ក្រុមការងារបច្ចេកទេសយេនឌ័រ បានរៀបចំវេទិកាសាធារណៈស្តីពី “ តម្រូវការ និងបញ្ហាប្រឈមរបស់មន្ត្រីរាជការ ជាស្ត្រីក្នុងក្រសួងអធិការកិច្ច “
(ភ្នំពេញ)៖ ក្នុងវេទិកាសាធារណៈ ស្តីពី “ តម្រូវការ និង បញ្ហាប្រឈមរបស់មន្ត្រីរាជការជាស្ត្រីក្នុងក្រសួងអធិការកិច្ច “ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយក្រុមការងារបច្ចេកទេសយេនឌ័រ ក្រោយខកខានអស់រយៈពេល ៣ឆ្នាំ ដោយសារវិបត្តិកូវីដ១៩ លោកជំទាវ វង់ មយូរា ប្រធានក្រុមការងារបច្ចេកទេសយេនឌ័រ ក្រសួងអធិការកិច្ច បានមានប្រសាសន៍ថា វេទិការនេះរៀបចំឡើង ដើម្បីពិភាក្សាដោះស្រាយស្តីបញ្ហាតម្រូវការ និងបញ្ហាប្រឈម របស់ស្ត្រី នៅក្នុងក្រសួង ដែលជាធាតុចូល រួមចំណែកក្នុងការអភិវឌ្ឍស្ថាប័ន លើកកម្ពស់សាមគ្គីភាពយេនឌ័រ និងកែប្រែរបៀបរបបធ្វើការប្រចាំថ្ងៃរបស់មន្ត្រីរាជការឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត ។

ក្នុងវេទិកាសាធារណៈនោះដែរ ថ្នាក់ដឹកនាំនិងសមាជិកាក្រុមការងារបច្ចេកទេសយេនឌ័រ ក៏បានរួមគ្នាជជែកពិភាក្សា ស្វែងរកដំណោះស្រាយដោយផ្ទាល់ជាមួយគ្នានិងលើកឡើងពីបញ្ហាប្រឈមក៏ដូចជាសំណើរតម្រូវការចាំបាច់មួយចំនួន ស្នើដល់លោកជំទាវប្រធានដើម្បីជួយដោះស្រាយ និងជំរុញឱ្យមានការរៀបចំវេទិការនេះជាបន្តបន្ទាប់ ដើម្បីឱ្យស្ត្រីក្នុងក្រសួង មានឱកាសបានជួបជុំគ្នា ដើម្បីពិភាក្សាគនិងស្វែងរកដំណោះស្រាយបានទាន់ពេលវេលា ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងអង្គពិធី លោកជំទាវ វង់ មយូរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រ និងលោកជំទាវ យក់ ណារ៉េត រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារបច្ចេកទេសយេនឌ័រ នៃក្រសួងអធិការកិច្ច ក៏បានឧបត្ថម្ភនូវថវិកា និងអំណោយមួយចំនួនជូនមន្រ្តីជាប់កិច្ចសន្យាដែលជាអ្នកអនាម័យចំនួន ១៩រូប និងសន្តិសុខចំនួន ៧រូបផងដែរ ៕
ដោយ ថេត វិចិត្រ


