រដ្ឋមន្ត្រីមហាផ្ទៃថៃ ចេញបញ្ជាឱ្យបញ្ឈប់ការចេញអាជ្ញាបណ្ណកាំភ្លើង ក្នុងកិច្ចប្រឹងប្រែងគ្រប់គ្រងអាវុធ
ថៃ៖រដ្ឋលេខាធិការក្រសួងមហាផ្ទៃថៃលោកស្រី Traisuree Taisaranakul បាននិយាយថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក អានុទីន ឆានវីរ៉ាគុល បានចុះហត្ថលេខាលើបទបញ្ជាណែនាំដល់មន្ត្រីចុះបញ្ជីអាវុធ ឱ្យបញ្ឈប់ការចេញអាជ្ញាប័ណ្ណកាន់កាំភ្លើងរយៈពេល១ឆ្នាំ ដើម្បីទប់ស្កាត់អំពើហិង្សាដោយកាំភ្លើង។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នាថ្ងៃព្រហស្បតិ៍នេះ។
លោកស្រី Traisuree បញ្ជាក់ថា បទបញ្ជាដែលមានឈ្មោះ Por 12 នោះ គឺស្របតាមច្បាប់អាវុធ គ្រាប់រំសេវ គ្រឿងផ្ទុះ កាំជ្រួច និងអាវុធក្លែងក្លាយ។ បទបញ្ជានេះត្រូវបានបញ្ជូនទៅកាន់លោកនាយករដ្ឋមន្ត្រី លោក ស្រេតថា ថាវីស៊ីន ដើម្បីសុំការយល់ព្រម ដោយលោកស្រីបន្ថែមថា វានឹងចូលជាធរមាននៅថ្ងៃបន្ទាប់ពីវាត្រូវបានប្រកាសនៅក្នុងព្រះរាជសារ។
រដ្ឋលេខាធិការដដែលនិយាយថា បទបញ្ជាដែលជាវិធានការត្រួតពិនិត្យកាំភ្លើង មិនអនុវត្តចំពោះមន្ត្រីរដ្ឋដូចជាប៉ូលិសដែលអនុញ្ញាតឱ្យកាន់អាវុធ ពេលបំពេញកាតព្វកិច្ចនោះទេ។
កាលពីសប្តាហ៍មុន លេខាធិការអចិន្ត្រៃយ៍នៃក្រសួងមហាផ្ទៃ លោក Suthipong Chulcharoen បាននិយាយថា លោកបានណែនាំអភិបាលខេត្តឱ្យប្រាប់អ្នកចុះបញ្ជីអាវុធ ឱ្យបញ្ឈប់ការចេញអាជ្ញាបណ្ណ Por 12 នៅក្នុងខេត្តរបស់ពួកគេ។ អ្នកចុះបញ្ជីអាវុធតាមខេត្ត អាចរួមបញ្ចូលអភិបាលខេត្ត ចៅហ្វាយស្រុក និងចៅសង្កាត់រង ។ចំណែកអ្នកចុះបញ្ជីអាវុធនៅទីក្រុងបាងកក គឺអគ្គនាយកនៃនាយកដ្ឋានរដ្ឋបាលក្រុង។
លោក Suthipong បាននិយាយថា អ្នកចុះបញ្ជីអាវុធក៏ទទួលបានបញ្ជាឱ្យបញ្ឈប់ការចេញអាជ្ញាបណ្ណថ្មីសម្រាប់ការនាំចូល និងលក់អាវុធក្លែងបន្លំ ខណៈអ្នកដែលមានតែកាំភ្លើងទទេ កាំភ្លើង BB ឬអាវុធក្លែងបន្លំដែលអាចកែប្រែទៅជាអាវុធពិត ត្រូវបានប្រាប់ឱ្យចុះឈ្មោះពួកគេតាមមូលដ្ឋាន។
ចំណាត់ការអាជ្ញាធរថៃនាពេលនេះ ធ្វើឡើងបន្ទាប់ពីការបាញ់សម្លាប់ជាបន្តបន្ទាប់ក្នុងទីក្រុងបាងកក ដែលបានបង្កការអំពាវនាវឱ្យមានការពិនិត្យឡើងវិញលើការផ្តល់អាជ្ញាបណ្ណអាវុធដល់សាធារណជនទូទៅ និងឱ្យមានវិធានការគ្រប់គ្រងកាំភ្លើងឱ្យកាន់តែតឹងរ៉ឹង។
ការបាញ់ប្រហារនាខែតុលានៅផ្សារទំនើប Siam Paragon ដោយក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ បានសម្លាប់មនុស្សបីនាក់ និងប្រាំនាក់ផ្សេងទៀតរងរបួស។ ក្នុងហេតុការណ៍នៅថ្ងៃទី ១១ ខែវិច្ឆិកានេះ សិស្សម្នាក់អាយុ ១៩ ឆ្នាំ និងគ្រូបង្រៀនម្នាក់អាយុ ៤៩ ឆ្នាំនៅសាលា Sacred Heart Convent សង្កាត់ Klong Toey នៃទីក្រុងបាងកក ត្រូវបានស្លាប់ នៅពេលក្មេងទំនើងមួយក្រុមបាញ់ប្រហារលើក្រុមសិស្សសាលា ពេលឈ្មោះប្រកែកគ្នា៕
ប្រែសម្រួល៖ ហួន ឌីណា ប្រភព៖ Anutin issues order to halt gun licences https://www.bangkokpost.com/thailand/general/2690558/anutin-issues-order-to-halt-gun-licences