កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៃអនុសញ្ញាអូតាវ៉ាពេញមួយឆ្នាំនៅឆ្នាំក្រោយ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចទទួលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៃការអនុវត្តអនុសញ្ញាស្តីពីការហាមប្រាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល ហៅកាត់ថា អនុសញ្ញាអូតាវ៉ា ដើម្បីបង្ហាញពីទស្សនវិស័យ និងការប្តេជ្ញាចិត្ត ក្នុងការដោះស្រាយបញ្ហាមីនរបស់កម្ពុជា ទៅកាន់ពិភពលោក ក៏ដូចជារួមគ្នាលើកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សជាតិ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០២៤ខាងមុខនេះ នឹងមានកិច្ចប្រជុំពាក់ព័ន្ធនឹងការអនុវត្តអនុសញ្ញាស្តីពីការហាមប្រាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល ជារៀងរាល់ខែ។ ពោលគឺ ចាប់ពីខែមករា រហូតដល់កិច្ចប្រជុំកំពូលដែលមានការចូលរួមពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នាក្រុងសៀមរាប នៃទឹកដីអង្គរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឯកឧត្តម ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ នឹងនាំមកអត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិ ខណៈកម្ពុជាជាប្រទេសរងគ្រោះដោយសារគ្រាប់មីន និងក៏ជាប្រទេសជោគជ័យមួយ ក្នុងការបោសសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទះពីក្នុងដី ស្របពេលប្រទេសចំនួន៦១ផ្សេងទៀត កំពុងប្រឈមគ្រោះថ្នាក់ដោយសារគ្រាប់មីន និងកំពុងធ្វើការបោសសម្អាតចេញពីផ្ទៃដី។
ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានឱ្យដឹងថា កម្ពុជា ត្រូវបានចាត់ទុកជាប្រទេសដើមកំណើតនៃអនុសញ្ញាអូតាវ៉ា បន្ទាប់ពីបង្កើតឡើងនៅឆ្នាំ១៩៩៧ ក្រោយពីគិតត្រឹមឆ្នាំ១៩៩៦ ដែលកាលនោះ មានប្រជាពលរដ្ឋកម្ពុជាប្រមាណ៤ពាន់នាក់បានស្លាប់ និងរងគ្រោះថ្នាក់ដោយសារគ្រាប់មីន។ រាល់កិច្ចប្រជុំនីមួយៗ កម្ពុជានឹងចែករំលែកពីបទពិសោធន៍ នៃសោកនាដកម្ម និងគ្រោះមហន្តរាយ ក៏ដូចជាការបោសសម្អាតគ្រាប់មីនប្រឆាំងមនុស្សជាតិ ស្របពេលបច្ចុប្បន្ន ប្រទេស និងរដ្ឋជាសមាជិកអនុសញ្ញាអូតាវ៉ាមាន ១៦៤ប្រទេស ហើយតាមការអង្កេត គឺនៅមានប្រទេសជាង ១៣០ប្រទេសទៀតដែលមានសំណល់ និងប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សជាតិ មិនទាន់សម្រេចចិត្តចូលជាសមាជិកនៃអនុសញ្ញានេះ។
យោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលបោសសម្អាតមីនកម្ពុជា ហៅកាត់ CMAC បង្ហាញថា នៅទូទាំងប្រទេសកម្ពុជា ផ្ទៃដីប្រមាណជាង៥៤៤គីឡូម៉ែត្រការ៉េ ស្មើនឹង២៥,៤ភាគរយ នៃផ្ទៃដីសរុប១៨១.០៣៥គីឡូម៉ែត្រការ៉េ ផលប៉ះពាល់ដោយផ្ទាល់ពីសំណល់គ្រាប់មីណ និងយុទ្ធភ័ណ្ឌដែលបានប្រើប្រាស់ក្នុងសង្រ្គាម។
មកដល់បច្ចុប្បន្ន មានរាជធានី-ខេត្តចំនួន ១៣ហើយ ដែលត្រូវបានប្រកាសបញ្ចប់ការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌសល់ពីសង្រ្គាមអស់ទាំងស្រុង ។ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តក្នុងការបោសសម្អាតមីន ក្នុងគោលបំណងមិនឱ្យជនណាម្នាក់ ឬប្រជាពលរដ្ឋខ្មែរណាម្នាក់ បន្តរងគ្រោះថ្នាក់ដោយសារគ្រាប់មីន នៅក្រោយឆ្នាំ២០២៥៕
ដោយ ង៉ាន់ ទិត្យ