួល៖ ហួន ឌីណា