សាធារណរដ្ឋឆែក បន្តគាំទ្រកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា

ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា បានបង្ហាញការគាំទ្រចំពោះការចាប់ផ្តើមអនុវត្តកម្មវិធីថ្នាក់ជាតិចំនួន ២ របស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន “កម្មវិធីបណ្តុះបណ្តាល ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១,៥លាននាក់” និង “កម្មវិធីរបបសន្តិសុខ សង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស.”។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា សាធារណរដ្ឋឆែក ជាដៃគូដ៏សំខាន់ក្នុងការផ្តល់ការអប់រំដល់ប្រជាជន កម្ពុជា ជាក់ស្តែងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូប បានបញ្ចប់ការសិក្សាអប់រំពីសាធារណរដ្ឋឆែក នាពេលកន្លងមក ។

ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល នៃសាធារណៈរដ្ឋឆែក ដែលបាន ជួយគាំទ្រ ដល់កម្ពុជាទាំងវិស័យការងារ និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នាពេល កន្លងមក។ ជាក់ស្តែង តាមរយៈអង្គការ People In Need (PIN) នៃសាធារណរដ្ឋឆែក បានសហការគាំទ្រយ៉ាងខ្លាំង ជាមួយ ទីភ្នាក់ងារជាតិ និងមុខរបរ (NEA) រួមនិងការជួយទាំងផ្នែកឧបករណ៍សម្ភារៈបច្ចេកទេស គ្រូបង្គោល ជំនាញ បច្ចេកទេសជាដើម ដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង វិទ្យាស្ថានជាតិ វិជ្ជាជីវៈ បាត់ដំបង និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មទៀតផង។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងកម្មវិធីថែទាំ សុខភាព គឺជាចំនុច អាទិភាពនៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ដើម្បីធានា បាននូវមូល ធនមនុស្សប្រកបដោយគុណភាព និងសុខភាពល្អ ។

ទន្ទឹមនេះ ឯកឧត្តម បានស្នើដល់រដ្ឋាភិបាល នៃ សាធារណរដ្ឋឆែក ពិនិត្យលើការជួយគាំទ្រក្នុងការបង្កើតទារកដ្ឋាន និងមត្តេយ្យសិក្សាសហគមន៍ នៅក្នុង តំបន់រោងចក្រ ដើម្បីអាចធានាបាននូវការបង្កើតមូលធនមនុស្សជំនាន់ក្រោយប្រកបដោយគុណភាព និងសុខមាលភាពផងដែរ។

គួរបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋឆែក កំពុងរៀបចំកម្មវិធីកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ២០២៤-២០៣០ ដែលក្នុងនោះវិស័យអប់រំ និងវិស័យបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺវិស័យអាទិភាពសំខាន់នៅក្នុងរបៀបវារៈជាអាទិភាពសម្រាប់ការអភិវឌ្ឍនៃប្រទេសឆែក៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner