កងកម្លាំងគ្រប់ប្រភេទ បានត្រៀមរួចជាស្រេច ក្នុងការការពារ សន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យអុំទូក
(ភ្នំពេញ)៖ កងកម្លាំងគ្រប់ប្រភេទ បានត្រៀមរួចជាស្រេច ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣នេះ ដែលនឹងប្រព្រឹត្តទៅ ៣ថ្ងៃ ពីថ្ងៃទី២៦ ដល់ ២៨ វិច្ឆិកា ។
ក្នុងពិធីចុះត្រួតពិនិត្យទីតាំងគណៈបញ្ជាការស្រាល នៅមុខវាលព្រះមេរុហ៍នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកានេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកស្មារតីទទួលខុសត្រូវ ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយអង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិកំពូលៗ ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីឱ្យព្រះរាជពិធីនេះ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា អគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់កងកម្លាំងប្រដាប់អាវុធចម្រុះជាង ១ម៉ឺននាក់ នៅតាមគោលដៅសំខាន់ៗ ចំនួន ១៤គោលដៅ ខណៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំនេះ គឺចំនួនទូក និងកីឡាអុំទូកមានការកើនឡើង និងស្របពេលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានរៀបចំព្រះរាជពិធីបុណ្យឡើងវិញ បន្ទាប់ពីបានខកខានចំនួន ៣ឆ្នាំមកហើយ ដោយសារវិបត្តិជំងឺឆ្លងកូវីដ១៩ ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ថ្លែងថា ដោយមានការយកចិត្តទុកដាក់ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចបានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់កងកម្លាំងគ្រប់ប្រភេទ ដែលឈរជើងនៅតាមគោលដៅនានា ក្នុងកិច្ចការងារការពារ សន្តិសុខសណ្ដាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក។ ទន្ទឹមនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈ ក្នុងការរៀបចំទំនុកបម្រុង ជូនកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បំពេញតួនាទីភារៈកិច្ចឱ្យកាន់តែប្រសើរ ៕
ដោយ ៖ ថេត វិចិត្រ





