មេដឹកនាំកូរ៉េខាងជើង សាទរ “យុគសម័យថ្មីនៃអំណាចអវកាស”

ព្យុងយ៉ាង៖ ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន សាទរ «យុគសម័យថ្មីនៃអំណាចអវកាស» ជាមួយក្រុមអ្នកវិទ្យាសាស្ត្រ និងគ្រួសាររបស់លោក បន្ទាប់ពីកូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាមួយ ចូលទៅក្នុងគន្លងតារាវិថីដោយជោគជ័យ។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអបអរសាទរ និងសរសើរអ្នកវិទ្យាសាស្ត្រ ព្រមទាំងកម្មករនៃកម្មវិធីអវកាសនៅរដ្ឋបាលបច្ចេកវិទ្យាអវកាសជាតិ ក្នុងដំណើរដែលរួមមានកូនស្រី ជូ អេ ផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន KCNA ក៏បានបញ្ចេញរូបភាពលោក គីម រីករាយនឹងការទទួលស្វាគមន៍ដោយកម្មកររដ្ឋបាលបច្ចេកវិទ្យាអវកាសជាតិ មន្ត្រីយោធា និងអ្នកនយោបាយជាន់ខ្ពស់ កូនស្រី និងភរិយា រី សូល ជូ របស់លោក ដោយអ្នកចូលរួមទាំងអស់ អរគុណ និងសាទរកំពូលបិតា ដែលធានាការបាញ់បង្ហោះដ៏ជោគជ័យ។

គួរបញ្ជាក់ថា ការបាញ់បង្ហោះយាន Malligyong-1 កាលពីថ្ងៃអង្គារសប្តាហ៍នេះ ជាការព្យាយាមលើកទីបី ដើម្បីនាំកែវភ្នែកយោធាមួយចូលទៅក្នុងទីអវកាសក្រោយការបាញ់បង្ហោះកាលពីខែឧសភា និងខែសីហា បានបរាជ័យ។

បើតាមទីភ្នាក់ងារសារព័ត៌មាន KCNA លោក គីម បាននិយាយក្នុងពេលទៅទស្សនាទីភ្នាក់ងារអវកាសជាតិថា ការបាញ់បង្ហោះផ្កាយរណបនេះ ជាការអនុវត្តសិទ្ធិការពារខ្លួនទាំងស្រុង។ លោក គីម បានសង្កត់ធ្ងន់ថា ផ្កាយរណបចារកម្មនេះ នឹងជួយការពារកូរ៉េខាងជើងពីចំណាត់ការដ៏គ្រោះថ្នាក់ និងឈ្លានពាននៃកងកម្លាំងអមិត្ត និងថា វានាំផ្លូវយុគសម័យថ្មីមួយ នៃអំណាចអវកាសសម្រាប់ប្រទេស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner