ក្រុមអ្នក​កាសែត​ចោទ BBC ថា​រាយការណ៍​លម្អៀងអំពី​ជម្លោះ​អ៊ីស្រាអែលនិង​ក្រុម​ហាម៉ាស

ឡុងដ៍៖ នៅខណៈពេលដែលអ៊ីស្រាអែលកំពុងបន្តទម្លាក់គ្រាប់បែកនៅតំបន់ហ្កាហ្សាក្នុងគោលបំណងវាយប្រហារកម្ទេចក្រុមហាម៉ាស ក្រុមអ្នកកាសែតដែលមានមូលដ្ឋាននៅអង់គ្លេសចំនួន ៨ នាក់ឯណោះវិញ បានព្រមព្រៀងគ្នាសរសេរលិខិតចោទប្រកាន់ក្រុមហ៊ុនសាជីវកម្មផ្សព្វផ្សាយអង់គ្លេសឬហៅកាត់ថា BBC ថាបានធ្វើការរាយការណ៍ព័ត៌មានដោយលម្អៀងអំពីស្ថានភាពដែលកំពុងកើតឡើងនៅក្នុងតំបន់ហ្កាហ្សា។

ក្រុមអ្នកកាសែតទាំងនោះបានសរសេរលិខិតមួយដែលមានខ្លឹមសារសរុបចំនួន ២៣០០ ពាក្យ ផ្ញើទៅកាន់សារព័ត៌មាន Al Jazeera ដោយក្នុងនោះ ពួកគេបានអះអាងថា ការផ្សាយរបស់សារព័ត៌មាន BBC អំពីជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា មានភាពលម្អៀង តាមរយៈការព្យាយាមបង្ហាញថា អ៊ីស្រាអែលជាជនរងគ្រោះ ដោយមិនបានផ្សាយអំពីអ្វីដែលបានកើតឡើងចំពោះប្រជាជនប៉ាឡេស្ទីន និងបានលុបចោលនូវខ្លឹមសារប្រវត្តិសាស្ត្រសំខាន់ៗទៀតផង។

យោងតាមកាសែត Al Jazeera បានឱ្យដឹងថា BBC មានស្តង់ដាពីរនៅក្នុងរបៀបដែលស្ថាប័នមួយនេះធ្វើអត្ថាធិប្បាយអំពីជនស៊ីវិល។ ជាក់ស្ដែង សារព័ត៌មាន BBC នេះមានភាពច្បាស់លាស់ណាស់ក្នុងការរាយការណ៍អំពីឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្សីនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែសម្រាប់សង្គ្រាមនៅតំបន់ផ្សេង ស្ថាប័ននេះហាក់មិនសូវប្រកាន់គោលជំហរវិជ្ជាជីវៈនោះទេ។

យោងតាមលិខិតដែលពួកគេបានសរសេរនោះបានបញ្ជាក់ថា អ្នកកាសែតអនាមិកទាំង ៨ នាក់នោះមិនចង់ផ្ញើលិខិតនោះទៅកាន់នាយកប្រតិបត្តិរបស់ BBC នោះទេ ដោយសារតែពួកគេជឿថានឹងមិនមានអ្វីផ្លាស់ប្តូរជាវិជ្ជមាន​ដែលអាចនាំទៅរកការពិភាក្សាប្រកបដោយផ្លែផ្កានោះទេ ប្រសិនបើពួកគេធ្វើដូច្នោះ។ គួរដឹងដែរថា អំឡុងពេលដែលពួកគេសរសេរលិខិតនេះ ជនជាតិប៉ាឡេស្ទីនជាង១៤ ៥០០ នាក់ត្រូវបានស្លាប់ដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល រួមទាំងកុមារយ៉ាងហោចណាស់ ៦ ០០០ នាក់។

ក្នុងលិខិតនោះបានសរសេរថា «សារព័ត៌មាន BBC មិនបានរាយការណ៍អំពីតួលេខនេះឱ្យបានត្រឹមត្រូវនោះទេ ដោយពួក​គេ​បាន​លុបចោលនូវ​រឿង​សំខាន់ៗជាច្រើន ហើយ​មិន​ដែលបាន​ចោទ​សួរ​ភាគីអ៊ីស្រាអែលអំពីបញ្ហានេះនោះទេ​។ ដោយ​សារ​តែ​បញ្ហា​នេះ ពួក​គេ​មិន​បាន​ជួយឱ្យ​សាធារណៈជនយល់​ច្បាស់អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​ពិត​ប្រាកដនោះទេ ជាពិសេស​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ហ្កាហ្សា។

លិខិតដដែលបានសរសេរថា «ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ត្រូវបានសម្លាប់ចាប់តាំងពីថ្ងៃទី៧ ខែតុលា។ តើនៅពេលណាដែលនិពន្ធនាយករបស់យើង អាចបង្កើនតួលេខឱ្យត្រឹមត្រូវតាមចំនួនជាក់ស្ដែង?« យើងដឹងហើយថា ចាប់តាំងពីថ្ងៃទី៧ ខែតុលា មក ក្រុមសិទ្ធិមនុស្ស និងបាតុកររាប់សែននាក់នៅទូទាំងពិភពលោកបានខឹងសម្បារយ៉ាងខ្លាំងចំពោះចំនួនអ្នកស្លាប់ដែលជាជនជាតិប៉ាឡេស្ទីនកំពុងកើនឡើងនៅក្នុងតំបន់ហ្កាហ្សា ហើយគ្រប់គ្នាសុទ្ធតែបានអំពាវនាវឱ្យមានបទឈប់បាញ់»។

ជាទូទៅ នៅក្នុងស្ថាប័នសារព័ត៌មានផ្សេងៗគ្នានៅជុំវិញពិភពលោក តែងតែព្យាយាមលើកទឡ្ហីករណ៍ដើម្បីបង្ហាញពីការគាំទ្រភាគីនីមួយៗនៅក្នុងជម្លោះមួយនេះ ប៉ុន្តែពួកគេមួយចំនួនហាក់ភ្លេចផ្ដោតការយកចិត្តទុកដាក់ទៅលើជនរងគ្រោះទាំងសងខាង។ ស្ថាប័នព័ត៌មានត្រូវគិតអំពីពាក្យពេចន៍ដែលពួកគេប្រើប្រាស់ដើម្បីបរិយាយអំពីបញ្ហានេះ។

នៅក្នុងសំបុត្រនោះ ក្រុមអ្នកកាសែតក៏បានបង្ហាញផងដែរថា «នៅលើវេទិកាដែលស្ថាប័ន BBC មានទាំងអស់ ពួកគេប្រើប្រាស់ពាក្យថា (ការសម្លាប់រង្គាល និង ភាពសាហាវឃោរឃៅ) ពីសំណាក់ក្រុមហាម៉ាសតែប៉ុណ្ណោះ ដោយព្យាយាមបង្ហាញថាក្រុមនេះជាអ្នកញុះញង់ និងជាជនល្មើសនៃអំពើហិង្សានៅក្នុងតំបន់។ នេះ​គឺ​ជា​រឿង​ដែលមិន​ត្រឹមត្រូវឡើយ ប៉ុន្តែបែរជាឃើញមាននៅគ្រប់ការ​រាយការណ៍​​របស់ BBC ទៅវិញ»។

លិខិតនោះបានបន្តថា បើទោះបីជាក្រុមហាម៉ាសគឺជាក្រុមដែលបានធ្វើការវាយប្រហារដ៏គួរឱ្យរន្ធត់ជាមុនទៅលើភាគីអ៊ីស្រាអែលក៏ដោយ ប៉ុន្តែមិនមែនមានន័យថា ការសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនរាប់ពាន់នាក់របស់អ៊ីស្រាអែលជារឿងត្រឹមត្រូវនោះទេ។ ត្រង់ចំណុចនេះហើយដែល BBC មិនបានធ្វើការរាយការណ៍ឱ្យសមហេតុផល និងត្រឹមត្រូវតាមស្ថានភាពដែលកំពុងកើតឡើងជាក់ស្ដែង។

លិខិតរបស់ក្រុមអ្នកកាសែតនោះ ក៏បានស្នើសុំឱ្យស្ថាប័នសារព័ត៌មាន BBC ធ្វើការឆ្លុះបញ្ចាំងឱ្យបានកាន់តែប្រសើរឡើង និងព្យាយាមផ្សព្វផ្សាយដោយផ្អែកលើភស្តុតាង ជាពិសេសព័ត៌មានដែលបានមកពីអង្គការមនុស្សធម៌ផ្លូវការ និងដែលគ្មានភាព
លម្អៀង៕

ប្រែសម្រួល៖ ធា សុណា

ប្រភពព័ត៌មាន៖ International The News

Journalists accuse BBC of failing to report Israel-Hamas conflict accurately

https://www.thenews.com.pk/latest/1131719-journalists-accuse-bbc-of-failing-to-report-israel-hamas-conflict-accurately

ads banner