រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីក្រុងពាលី ដើម្បីត្រៀមសម្ពោធស្ពាន បេតុងខ្សែកាបតភ្ជាប់តំបន់ កោះពេជ្រ-កោះនរា ថ្ងៃស្អែកនេះ
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ជំទាវ នៅរសៀលថ្ងៃទី១៤វិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី នៅមុនស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍ កោះនរា និងកោះពេជ្រនឹងត្រូវ បើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនា ថ្ងៃទី១៥ ខែវិច្ឆិកាស្អែកនេះ ។

តាមគម្រោងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់កោះនរា និងកោះពេជ្រ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេច ធិបតីហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។

ស្ពានបេតុងខ្សែកាបតភ្ជាប់ កោះនរានិងកោះពេជ្រ គឺជា សមិទ្ធផល ថ្មីមួយទៀត ដែលបានកើតជារូវរាងឡើងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងដឹកនាំអនុវត្តផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ។

ស្ពានថ្មីនេះបានដើតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែក កាត់ បន្ថយ ការកកស្ទះចរាចរលើកំណាត់មហាវិថីព្រះនរោត្តម ពីស្ពាន អាកាស ក្បាល ថ្នល់ចូលមកកណ្តាលក្រុង រួមទាំងបងប្អូនអ្នកធ្វើដំណើរ ពីខណ្ឌ ច្បារអំពៅ និងបានកាត់បន្ថយការកកស្ទះចរាចរ មួយផ្នែក ធំលើកំណាត់ ផ្លូវជាតិលេខ១និងផ្លូវជាតិលេខ២ដែលជាច្រកចេញចូលរាជធានីភ្នំពេញផងដែរ។

ស្ពានបេតុងខ្សែកាបកោះនរា កោះពេជ្រ សាងសង់ដោយក្រុមហ៊ុនOCIC មានប្រវែង៨២៤ម៉ែត្រ,ទទឹង ២៤ម៉ែត្រកន្លះ,ចែកចេញជា៤ គន្លង គឺ២គន្លងសំរាប់រថ យន្ត,១គន្លងសំរាប់ម៉ូតូនិងមួយគន្លងទៀត សម្រាប់ អ្នកថ្មើជើងដែលបានបើកដំណើរការសាងសង់កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២០ ដោយចំណាយលើការសាងសង់ប្រមាណ៣៨លានដុល្លារ ៕
ដោយ៖ ហេង សម្បត្តិ+ថេត វិចិត្រ
