ឯកឧត្តម នេត្រ ភក្រ្តា កោតសរសើរក្លឹបហែលទឹកក្រសួងព័ត៌មាន បាននាំយកនូវមេដាយ និងកិត្តិយសជូនក្រសួង
(ភ្នំពេញ) ៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយ កីឡាករ កីឡាការិនី ក្លឹបហែលទឹកក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែង កោតសរសើរ ក្លឹបហែលទឹកក្រសួងព័ត៌មាន បាននាំយកនូវមេដាយ និងកិត្តិយស ជូនក្រសួង និងជំរុញលើកទឹកចិត្តឱ្យលេងកីឡា បន្ទាប់ពីហត់នឿយពីបំពេញកិច្ចការងារ ។
ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ពីការបន្តគាំទ្រដល់ក្លឹបហែលទឹកក្រសួងព័ត៌មាន ដែលកំពុងមានការរីកចម្រើន ហើយបាននាំយកនូវមេដាយ និងកិត្តិយស ជូនក្រសួងព័ត៌មាន ពិសេសបានឈ្នះមេដាយពីការប្រកួតអន្តរជាតិ មកជូនប្រទេសជាតិ ថែមទៀតផង ។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញឱ្យបង្កើតបន្ថែមនូវប្រភេទកីឡាផ្សេងៗទៀតក្រៅពីកីឡាហែលទឹក ដូចជាក្រុមកីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាវាយឃ្លីលើតុ កីឡាបូល និងប៉េតង់ ដើម្បីឱ្យមន្រ្តីរាជការចូលរួមលេងសប្បាយ ធ្វើអោយសុខភាពរាងកាយរឹងមាំ ហើយជាការផ្លាស់ប្តូរបរិយាកាស សម្រាប់បង្កើនផលិតភាពការងារបានកាន់តែល្អបន្ថែមទៀត ។
ឯកឧត្តម នេត្រ ភក្ត្រា ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានគាំទ្រដល់ការបង្កើតក្លឹបហែលទឹកក្រសួងព័ត៌មាននេះឡើង ដើម្បីជួយដល់កូនចៅ របស់មន្រ្តីរាជការក្រសួងព័ត៌មាន ដែលមានចំណង់ចំណូលចិត្តខាងកីឡាហែលទឹក បានមករៀន ហ្វឹកហាត់ និងការចំណាយថវិកាអស់តិច ។
ឯកឧត្តម នេត្រ ភក្ត្រា ប្រធានកិត្តិយសក្លឹបហែលទឹកក្រសួងព័ត៌មាន បាន បញ្ជាក់អំពីគម្រោងរៀបចំការប្រកួតកីឡាហែលទឹក របស់ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា ។ ឯកឧត្តម រដ្ឋមន្រ្តី បានជំរុញឱ្យមន្រ្តីរាជការក្រសួងព័ត៌មាន នាំកូនចៅ មកចុះឈ្មោះចូលក្លឹបហែលទឹក បានច្រើនបន្ថែមទៀត ។
ឯកឧត្តម នេត្រ ភក្ត្រា បានឧបត្តម្ភថវិកាចំនួន ១ ០០០ ដុល្លារ ដល់ក្លឹបហែលទឹកក្រសួងព័ត៌មាន ផ្តល់សម្លៀកបំពាក់កីឡា ក្នុង ១ឆ្នាំ ម្នាក់ ២កំប្លេ , ជាមួយនេះ បានចែកជូន មី និង ភេសជ្ជៈ ដល់ក្មួយៗជាកីឡាករហែលទឹកបានមកចូលរួមនាឱកាសនេះផងដែរ ៕
ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា