ទិវាអ្នកលក់ដូរតាមដងផ្លូវអន្តរជាតិប្រារព្ធឡើងដើម្បីឱ្យរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទទួលស្គាល់សិទ្ធិរបស់អ្នកលក់ដូរតាមដងផ្លូវ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និងអង្គការអុកស្វាម បានប្រារព្ធទិវាអ្នកលក់ដូរតាមដងផ្លូវអន្តរជាតិ ១៤វិច្ឆិកា លើកទី១១ ក្រោមប្រធានបទ «ពង្រឹងគុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធសន្តិសុខសង្គម សម្រាប់អ្នកលក់ដូរតាមដងផ្លូវនៅកម្ពុជា» ដើម្បីលើកកម្ពស់សិទ្ធិការងារ និងការទទួលស្គាល់សិទ្ធិរបស់អ្នកលក់ដូរតាមដងផ្លូវ។

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានឱ្យដឹងនៅថ្ងៃទី១៤ ខែវិច្ឆិកាថា ឆ្នាំនេះ សមាគមលោក និងអង្គការអុកស្វាម បានរៀបចំប្រារព្វទិវាអ្នកលក់ដូរតាមដងផ្លូវអន្តរជាតិ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ដោយមានការចូលរួមពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនឹងអ្នកពាក់ព័ន្ធនានាប្រមាណជា ២០០នាក់។

លោកបានប្រាប់ថា ទិវានេះធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់សិទ្ធិការងារ និងការទទួលស្គាល់សិទ្ធិរបស់អ្នកលក់ដូរតាមដងផ្លូវ និងក៏ដើម្បីពង្រឹងប្រសិទ្ធភាពរួមនឹងការពង្រីកវិសាលភាពកិច្ចគាំពារសង្គម សម្រាប់អ្នកលក់ដូរតាមដងផ្លូវ ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការ រវាងអ្នកលក់ដូរតាមផ្លូវ និងអ្នកពាក់ព័ន្ធ ដើម្បីទទួលបានការងារសមរម្យ និងថ្លៃថ្នូរ។

បើតាមលោក វន់ ពៅ ស្ថានភាពអ្នកលក់ដូរតាមដងផ្លូវ ក៏កំពុងតែជួបបញ្ហាប្រឈមមួយចំនួនដូចជា គ្មានសុវត្ថិភាព គ្មានអនាម័យ គ្មានកន្លែងផ្ញើកូន (ទារកដ្ឋាន) ទទួលនូវការបៀតបៀនគ្រប់ពីអ្នកពាក់ព័ន្ធនានា ព្រមទាំងជួបប្រទះនូវការប្រកួតប្រជែង និងការបាត់បង់មុខរបរពីសំណាក់ជនបរទេស។

ម៉្យាងទៀត លោកថា ចំនួនអ្នកលក់ដូរតាមដងផ្លូវនៅប្រទេសកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ នៅពុំទាន់មានការស្រាវជ្រាវជាក់លាក់ណាមួយពីចំនួនតួលេខច្បាស់លាស់ពីសំណាក់ស្ថាប័នពាក់ព័ន្ធណាមួយនៅឡើយ។

អ្នកស្រី លាន សោភា អាយុ ៤២ឆ្នាំ ជាអ្នកលក់ភេសជ្ជៈតាមរទេះរុញនៅតាមផ្លូវក្នុងរាជធានីភ្នំពេញ ហើយក៏ជាស្ដ្រីមេម៉ាយដែលមានកូន ៤នាក់នៅក្នុងបន្ទុក បានប្រាប់ឱ្យដឹងថា មួយថ្ងៃអ្នកស្រីរកចំណូលបានជាមធ្យម ១៦ ០០០ រៀល ដោយចេញពីផ្ទះតាំងពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៦ល្ងាច ដើម្បីលក់ដូរ។

អ្នកស្រីបន្តថា ការចំណាយជាទូទៅរបស់អ្នកស្រីប្រមាណ ២០ ០០០រៀល ទៅលើអាហារ ថ្លៃទឹក-ភ្លើង កូនរៀន ព្រមទាំងថ្លៃថ្នាំពេទ្យផងដែរ ។ដោយសារចំណូលសព្វថ្ងៃនេះ ទទួលបានតិចជាងការចំណាយ អ្នកស្រីបង្ខំចិត្តខ្ចីលុយគេបន្ថែម ដើម្បីដោះស្រាយថ្លៃជីវភាពម្ដងម្កាលដែរ។

អ្នកស្រី លាន សោភា ប្រាប់ថា ៖ «ក្នុងនាមជាអ្នកលក់ដូរតាមផ្លូវ ខ្ញុំសូមសំណូមពរដល់រាជរដ្ឋាភិបាលបញ្ចុះតម្លៃទំនិញ ជួយរកកន្លែងលក់ដូរសមរម្យដល់ស្ដ្រីអ្នកលក់ដូរតាមដងផ្លូវ ហើយនិងប្រាក់ឧបត្ថម្ភសម្រាប់ស្ដ្រីមេម៉ាយក្រីក្រផង»។

ទាក់ទងនឹងបញ្ហានេះ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់ឱ្យដឹងថា អ្នកលក់ដូរតាមដងផ្លូវ ត្រូវបានចាត់ទុកជាបុគ្គលស្វយនិយោជន៍ ដែលនៅថ្ងៃ១៤ ខែវិច្ឆិកា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តនូវបេឡាជាតិរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានស្ម័គ្រចិត្តដល់គ្រួសារសមាជិកបសស និងបុគ្គលស្វ័យនិយោជន៍ជាផ្លូវការផងដែរ។

លោកបញ្ជាក់ថា ៖ «អ៊ីចឹង! ពួកគាត់គ្រាន់តែចុះឈ្មោះធ្វើកាត ប.ស.ស ដោយបង់វិភាគទានម្នាក់ ១៥ ៦០០រៀលក្នុងមួយខែ ពួកគាត់នឹងក្លាយជាសមាជិក ប.ស.ស ដែលនឹងទទួលបានការថែទាំសុខភាពនៅតាមមន្ទីរពេទ្យសាធារណៈ និងឯកជនដែលបានភ្ជាប់ជាមួយ ប.ស.ស ដោយមិនអស់ប្រាក់តាមកញ្ចប់ ប.ស.ស ផ្តល់ជូន»។

លោកបានប្រាប់បន្តថា ៖ «នេះជាគោលនយោបាយរបស់យើង ដើម្បីលើកស្ទួយសុខភាពប្រជាពលរដ្ឋ និងកាត់បន្ថយចំណាយផ្នែកសុខភាពរបស់ពលរដ្ឋ»។

សូមបញ្ជាក់ថា ពិភពលោក បានប្រារព្ធទិវាអ្នកលក់តាមដងផ្លូវអន្តរជាតិនេះ ចាប់តាំងពីឆ្នាំ២០១២ ជារៀងរាល់ថ្ងៃទី១៤ ខែវិច្ឆិកា ដែលគិតមកដល់ពេលនេះ បានប្រារព្វចំនួន ១១ ដងមកហើយ ខណៈដែលប្រទេសកម្ពុជា បានប្រារព្ធទិវាអ្នកលក់ដូរតាមដងផ្លូវអន្តរជាតិនេះ ចាប់តាំងពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ននេះ គឺបានប្រារព្វចំនួន ៩ដងហើយ។

យោងតាមការសិក្សារបស់អង្គការអុកស្វាម (Oxfam) នៅក្នុងឆ្នាំ ២០១៩ បានប៉ាន់ប្រមាណថា អ្នកលក់ដូរតាមដងផ្លូវក្នុងប្រទេសកម្ពុជាមានចំនួនរហូតដល់ជិត១,៧លាននាក់ ឬស្មើនឹង ១០ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប។ ការសិក្សាដដែលបានឱ្យដឹងទៀតថា ក្នុងចំណោម ១០ភាគរយនេះ ក្នុងនោះមានអ្នកលក់ដូរតាមដងផ្លូវជាស្ដ្រីប្រមាណ ៧៥ភាគរយ៕ ដោយ៖ ជា សុខនី

ads banner