ឯកឧត្តម តាន់ ហ្សង់ ហ្វ្រង់ស័រ៖ តុល្យការបីខែដំបូងនៃសកម្មភាព ទូតរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលថ្មីនៃ កម្ពុជា ស្តែងឱ្យឃើញនូវ ជ្រុងឬមុមសំខាន់ៗ ចំនួនបី

ភ្នំពេញ៖ ឯកឧត្តម តាន់ ហ្សង់ ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលលបន្ទុក កិច្ចការ ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា បីខែក្រោយពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឡើងគ្រប់គ្រងព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជានាយករដ្ឋមន្ត្រី បើពិនិត្យមើល សម្តេចធិបតី នៅលើឆាកតំបន់និងអន្តរជាតិ, បើពិនិត្យមើលលម្អិតទៅលើរបៀបធ្វើសកម្មភាពទូត និងលទ្ធផលនៃសកម្មភាពទូតរបស់ សម្តេចធិបតី ក្នុងអំឡុងបីខែចុងក្រោយនេះ គេនឹងយល់ភ្លាមថា នយោបាយការបរទេសរបស់ប្រមុខរាជរដ្ឋាភិបាលថ្មីនៃកម្ពុជា ស្តែងឱ្យឃើញនូវ ជ្រុងឬមុមសំខាន់ៗ ចំនួនបី៖

ទី១ គឺ ការទូតសកម្ម
ទី២ គឺ ស្នូលសេដ្ឋកិច្ចនៃសកម្មភាពទូត
ទី៣ គឺ សារៈសំខាន់នៃសារនយោបាយទូត

ឯកឧត្តម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា អ្វីដែលគួរកត់សម្គាល់មុនគេ, ពេលនិយាយពីសកម្មភាពទូតបីខែចុងក្រោយនេះ, គឺ ការទូតដ៏សកម្មខ្លាំងមែនទែនរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត។ ក្នុងអំឡុងពេលជិត១០០ថ្ងៃចុងក្រោយនេះ សម្តេចធិបតី ធ្វើដំណើរឆ្លងកាត់ទ្វីបចំនួន៣ និង ប្រទេសចំនួន៤, ធ្វើដំណើរទៅមក ពីក្នុងស្រុក-ទៅក្រៅស្រុក-ពីក្រៅស្រុក-មកក្នុងស្រុកវិញ គិតជាចម្ងាយសរុបប្រមាណជិត៦ម៉ឺនគីឡូម៉ែត្រ។ សកម្មភាពនៅក្រៅស្រុកទាំងអស់នេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ រួមមាន ៖

ក.ចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងយ៉ាកាតា ប្រទេសឥណ្ឌូណេស៊ី ពីថ្ងៃ៤ដល់៧កញ្ញា។
ខ.បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិននិងចូលរួមក្នុងពិព័ណ៍អាស៊ាន-ចិន ពីថ្ងៃ១៤ដល់១៧កញ្ញា។

គ.ចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ពីថ្ងៃ២១ដល់២៣ ខែកញ្ញា។

ឃ.ចូលរួមក្នុងវេទិកាខ្សែក្រវាត់និងផ្លូវលើកទី៣ នៅទីក្រុងប៉េកាំងប្រទេសចិន, រួចហើយបង្ហួសទៅចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ពីថ្ងៃ១៦ដល់ថ្ងៃ២១តុលា។
ឯកឧត្តម គូស បញ្ជាក់បន្ថែមថា ការទូតមួយសកម្មខ្លាំង សម្រាប់សម្តេចធិបតី ពីព្រោះមានព្រឹត្តការណ៍អន្តរជាតិច្រើនដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាត្រូវចូលរួម។ ម្យ៉ាងទៀត ពីព្រោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដាក់ចេញជាគោលការណ៍ថា ត្រូវតែពង្រីកមិត្តភាពថ្មី ពង្រឹងមិត្តភាពចាស់ និងតាមរយៈអភិក្រមការទូតនេះ ណែនាំថ្នាក់ដឹកនាំពិភពលោកឱ្យស្គាល់ សម្តេច ក្នុងឋេរវេលាមួយដ៏ខ្លីជាទីបំផុត។ សម្រាប់ សម្តេចធិបតី, ការស្គាល់ សម្តេច ជានាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជា ពីសំណាក់បណ្តាប្រទេសជិតខាង បណ្តាប្រទេសក្នុងតំបន់ និង បណ្តាប្រទេសដទៃទៀតក្នុងលោក ទោះជាគោលការណ៍ ជាផ្លូវការ ឬជាសាច់ការណ៍ជាក់ស្តែងយ៉ាងណាក៏ដោយ ជាការមួយចាំបាច់និងប្រញាប់ជាទីបំផុត។ ចាំបាច់ជាទីបំផុត ពីព្រោះ បន្តវេនពី សម្តេចតេជោ ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវធ្វើការជាមួយថ្នាក់ដឹកនាំបរទេស ជាទ្វេភាគី ឬជាពហុភាគី ក្នុងក្របខណ្ឌ អនុតំបន់ តំបន់ និងអន្តរជាតិ។ ប្រញាប់ជាទីបំផុត ពីព្រោះ សម្តេចធិបតី មិនចង់ខាតពេល, ហើយចង់រួសរាន់ប្រមូលកម្លាំងកាយនិងកម្លាំងប្រាជ្ញា ដើម្បីងាកមកចាត់ចែងកិច្ចការផ្ទៃក្នុងប្រទេសឱ្យបានឆាប់ជាទីបំផុត។

ឯកឧត្តម តាន់ ហ្សង់ ហ្វ្រង់ស័រ បានឱ្យដឹងថា បន្ថែមថា ក្នុងរយៈពេលបីខែចុងក្រោយនេះ រាប់ទាំងនៅក្រៅស្រុកនិងទាំងនៅក្នុងស្រុក សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបជាទ្វេភាគី ជាមួយថ្នាក់ដឹកនាំបរទេសចំនួន៤៥លើក រាប់តាំងពីប្រធានាធិបតី(Xi Jinping, Joko Widodo, Vo Van Thuong, Thongloun Sisoulith, Yoon Suk Yeol, José Ramos-Horta) រាប់តាំងពីនាយករដ្ឋមន្ត្រី(Li Qiang, Fumio Kishida, Pham Minh Chinh, Phankham Viphavanhm, Srettha Thavisin), រាប់តាំងពីអគ្គលេខាធិការអង្គការសហប្រជាជាតិ, ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី(Subrahmnyam Jaishankar, Victoria Nuland, Mauro Vieira), ប្រធានរដ្ឋសភា, សមាជិកព្រឹទ្ធសភា និងឯកអគ្គរដ្ឋទូត ដូចជា ឯកអគ្គរដ្ឋទូតរបស់សហភាពអឺរ៉ុប, អាមេរិក, អង់គ្លេស, ឥណ្ឌា, រុស្ស៊ី…។ល។

ឯកឧត្តម បន្ថែមថា អភិក្រមដែល សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញក្នុងការណែនាំនិងញ៉ាំងថ្នាក់ដឹកនាំពិភពលោកឱ្យស្គាល់សម្តេច មែនទែនទៅ ប្រព្រឹត្តទៅរលូនល្អនិងយ៉ាងងាយស្រួលជាទីបំផុត។ ទាំងនេះគឺមកពី សម្តេចធិបតី ជានាយករដ្ឋមន្ត្រីស្របច្បាប់។ ជានាយករដ្ឋមន្ត្រីស្របច្បាប់ ពីព្រោះដើមឡើយ ឯកឧត្តម ហ៊ុន ម៉ា ណែត ត្រូវបានតែងតាំងជាបេក្ខជនផ្លូវការនៃបក្សប្រជាជនកម្ពុជា ពីព្រោះបន្ទាប់មក បក្សប្រជាជនកម្ពុជាជាអ្នកឈ្នះឆ្នោតនៅខែកក្កដា២០២៣, ពីព្រោះក្រោយមកទៀត ព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់ឱ្យចាត់តាំងបេក្ខជន ហ៊ុន ម៉ា ណែត ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧នៃរដ្ឋសភា និងពីព្រោះនៅទីបំផុត រដ្ឋសភាថ្មីបោះឆ្នោតគាំទ្រ បេក្ខជន ហ៊ុន ម៉ា ណែត ជានាយករដ្ឋមន្ត្រី។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលលបន្ទុក កិច្ចការ ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងថា យ៉ាងណាមិញ ការណ៍ដែលថ្នាក់ដឹកនាំបរទេសស្គាល់ សម្តេចធិបតី យ៉ាងលឿនរហ័សនិងយ៉ាងងាយស្រួលជាទីបំផុត គឺក៏ដោយសារតែគុណសម្បត្តិផ្ទាល់ខ្លួនជាច្រើនរបស់ សម្តេចធិបតី ដែរ។ ក្នុងចំណោមគុណសម្បត្តិទាំងនោះ, រួមមានទីមួយ គឺសមត្ថភាពនិងចំណេះដឹងAcademicដែលមិនចាំបាច់បង្ហាញនិងដែលសញ្ញាបត្ររបស់ សម្តេច ជាអ្នកបង្ហាញជំនួស។ និយាយបែបផ្សេង ថ្នាក់ដឹកនាំបរទេស មុននឹងជួប សម្តេច សុទ្ធតែដឹងថា សម្តេច ធិបតី ហ៊ុន ម៉ាណែត ចេញពីសាលាយោធាអាមេរិកWest Point, និងជាបណ្ឌិតសេដ្ឋកិច្ចចេញពីមហាវិទ្យាល័យអង់គ្លេសBristol។ ទីពីរ គឺសមត្ថភាពដ៏ជាក់ច្បាស់មួយដែលសម្តេចធិបតីបាននិងកំពុងបន្តបង្ហាញ, នោះគឺការក្តាប់បានយ៉ាងល្អនិងយ៉ាងលម្អិត សំណុំរឿងម៉ាក្រូ ដូចជាបញ្ហាភូមិសាស្ត្រនយោបាយពិភពលោក, បញ្ហាសេដ្ឋកិច្ចពិភពលោក និងសំណុំរឿងមីក្រូ ដូចជាទំនាក់ទំនងទ្វេភាគីគ្រប់វិស័យរវាងកម្ពុជានិងបណ្តាប្រទេសជិតខាង ឬរវាងកម្ពុជានិងបណ្តាប្រទេសក្នុងតំបន់ ឬក៏រវាងកម្ពុជានិងបណ្តាប្រទេសដទៃផ្សេងទៀតនៅក្នុងលោក។ រីឯគុណសម្បត្តិទីបីវិញ របស់ សម្តេចធិបតី គឺរួមមាន ការចេះនិងពូកែដឹកនាំដែលមានមកពីធម្មជាតិ Natural Leadership, និង បុគ្គលិកលក្ខណៈសុភាពរាបសារតែម៉ឺងម៉ាត់។ល។និង ។ល។…

ឯកឧត្តម បន្តថា ជាលទ្ធផលជាក់ស្តែង នៅក្នុងវិស័យការទូត គឺជាជោគជ័យធំ ម្យ៉ាង ថ្នាក់ដឹកនាំបរទេស ក្នុងឆាកតំបន់អាស៊ីក៏ដូចក្នុងឆាកអន្តរជាតិ ទទួលស្គាល់និងស្គាល់រឹងរឹតពីច្បាស់ឡើង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ម្យ៉ាងទៀត ជោគជ័យមានលក្ខណៈធំ ពីព្រោះក្នុងរយៈពេលតែបីខែប៉ុណ្ណោះ សម្តេចធិបតី ពង្រឹងបានល្អ «មិត្តភាពចាស់» ពិសេស ជាមួយបណ្តាប្រទេសជិតខាង, ដូចជា ថៃ វៀតណាម ឡាវ, ជាមួយបណ្តាប្រទេសក្នុងអាស៊ាន, ជាមួយបណ្តាប្រទេសក្នុងតំបន់, ដូចជា ចិន, រុស្ស៊ី, ជប៉ុន, កូរ៉េខាងត្បូង, ឥណ្ឌា, ព្រមទាំងជាមួយបណ្តាប្រទេសអឺរ៉ុបនិងអាមេរិក។ ម្យ៉ាងចុងក្រោយ, ជោគជ័យមានលក្ខណៈធំ ពីព្រោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេលបីខែកន្លងទៅនេះ ផ្តើមពង្រីកបានល្អ«មិត្តភាពថ្មី»ក្នុងវិស័យការទូត, ឧទាហរណ៍ជាមួយកោះឃុក(Cook Island)…

ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលលបន្ទុក កិច្ចការ ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ រូបគូសបញ្ជាក់ថា អ្នកណាក៏កត់សម្គាល់ឃើញដែរ ទាំងបណ្តាប្រតិភូដទៃដែលអមដំណើរ សម្តេច ព្រមទាំងអស់លោកដែលជាអ្នកសារព័ត៌មាន, សុទ្ធតែកត់សម្គាល់ឃើញថា អាទិភាពចំបងមួយធំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺការទូតសេដ្ឋកិច្ច ឬស្នូលសេដ្ឋកិច្ចនៃសកម្មភាព បើតាមពាក្យសំដីរបស់ សម្តេចផ្ទាល់ គឺ ដើរទាក់ម៉ូយ និយាយបែបផ្សេង គឺ ស្វែងរកប្រយោជន៍សេដ្ឋកិច្ចមកឱ្យប្រជាជាតិកម្ពុជា។ ក្នុងន័យនេះ គ្រប់ជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំបរទេស សុទ្ធតែជាឱកាសសម្រាប់ សម្តេចធិបតី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយថ្នាក់ដឹកនាំបរទេសទាំងអស់ សុទ្ធតែឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើច្រើនវិស័យ ដូចជា ពាណិជ្ជកម្ម វិនិយោគកសិកម្ម អប់រំ ទេសចរណ៍ វប្បធម៌ ការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងពិសេស ការតភ្ជាប់រវាងប្រជាជននិងប្រជាជន។

ក្នុងន័យដូចគ្នា គ្រប់ទស្សនកិច្ចនៅបរទេស គ្រប់ព្រឹត្តការណ៍តំបន់និងអន្តរជាតិផ្សេងៗ ក៏ដូចព្រឹត្តការណ៍មួយចំនួនក្នុងនៅក្នុងស្រុកខ្មែរ សុទ្ធតែជាឱកាសសម្រាប់ សម្តេចធិបតី ដើម្បីជួបធុរជននិងវិនិយោគិនបរទេស ក្នុងគោលដៅ ទាក់ទាញពួកគេឱ្យបង្កើនការដាក់ទុនរកស៊ីនៅកម្ពុជា, ក្នុងគោលដៅ បញ្ចុះបញ្ចូលពួកគេ ឱ្យមកសិក្សាពីលទ្ធភាពវិនិយោគនៅកម្ពុជា និងសុទ្ធសឹងជាឱកាស សម្រាប់ សម្តេចធិបតី ដើម្បីចូលរួមក្នុងវេទិកាធុរកិច្ច(រួមមានជាអាទិ៍ កិច្ចប្រជុំធុរកិច្ចនិងវិនិយោគអាស៊ាន នៅហ្សាការតា, កិច្ចប្រជុំកំពូលធុរកិច្ចក្នុងក្របខណ្ឌកិច្ចព្រមព្រៀងអាសិប នៅណាននីង, វេទិកា ធុរកិច្ចសហរដ្ឋអាមេរិក-កម្ពុជា, នៅញូវយ៉ក, ជំនួបនៅភ្នំពេញរវាង សម្តេចធិបតី និងក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន។ល។និង។ល។)។ ហើយជាទូទៅ ធុរជននៃតំបន់អាស៊ាន និងអន្តរជាតិ សុទ្ធតែបង្ហាញនូវបំណងចង់មកបណ្តាក់ទុនវិនិយោគ នៅកម្ពុជា។ ចំពោះ សម្តេចធិបតី ទាំងអស់នេះ គឺសម្រាប់ផលប្រយោជន៍របស់ជាតិខ្មែរ សម្រាប់ផលប្រយោជន៍របស់ប្រជាជនខ្មែរ។ ហើយ ការស្វែងរកប្រយោជន៍សេដ្ឋកិច្ចមកជូនប្រជាជាតិខ្មែរនេះ គឺសុទ្ធតែត្រូវបន្ស៊ីគ្នាទៅនឹង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ពោលគឺ ក្នុងគោលដៅនាំមកនូវ «កំណើន ការងារ ប្រសិទ្ធភាព និង ចីរភាព» និងក្នុងគោលដៅកំណត់យកអាទិភាពគន្លឹះទាំង៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ពិសេស បច្ចេកវិទ្យាឌីជីថល »។

ឯកឧត្តម តាន់ ហ្សង់ ហ្វ្រង់ស័រ បានបង្ហាញជាលទ្ធផលជាក់ស្តែងនៃសកម្មភាពទូតរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលថ្មីនៃកម្ពុជា រួមមាន ដូចជា ៖
ក. ជាមួយចិន ៖ នៅក្នុងថ្នាល នៃការអនុវត្ត កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និង នៅក្នុងន័យ នៃការបន្តពង្រឹង មិត្តភាពដែកថែប កម្ពុជានិងចិនកំណត់យកឆ្នាំ២០២៤ខាងមុខនេះ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដើម្បីជំរុញកំណើនវិស័យទេសចរណ៍។ និយាយបែបផ្សេង ឆ្នាំ២០២៤ខាងមុខនេះ បើគ្មានអ្វីប្រែប្រួលទេ គឺជាការវិលវិញ, វិលមកកម្ពុជាវិញនៃអ្នកទេសចរចិន ជួនចំពេលដែលអាកាសយានដ្ឋានថ្មីសៀមរាបអង្គរ សាងសង់ឡើងក្នុងក្របខណ្ឌនៃគំនិតផ្តួចផ្តើមក្រវាត់និងផ្លូវ ទើបតែត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ថ្មីៗកន្លងទៅនេះ ដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត។ ក្នុងន័យដូចគ្នា ទីក្រុងប៉េកាំងនិងទីក្រុងភ្នំពេញ ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈការបន្ស៊ីចូលគ្នានូវគំនិតផ្តួចផ្តើមក្រវាត់និងផ្លូវរបស់ចិនជាមួយយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា។ គឺ នៅត្រង់នេះហើយ ដែលគេគួរយល់អត្ថន័យនិងអត្ថប្រយោជន៍ នៃការចុះហត្ថលេខាលើឯកសារជាង២០រវាងចិននិងកម្ពុជា ក្នុងនោះរួមមានជាអាទិ៍ ឯកសារស្តីពីផែនការសកម្មភាព ក្នុងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី២០២៤ -២០២៨។ គឺនៅត្រង់នេះហើយដែរ ដែលគេអាចយល់បាននូវការបន្តបោះជំហានទៅមុខនៃគម្រោងសាងសង់«ព្រែកជីកហ្វូណនតេជោ»ដ្បិតរាជរដ្ឋាភិបាលកម្ពុជាទើបតែចុះកិច្ចព្រមព្រៀងអនុញ្ញាតឱ្យក្រុមហ៊ុនចិនសិក្សាលម្អិតលើគម្រោងនេះ មុននឹងឈានដល់ការចរចាដែលដៅទៅរកដំណាក់កាលចុងក្រោយ នោះគឺការចុះកិច្ចព្រមព្រៀងសាងសង់។

ខ. ដោយឡែក ជាមួយបណ្តាប្រទេសដទៃ ៖ ជាលិទ្ធផលជាក់ស្តែង គឺអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជានិងហ្វីលីពីន ក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាសមីក្រូ-ធុនតូចនិងមធ្យម។ ដូចគ្នា គឺការគាំទ្រពីសំណាក់បណ្តាប្រទេសជាច្រើន ដូចជាចិន ហ្វីលីពីន ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ក្នុងការបង្កើននាំចូលទំនិញពីកម្ពុជា ពិសេស គឺអង្ករ។ និយាយបែបផ្សេង គំនិត គម្រោង ផ្លៃផ្កាដំបូង បាននិងកំពុងបន្តលេចចេញឡើង តាមរយៈការពិភាក្សានានា ក្នុងឱកាសជំនួបទ្វេភាគីផ្សេងៗ ដែលពេលវេលាភាគច្រើនផ្តោតទៅលើសេដ្ឋកិច្ច។

គ.ជាមួយវិស័យឯកជន៖ ជាលទ្ធផល គឺអនុស្សៈនៃការយោគយល់ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន ចិន Alibaba ដើម្បីដាក់លក់ផលិតផលកម្ពុជាដោយត្រង់នៅលើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអាឡិចត្រូនិចរបស់ក្រុមហ៊ុន
យក្សរបស់ចិនមួយនេះ។

ឯកឧត្តម បញ្ជាក់បន្ថែមថា បន្ថែមពីលើការទូតសកម្ម បន្ថែមពីលើស្នូលសេដ្ឋកិច្ចនៃការទូត គេអាចនិយាយបានថា អ្វីដែលសំខាន់សម្រាប់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេលបីខែចុងក្រោយនេះគឺសារច្បាស់លាស់នៃនយោបាយទូត។ កិច្ចការបរទស របស់សម្តេចធិបតី ក្នុងរយៈពេលបីខែចុងក្រោយនេះ ផ្តោតខ្លាំងណាស់ ទៅលើសារនយោបាយនៃប្រទេសកម្ពុជា។ នៅក្នុងពិភពលោកមួយរាតត្បាតដោយសង្គ្រាម, ដូចជាសង្គ្រាមនៅភូមា, នៅអ៊ុយក្រែន, និងថ្មីៗនេះនៅហ្កាហ្សា, សម្តេចធិបតី ប្រឹងប្រែងបន្ទរសំឡេងកម្ពុជា, សំឡេងនៃការប្រឆាំងនឹងសង្គ្រាម។

ក.កម្ពុជាប្រឆាំងនឹងសង្គ្រាម ពីព្រោះកម្ពុជា ជាប្រទេសតូចមែនពិត តែមានបទពិសោធន៍ធំ, បទពិសោធន៍នៃមហាសោកនាដកម្មមួយពាន់ជំពូកបង្កឡើងដោយសង្គ្រាម។ ដូចគ្នា សម្តេចធិបតី បន្ទរសំឡេងកម្ពុជា ដើម្បីប្រឆាំងនឹង«ការគំរាមប្រើប្រាស់ ឬ ការប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ, ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនិងការឈ្លានពានរដ្ឋឯករាជ្យណាមួយ» ។

ខ.កម្ពុជាចង់ឱ្យកម្ពុជាខ្លួនឯងបន្តមានសន្តិភាព ចង់ឱ្យតំបន់ និងពិភពលោក ស្គាល់សុខសន្តិភាព ដើម្បីអាចបន្តអភិ វឌ្ឍ។ នៅលើវេទិកាអាស៊ាន ក៏ដូចនៅលើវេទិកា អ.ស.ប, សម្តេចធិបតី ថ្លែងដាស់តឿនថា សន្តិភាពនិងការអភិវឌ្ឍចិញ្ចឹមគ្នាទៅវិញទៅមក, ក្នុងន័យថា គ្មានឡើយការអភិវឌ្ឍបើគ្មានសន្តិភាព ហើយសន្តិភាពក៏មិនឋិតថេរយូរលង់បានដែរ បើគ្មានការអភិវឌ្ឍ។

គ. ដូចគ្នា តាំងពីដំបូងមក ពេលជួបជាទ្វេភាគីឬជាពហុភាគីជាមួយថ្នាក់ដឹកនាំបរទេស នៅលើវេទិកាតំបន់ ឬនៅ លើវេទិកាអន្តរជាតិ សម្តេចធិបតី តែងតែគូសបញ្ជាក់ហើយគូសបញ្ជាក់ទៀតថា កម្ពុជាផ្លាស់ប្តូរនាយករដ្ឋមន្ត្រី ប៉ុន្តែមិនផ្លាស់ប្តូរឡើយស្នូលនៃនយោបាយការបរទេស។ គឺជាសារមួយដែល សម្តេចធិបតី យល់ឃើញថា ត្រូវតែផ្សព្វផ្សាយឡើងវិញ ឱ្យបានច្បាស់និងទូលំទូលាយ នៅក្នុងបរិបទនៃពិភពលោកមួយតានតឹង ស្មុគស្មាញ និង ប្រកបដោយគ្រោះថ្នាក់ និងពីព្រោះកម្ពុជាដែលឋិតនៅចំកណ្តាលបេះដូងនៃអាស៊ី-ប៉ាស៊ីហ្វិកដ៏តានតឹង បាននិងកំពុងបន្តទទួលរងនូវឥទ្ធិពល សម្ពាធ និង ផលវិបាក ពីខាងក្រៅ។ ម្ល៉ោះហើយ ដើម្បីបន្តការពារឧត្តមប្រយោជន៍នៃជាតិមាតុភូមិកម្ពុជា ក្នុងអំឡុងពេលបីខែចុងក្រោយនេះ សម្តេចធិបតី អះអាងហើយអះអាងទៀតថា នយោបាយការបរទេសរបស់កម្ពុជា បន្តផ្តោតសារៈសំខាន់ លើគោលការណ៍ ចំនួន៥ ៖
ទី១ បន្តការពារផលប្រយោជន៍ស្នូលរបស់កម្ពុជា ដោយទាមទារឱ្យបរទេសគោរពអធិបតេយ្យបូរណភាពទឹកដី ឯករាជ្យ និង ភាពចាំបាច់របស់ជាតិមាតុភូមិយើងក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។ បន្តការពារផលប្រយោជន៍ស្នូលរបស់កម្ពុជា ដោយប្រឆាំងនឹងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃប្រទេសជាតិយើងពីសំណាក់បរទេស និងដោយបន្តការពារកិត្តិយស, កិត្តិនាមនៃកម្ពុជាយើង, និងផលប្រយោជន៍របស់ពលរដ្ឋយើងនៅក្រៅប្រទេស។
ទី២ បន្តអនុវត្តនយោបាយការបរទេសមួយឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិនិងផលប្រយោជន៍គោលរបស់ជាតិយើង និងដោយផ្អែកលើការគោរពនិយាម គោលបំណង និង គោលការណ៍នានានៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និង របស់អាស៊ាន។
ទី៣ បន្តរួមចំណែកថែរក្សា និង ពង្រឹង សន្តិភាព ស្ថិរភាព ព្រមទាំងវិបុលភាពតំបន់ និង សកលលោក។
ទី៤ បន្តរួមចំណែកក្នុងការពង្រឹងពហុភាគីនិយម ដោយបន្តចូលរួមយ៉ាងសកម្មក្នុងវេទិកាតំបន់និងអន្តរជាតិ។
ទី៥ បន្តអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ដោយបន្តរឹតចំណងសេដ្ឋកិច្ចជាមួយដៃគូចាស់និងថ្មី។ គោលដៅគឺធ្វើឱ្យកម្ពុជាយើងបន្តការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ឃ. គោលការណ៍សំខាន់ៗមួយចំនួនធំនៃនយោបាយការបរទេសកម្ពុជា, ដូចដែល សម្តេចធិបតី តែងតែរំឭកឡើងជាញឹកញយក្នុងអំឡុងពេលបីខែចុងក្រោយនេះ, គឺសុទ្ធតែត្រូវផ្តួចផ្តើមឡើងជាយូរអង្វែងណាស់មកហើយ ដោយព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ, និងដែល សម្តេចតេជោ ហ៊ុន សែន រហូតដល់ថ្ងៃទី២២សីហាកន្លងទៅនេះ កែលម្អនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួន។ មិនតែប៉ុណ្ណោះ ស្នូលនយោបាយការបរទេសនេះរបស់កម្ពុជា គឺជាអ្វីដែល សម្តេចធិបតី ត្រូវតែបន្តអនុវត្តដោយឥតងាករេ ដ្បិតវាសុទ្ធតែត្រូវអនុម័តនិងតម្រូវឱ្យបន្តអនុវត្តដោយគណបក្សប្រជាជនកម្ពុជា។

គោលការណ៍សំខាន់ៗទាំងនេះនៃនយោបាយការបរទេសកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងយ៉ាងលម្អិតនៅក្នុងសុន្ទរកថារបស់សម្តេច កាលសម័យប្រជុំនៃមហាសន្និបាត អ.ស.ប ថ្ងៃ២២កញ្ញា២០២៣ នៅញូវ យ៉ក សហរដ្ឋអាមេរិក។ កាលណោះ សម្តេចថ្លែងជាអាទិ៍ថា «ប្រទេសកម្ពុជានឹងបន្តដើរលើមាគ៌ានយោបាយការបរទេសបច្ចុប្បន្ន ដែលឯករាជ្យ អព្យាក្រឹត ផ្អែកលើច្បាប់ គោរពគ្នាទៅវិញទៅមកដោយស្មើភាព និងប្រកាន់ខ្ជាប់គោលការណ៍នៃធម្មនុញ្ញ អ.ស.ប ដើម្បីលើកតម្កល់ផលប្រយោជន៍ជាតិ។» គឺនៅក្នុងថ្ងៃនោះហើយ និងតាមរយៈសុន្ទរកថាដដែល ដែល សម្តេចធិបតី ថ្លែងសារមួយសំខាន់និងខ្លាំង នោះគឺ «កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីខ្លួន ដូចមានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ» មុននឹងបន្ថែមថា «កម្ពុជាមិនអនុញ្ញាតឱ្យបរទេសណាមួយ ឬ ក្រុមណាមួយ ប្រើប្រាស់ទឹកដីកម្ពុជាប្រឆាំងនឹងប្រទេសផ្សេងទេ»។

ឯកឧត្តម តាន់ ហ្សង់ ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលលបន្ទុក កិច្ចការ ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា បីខែក្រោយពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គេអាចសេចក្តីសន្និដ្ឋានបានថា៖
នយោបាយការបរទេស របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នារយៈពេលបីខែចុងក្រោយនេះ គឺជាការបន្តអនុវត្ត គោលគំនិត និរន្តរភាព និង សង្គតិភាព។ គឺជានយោបាយការបរទេសមួយ ដែលកំពុងក្លាយជាឧបករណ៍មួយបែបប្រព័ន្ធនិងជាជំហរនយោបាយមួយច្បាស់លាស់។ វាបាននិងកំពុងបន្តអនុញ្ញាតឱ្យព្រះរាជាណាចក្រកម្ពុជា សម្របសម្រួលខ្លួន ទៅក្នុងឆាកតំបន់ និង ទៅក្នុងឆាកអន្តរជាតិ។ គឺនៅក្នុងថ្នាលនយោបាយការបរទេសកម្ពុជាដ៏យូរលង់នេះ ហើយ ដែល ក្នុងអំឡុងពេលបីខែចុងក្រោយនេះ សម្តេចធិបតី អនុវត្ត ការទូតមួយសកម្ម, ការទូតសេដ្ឋកិច្ច, និងពង្រឹងជំហរនៃកម្ពុជា តាមរយៈការពង្រឹងសារនយោបាយជាតិ នៅចំពោះមុខពិភពលោក។

ជោគជ័យ សម្រាប់ សម្តេចធិបតី ផ្ទាល់ ពិតជាមានមែន។ ការទូតមួយសកម្ម អនុញ្ញាតឱ្យ ថ្នាក់ដឹកនាំបរទេស ស្គាល់និងទទួលស្គាល់យ៉ាងពេញលេញ នាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជា។ ដូចគ្នា ការទូតសេដ្ឋកិច្ចដែលកំពុងក្លាយជាស្នូលដ៏សំខាន់ជាងគេបង្អស់មួយនៃនយោបាយការបរទេសរបស់កម្ពុជាក្នុងសករាជសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តផ្តើមនាំមកនូវផ្លែផ្កា នោះគឺប្រយោជន៍សេដ្ឋកិច្ច ដើម្បីឱ្យប្រជាជាតិកម្ពុជាបន្តអភិវឌ្ឈទៅមុខទៀត។ ដូចគ្នាដែរ ការណ៍ដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ឡើងវិញច្បាស់ៗនូវបន្ទាត់ធំៗនៃនយោបាយការបរទេសរបស់កម្ពុជា ក្នុងបរិបទអន្តរកាលនៅផ្ទៃក្នុងកម្ពុជា បាននិងកំពុងបន្តជួយកម្ពុជានៃយើងទាំងអស់គ្នា ឱ្យសម្របសម្រួលខ្លួនទៅក្នុងឆាកតំបន់និងទៅក្នុងឆាកអន្តរជាតិ ស្របពេលដែលភូមិសាស្ត្រនយោបាយពិភពលោកមានលក្ខណៈកាន់តែស្មុគស្មាញនិងកាន់តែតានតឹង៕

ដោយ លោកស្រី ឈុន លីដា , ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner