កម្ពុជាបានក្លាយជាប្រទេសទី៥ នៅលើសកល​លោក និងជាប្រទេសដំបូងគេបង្អស់ក្នុងតំបន់អាស៊ីដែលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះដឹកនាំ “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន” នៅឆ្នាំ២០២៤

ភ្នំពេញ៖ កម្ពុជាត្រូវបានអង្គសន្និសីទរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស​​ (អនុសញ្ញាអូតាវ៉ា)នៅទី​ក្រុងហ្សឺណែវ ប្រទេសស្វីសថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣បោះឆ្នោតជ្រើសតាំងកម្ពុជាធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញលើកទី៥ ឆ្នាំ២០២៤ ដែលកម្ពុជាប្រសិទ្ធនាមជា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន”។

ប្រភពអាជ្ញាធរមីនបានឱ្យដឹងនៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកាឆ្នាំ២០២៣ថា ខណៈកម្ពុជាធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ច​ប្រជុំ​ត្រួតពិនិត្យ​ឡើងវិញលើកទី៥ ឆ្នាំ២០២៤ ដែលកម្ពុជាប្រសិទ្ធនាមជា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយ​ដែល​គ្មានមីន”នោះនឹង​មានការ​ចូល​រួម​ពី​រដ្ឋ​សមាជិក​ចំនួន​ ១៦៤​ រដ្ឋ​អង្កេត​ការណ៍​ដទៃទៀត​ រួម​ទាំង​អង្គការ​-ស្ថាប័ន​ពិភពលោក​ជា​ច្រើន​។

គួរបញ្ជាក់ថា កិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ាត្រូវបានប្រព្រឹត្តទៅជារៀងរាល់៥ឆ្នាំម្តង។ កម្ពុជាគឺជា​ប្រទេសទី៥ នៅលើ​សកល​លោក និងជាប្រទេសដំបូងគេបង្អស់ក្នុងតំបន់អាស៊ីដែលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំនេះ។ កិច្ចប្រជុំ​លើកទី១ធ្វើនៅ ប្រទេសកេនយ៉ា ឆ្នាំ២០០៤, លើកទី២នៅប្រទេសកូឡុំប៊ីឆ្នាំ២០០៩, លើកទី៣នៅប្រទេសម៉ូសំប៊ិក ឆ្នាំ២០១៤ លើកទី៤នៅប្រទេស​ន័រវែស ឆ្នាំ២០១៩ និងលើកទី៥នៅប្រទេសកម្ពុជាឆ្នាំ២០២៤ ខាងមុខ។

អាជ្ញាធរមីនបញ្ជាក់ឱ្យដឹងថា ក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកម្ពុជាបានជ្រើសយកទឹកដីខេត្តសៀមរាបសម្រាប់ការរៀបចំ និងមានការចូលរួមពីរដ្ឋ​សមាជិកចំនួន១៦៤ប្រទេស និងរដ្ឋអង្កេតការណ៍ផ្សេងៗ ព្រមទាំងអង្គការ -ស្ថាប័ន ពិភពលោកជាច្រើនទៀត។

ក្នុងសារអបអរសាទរលើបណ្ដាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហាញថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺជាវេទិកាដែលកម្ពុជានឹងបញ្ជាក់ជូន សហគមន៍អន្តរជាតិ ពីការប្តេជ្ញាចិត្តចំពោះការបោសសម្អាតមីន​ប្រឆាំងមនុស្សឱ្យអស់ និងពិនិត្យមើលលើវឌ្ឍនភាពនៃការអនុត្តផែនការសកម្មភាពកន្លងមក។ កម្ពុជាគ្រោងនឹងដាក់ចេញនូវការងារ អាទិភាពចំនួន៣ រួមមាន៖
១.ជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញា៖ ជំរុញ ប្រទេសមិនមែនរដ្ឋភាគីឱ្យចូលរួមជារដ្ឋភាគី ឬចូលរួមកិច្ចប្រជុំ ឬអនុវត្តទិដ្ឋភាពនានានៃអនុសញ្ញា
២.ពង្រឹងការអនុវត្តមាត្រា៥នៃអនុសញ្ញា៖ បោសសម្អាតមីនប្រឆាំងមនុស្ស និង
៣.ជួយជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម

ជាងនេះ ទៅទៀតកម្ពុជានឹងរៀបចំឱ្យមានជាសេចក្តី ថ្លែងការណ៍ស្តីពីផែនការសកម្មភាព ៥ឆ្នាំបន្ត សម្រាប់ រដ្ឋសមាជិក និង ភាគី ពាក់ព័ន្ធ ទាំងអស់យកទៅអនុវត្តដោយមានឈ្មោះថា “សេចក្តី ថ្លែងការណ៍សៀមរាប -អង្គរ_ Siem Reap – Angkor Declaration or Siem Reap – Angkor Action Plan” ដែលនឹងត្រូវប្រើប្រាស់ក្នុងឯកសារប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាតិ។

សម្ដេចធិបតីបានបន្តថា “ក្នុងឱកាសនេះខ្ញុំសូមកោតសរសើរជូនចំពោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អាជ្ញាធរមីន ប្រទេសជាមិត្តដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ -អន្តរជាតិ សហគមន៍ សកម្មភាពមីន និងគ្រប់ភាគី ពាក់ព័ន្ធសម្រាប់កិច្ច ខិតខំប្រឹងប្រែង និងចូលរួមចំណែកជំរុញឱ្យប្រទេសនិងប្រជាជនកម្ពុជា រួចចាកផុតពីទុក្ខវេទនា ដោយសារមីនប្រឆាំង​មនុស្សដែល ជាមរតកសង្រ្គាមដ៏រ៉ាំរ៉ៃនៅកម្ពុជា។

ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះ រដ្ឋជាសមាជិក នៃអនុសញ្ញាអូតាវ៉ា និងសហគមន៍អន្តរជាតិ ដែលតែងតែផ្តល់ការគាំទ្រ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងកិច្ចការសកម្មភាពមីន ក៏ដូចជាបានផ្តល់សេចក្តីទុកចិត្តជ្រើសតាំងកម្ពុជាធ្វើជាប្រធាននិងម្ចាស់ ផ្ទះរៀបចំកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ”។

សូមជម្រាបថា អនុសញ្ញាអូតាវ៉ា ឬហៅបានថាអនុសញ្ញាស្តីពីការហាម ការប្រើប្រាស់មីនប្រឆាំងមនុស្ស ឬហៅពេញថា អនុសញ្ញាស្តីពី​ការហាម​ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន។ អនុសញ្ញានេះ គឺជាអនុសញ្ញារបស់អង្គការសហប្រជាជាតិ និងជាការឆ្លើយតបគ្រប់ជ្រុងជ្រោយរបស់សហគមន៍អន្តរជាតិ ចំពោះបញ្ហាមនុស្សធម៌ដែលបង្កឡើងដោយ​មីនប្រឆាំងមនុស្ស ដែលជាអាវុធ បង្កផលអាក្រក់ដ៏ធ្ងន់ធ្ងរ ទោះបីជាជម្លោះប្រដាប់អាវុធបានបញ្ចប់ទៅជាច្រើនទសវត្សរ៍ក៏ដោយ៕
ដោយ៖ពលជ័យ

ads banner