ប្រធានាធិបតីកូរ៉េខាងត្បូងនឹងជួបនាយករដ្ឋមន្ត្រីអង់គ្លេសដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មនិងសន្តិសុខ
ឡុងដ៍៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យោល(Yoon Suk Yeol )នឹងជួបជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសគឺលោក រាយស៊ី ស៊ូណាក់(Rishi Sunak) ដើម្បីចុះកិច្ចព្រមព្រៀងមួយសំដៅបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ ការពារជាតិ សន្តិសុខ និងបច្ចេកវិទ្យា។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអង់គ្លេសនេះដែរនឹងមាននូវការចុះកិច្ចព្រមព្រៀងសហការគ្នា ដើម្បីពង្រឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ទៅលើប្រទេសកូរ៉េខាងជើង។
ដោយឡែករហូតមកដល់ពេលនេះ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានចាប់ផ្តើមកិច្ចពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី (FTA) និងយល់ព្រមលើភាពជាដៃគូលើថាមពលស្អាត ខណៈដែលការវិនិយោគជាច្រើនត្រូវបានប្រកាសជាបន្តបន្ទាប់ ក្នុងនោះក៏មាននូវគម្រោងថាមពលខ្យល់នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងទឹកប្រាក់សរុប ១.១៦ ពាន់លានដុល្លារផងដែរ។
លោកប្រធានាធិបតីកូរ៉េខាងត្បូង ដែលជាអ្នកអភិរក្សនិយមនោះ បានលើកឡើងពីបញ្ហាប្រឈមជាសាកល ដែលជាហេតុផលមួយសម្រាប់បង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយដៃគូដែលមានគោលការណ៍ដូចគ្នា និងបានស្វាគមន៍ជាពិសេសទៅលើការពិភាក្សាដើម្បីធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កូរ៉េ-អង់គ្លេស ។
លោក Yoon បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់វេទិកាធុរកិច្ចថា៖ «ក្នុងអំឡុងពេលនៃការចរចា យើងនឹងបើកទូលាយក្នុងការទទួលយកទស្សនៈរបស់អ្នកធុរកិច្ចនៃប្រទេសទាំងពីរ សំដៅឈានទៅកំណត់បទដ្ឋានថ្មីស្តីពីឌីជីថល ខ្សែសង្វាក់ផ្គត់ផ្គង់»។
លោកបានបន្ថែមថា ប្រទេសកូរ៉េដែលបច្ចុប្បន្នជាអ្នកផលិតបន្ទះឈីបដ៏សំខាន់មួយដែរនោះ កាន់តែត្រូវការកិច្ចសហប្រតិបត្តិការជាមួយចក្រភពអង់គ្លេសបន្ថែមទៀតលើរឿងនេះ ដើម្បីអាច ជួយកាត់បន្ថយវិបត្តិសង្វាក់ផ្គត់ផ្គង់នាពេលអនាគត។
គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូងបានធ្វើដំណើរទៅដល់ប្រទេសអង់គ្លេសកាលពីថ្ងៃចន្ទ ទី២០ វិច្ឆិកា ដែលនេះជាដំណើរទស្សនៈកិច្ចលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ លោកត្រូវបានទទួលស្វាគមន៍ដោយកម្រាលព្រំក្រហមពីសំណាក់ព្រះអង្គម្ចាស់ Charles ដែលនេះជាលើកដំបូងដូចគ្នាក្នុងរាជ្យរបស់ទ្រង់ ក្រោយបានឡើងគ្រងរាជ្យកាលពីឧសភាកន្លងទៅ។
ចំណែក ទំហំពាណិជ្ជកម្មសរុបរវាងចក្រភពអង់គ្លេស និងកូរ៉េខាងត្បូងមានចំនួន ១៦,១ ពាន់លានផោន (២០,១ ពាន់លានដុល្លារ) គិតត្រឹមចុងខែមិថុនា នៃឆ្នាំ ២០២៣នេះ។
ប្រទេសទាំងពីរក៏គ្រោងនឹងប្រកាសគម្រោងវិនិយោគបន្ថែមទៀតនៅក្នុងទឹកដីចក្រភពអង់គ្លេស តែម្ដង ក្នុងទំហំទឹកប្រាក់ចំនួន ២១ ពាន់លានផោន ដែលគម្រោងទាំងនោះស្ថិតក្នុងវិស័យ ថាមពលបៃតង និងហេដ្ឋារចនាសម្ព័ន្ធ៕
ប្រែសម្រួល៖ កែវ បុស្បា