ចក្រភពអង់គ្លេសប្រកាសអំពីការវិនិយោគឯកជនជិត ៣០ពាន់លានផោន នៅឯកិច្ចប្រជុំកំពូល CEO

ឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak កាលពីថ្ងៃចន្ទ សប្តាហ៍នេះ បានប្រកាសផ្តល់មូលនិធិឯកជនចំនួន ២៩.៥ ពាន់លានផោន ឬ ៣៧.២ ពាន់លានដុល្លារ សម្រាប់គម្រោងថ្មីរបស់ចក្រភពអង់គ្លេស ខណៈដែលក្រុមនាយកប្រតិបត្តិ (CEO) ជាង២០០ នាក់បានមកចូលរួមកិច្ចប្រជុំកំពូល វិនិយោគសកល ឆ្នាំ២០២៣ នៅទីក្រុងឡុងដ៍។

រដ្ឋាភិបាលចក្រភពអង់គ្លេសបាននិយាយថា ការវិនិយោគ ថ្មីនេះ នឹងបង្កើតការងារចំនួន ១២០០០ នៅក្នុងវិស័យច្នៃប្រឌិត រួមមានទាំងលើផ្នែកបច្ចេកវិទ្យា វិទ្យាសាស្ត្រជីវិត ការកកើតឡើងវិញ លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធ ជាដើម។

លោក Sunak បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ មុនពេលបើកកិច្ចប្រជុំកំពូលវិនិយោគសកលឆ្នាំ ២០២៣ថា «ការវិនិយោគថ្ងៃនេះ… គឺជាការបោះឆ្នោតគាំទ្រដ៏ច្រើននៃទំនុកចិត្ត ចំពោះអនាគតនៃសេដ្ឋកិច្ចចក្រភពអង់គ្លេស» ។

លោកបានបន្ថែមថា «ការទាក់ទាញការវិនិយោគជាសាកលគឺជាចំណុចស្នូលនៃផែនការរបស់ខ្ញុំ សម្រាប់ការបង្កើនសេដ្ឋកិច្ច»។

គួរបញ្ជាក់ថា ការវិនិយោគដែលបានប្រកាសដោយនាយករដ្ឋមន្ត្រីអង់គ្លេស រួមមានទាំង ១០ពាន់លានផោន ក្នុងរយៈពេល ៤ ឆ្នាំ បន្ទាប់ ដែលទទួលបានពីមូលនិធិអូស្ត្រាលី IFM Investors «សម្រាប់ហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ និងគម្រោងផ្លាស់ប្តូរថាមពល»៕ ប្រភពពី AFP ប្រែសម្រួល៖សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner