ធនាគារពិភពលោកផ្តល់ជំនួយ ១៦៣លានដុល្លារ ជួយផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ នៅក្នុងខេត្តចំនួន៤ (Video Inside)
ធនាគារពិភពលោកបានយល់ព្រមជួយកម្ពុជា លើគម្រោងមួយតម្លៃ ១៦៣លានដុល្លារ ដើម្បីការជួយពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ នៅក្នុងខេត្តចំនួន៤ ដែលមានពលរដ្ឋរស់នៅ ១៧ម៉ឺន៥ពាន់នាក់។
សេចក្តីប្រកាសរបស់ធនាគារពិភពលោក ថ្ងៃទី២១វិច្ឆិកាពីរដ្ឋធានីវ៉ាស្ហ៊ីនតោន បានសរសេរថា «ថ្វីត្បិតប្រទេសកម្ពុជា មានវឌ្ឍនភាពច្រើន នៅក្នុងការបង្កើនលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យគួរឲ្យកត់សម្គាល់ ប៉ុន្តែនៅមានកិច្ចខិតខំចាំបាច់ដែលត្រូវធ្វើថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅទី៦ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ ស្តីពីទឹកស្អាត និងអនាម័យសម្រាប់ទាំងអស់គ្នា ត្រឹមឆ្នាំ២០៣០»។
ធនាគារពិភពលោកបានថ្លែងថា គិតត្រឹមឆ្នាំ២០២២ ប្រជាជនកម្ពុជាមិនដល់១ភាគបីទេ ដែលមានលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹក ដែលមានការគ្រប់គ្រងដោយសុវត្ថិភាព។ ប្រជាជនប្រមាណលើសមួយភាគបីបន្តិចប៉ុណ្ណោះ ដែលមានលទ្ធភាពប្រើប្រាស់សេវាអនាម័យ ដែលមានការគ្រប់គ្រង់បានល្អ។
ប្រធានគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា លោកស្រី ម៉ារីយ៉ាម សាលីម បានថ្លែងថា ការជួយលើគម្រោងតម្លៃ ១៦៣លានដុល្លារ «នឹងជួយរដ្ឋាភិបាល ក្នុងការកសាងគ្រឹះ រឹងមាំមួយ សម្រាប់ផ្តល់សេវាចាំបាច់ទាំងនេះទៅដល់ប្រជាជនកម្ពុជា ហើយវានឹងនាំមកនូវអត្ថប្រយោជន៍ភ្លាមៗដល់ស្ត្រី និងអ្នកក្រីក្រនៅតាមទីជនបទ ដែលបច្ចុប្បន្នមិនទាន់ទទួលបានសេវាទាំងនេះ»។
ខេត្តទាំងបួនដែលជាគោលដៅរបស់គម្រោងនេះរួមមាន ខេត្តបាត់ដំបង, ពោធិ៍សាត់, មណ្ឌលគិរី និងកណ្តាល៕