លោក ស៊ី ជីនពីង ៖ ចិន និងជប៉ុន គួរផ្តោតលើផលប្រយោជន៍រួម និងដោះស្រាយភាពខុសគ្នាឱ្យបានត្រឹមត្រូវ

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានចុះផ្សាយនៅថ្ងៃសុក្រនេះថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ក្នុងជំនួបមួយនៅរដ្ឋកាលីហ្វ័រញ៉ា ថា ចិន និងជប៉ុនត្រូវតែគ្រប់គ្រងភាពខុសគ្នារវាងប្រទេសទាំងពីរឱ្យបានត្រឹមត្រូវ។

ទូរទស្សន៍រដ្ឋចិន CCTV បានចុះផ្សាយថា លោក ស៊ី បានប្រាប់លោក គីស៊ីដា ក្នុងជំនួបនៅទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ ថា ចិន និងជប៉ុន ត្រូវតែធ្វើតាមនិន្ននាការនៃសម័យកាល ដែលផ្តោតសំខាន់លើផលប្រយោជន៍រួម និងដោះស្រាយភាពខុសគ្នាឱ្យបានត្រឹមត្រូវ។ លោក ស៊ី បន្តថា ប្រជាជាតិទាំងពីរត្រូវតែប្តេជ្ញាចិត្ត ក្នុងការកសាងទំនាក់ទំនងចិន-ជប៉ុន ដែលឆ្លើយតបទៅនឹងតម្រូវការនៃសករាជថ្មី។

លោក ស៊ី បន្ថែមថា ការរួមរស់ដោយសន្តិភាព និងមិត្តភាពជំនាន់មុន, កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងការអភិវឌ្ឍន៍រួម គឺជាទិសដៅត្រឹមត្រូវ ក្នុងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនចិន និងជប៉ុន។ ចំណែកលោក គីស៊ីដា បានប្រាប់លោក ស៊ី វិញថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងសកម្មភាពយោធារបស់ចិននៅជិតប្រទេសជប៉ុន រួមទាំងកិច្ចសហប្រតិបត្តិការរបស់ទីក្រុងប៉េកាំងជាមួយរុស្ស៊ី។

បន្ថែមលើនេះ លោក គីស៊ីដា ក៏បានរិះគន់ផងដែរ ជុំវិញការហាមឃាត់របស់ចិន លើការនាំចូលអាហារសមុទ្រពីជប៉ុន។
ទោះបីជាយ៉ាងណា លោក គីស៊ីដា និយាយថា ជប៉ុន និងចិនបានប្តេជ្ញាបន្តទំនាក់ទំនងលើបញ្ហាទំាំងនេះ និងបញ្ហាផ្សេងៗទៀត ហើយថា ជប៉ុន និងចិន គឺជាមហាអំណាចទាំងពីរ ដែលមានទំនួលខុសត្រូវ ក្នុងការរួមរស់ និងរីកចម្រើនជាមួយគ្នា ដើម្បីដឹកនាំតំបន់ និងសង្គមអន្តរជាតិ ក៏ដូចជារួមចំណែកដល់សន្តិភាព និងស្ថិរភាពពិភពលោក៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner