សមាគមស្វាយចន្ទីកម្ពុជា រំពឹងថា កម្ពុជានឹងប្រែក្លាយជាប្រទេស ដែល នាំចេញគ្រាប់ស្វាយចន្ទី ច្រើនជាងគេ ហើយនៅជាប្រទេសមានគ្រាប់ ស្វាយចន្ទី គុណភាពល្អ និងឆ្ងាញ់ជាងគេ ក្នុងលោក
ភ្នំពេញ ៖បន្ទាប់ពីស្វាយចន្ទី គឺដំណាំយុទ្ធសាស្រ្ត ដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់ និងជំរុញការនាំចេញឱ្យបានច្រើនជាងគេនៅលើពិភពលោក ឬអាចនិយាយបានថា «ជាអធិរាជ» នាំចេញគ្រប់ស្វាយចន្ទីនាពេលខាងមុខនោះ សមាគមស្វាយចន្ទីកម្ពុជារំពឹងថាក្រៅពីកម្ពុជាអាចប្រែក្លាយជាប្រទេសនាំចេញ គ្រាប់ស្វាយចន្ទីច្រើនគេហើយនៅជាប្រទេស ដែលមាន គ្រាប់ស្វាយចន្ទីល្អនិងឆ្ងាញ់ជាងគេក្នុងលោកថែមទៀត។
បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្នុងពិធីបើកដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន និងទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងសភាពអឺរ៉ុប អំពី ខ្សែច្រវ៉ាក់ ផលិតកម្ម ស្វាយចន្ទី នៅកម្ពុជាចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងខេត្តចំនួន៣គឺ ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង នាទីស្តីការក្រសួងកសិកម្ម លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជាបានលើកឡើងថា៖តាមរយៈការខិតខំលើកស្ទូយលើវិស័យស្វាយចន្ទី និងក៏ដូច ជាការចូលរួមទាំងរាជរដ្ឋាភិបាលពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, វិស័យឯកជនលោករំពឹងថាកម្ពុជានឹងអាចក្លាយ ជាប្រទេសដែលមានគុណភាពគ្រាប់ស្វាយចន្ទីល្អជាងគេនិង រស់ជាតិឆ្ងាញ់ ជាងគេក្នុងពិភពលោក។
ទោះបីយ៉ាងណា អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា រូបនេះលើកឡើងដែរថា៖ទន្ទឹងនឹងកម្ពុជាមានស្វាយចន្ទីល្អ និងគុណភាពល្អជាគេនេះដែរយើងនៅខ្វះខាតចំណុចតិចតួចមួយគឺកែច្នៃគ្រាប់ចន្ទីដ៏ល្អរបស់យើងនេះឱ្យទៅជាផលិតផលមួយស្តង់ដា និងអាចទទួលយកបានក្នុងទីផ្សារអន្តរជាតិ។
ពេលនេះកម្ពុជាយើងបានចាប់ផ្តើមចេញដំណើរហើយ គឺតាមរយៈកម្ពុជាបានចូលរួមសន្និសីទស្វាយចន្ទីនៅទីក្រុងឌុបបៃគឺគេអបអរខ្លាំងណាស់ដោយសារកម្ពុជាបានជាប់ជាប្រទេសដែលមានគ្រាប់ផ្លែចន្ទីដ៏ល្អនៅឆ្នាំ២០២១។នេះជាជំហ៊ានដ៏ល្អមួយ ហើយវាស្របនឹងរាជរដ្ឋាភិបាលកម្ពុជាអាណត្តិមុនមានមហិច្ចតាក្នុងទិសដៅលើកស្ទួយប្រទេសកម្ពុជាដែលមានស្វាយចន្ទីច្រើនជាងគេ និងមានគុណភាពល្អជាងគេលើពិភពលោកផងដែរ។
ជាមួយគ្នានេះលោកបានបញ្ជាក់បន្ថែមថា៖នាពេលនេះមានការបង្កើតដីចំនួន ៥០ហិកតានៅខេត្តកំពង់ធំទៅជាកន្លែងកសិឧស្សហកម្មស្វាយចន្ទី។នាពេលនេះគេបានទាក់ទាញអ្នកវិនិយោគទុនពីប្រទេសសិង្ហបុរីដែលបានបោះទុនលើកទី១ខ្ទង់១២លានដុល្លារដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ចន្ទីឱ្យបាន៤០ម៉ឺនតោនក្នុងមួយថ្ងៃ។ក្រៅពីនេះក៏មានក្រុមហ៊ុនមួយចំនួនទៀតក៏បានកំពុងសហការដើម្បីកែច្នៃគ្រាប់ចន្ទីនេះផងដែរ។ទន្ទឹមជាមូួយគ្នានេះក៏មានឧកញ៉ាជាច្រើននៅកម្ពុជាកំពុងចាប់អារម្មណ៍ វិនិយោគ លើស្វាយចន្ទីថែមទៀត។
លោកជំទាវ អ៊ឹម រចនា មន្រ្តីនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងនៅថ្ងៃដដែលនេះដែរថា,៖គ្រាប់ផ្លែស្វាយចន្ទីកម្ពុជាកំពុងមានការគាំទ្រនៅប្រទេសជប៉ុន។ជាមូួយគ្នានេះបើតាមការសាកសួរបង្ហាញថាគ្រាប់ផ្លែស្វាយចន្ទីកម្ពុជាបើប្រៀបធៀបជាមួយគ្រាប់ស្វាយចន្ទីប្រទេសផ្សេងៗទៀតឃើញថាគ្រាប់ស្វាយចន្ទីកម្ពុជាមានរស់ជាតិឆ្ងាញ់ គ្រាប់ធំគុណភាពល្អ ។គ្រាប់ស្វាយចន្ទីកម្ពុជាចាប់ផ្តើមទទួលការគាំទ្រច្រើនពីសំណាក់ពលរដ្ឋជប៉ុននិងមានដាក់លក់តាមទីផ្សារធំៗនៅជប៉ុនថែមទៀត។
ដោយឡែក ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថាក្នុងពិធីនេះដែរថា៖ដំណាំស្វាយចន្ទីកម្ពុជាគឺជាដំណាំមានកេរ្តិ៍ឈ្មោះល្បីនិងជាពិសេសមានការទទួលស្គាល់គុណភាពដ៏ល្អមួយផង។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជានាកន្លងមកធ្លាប់ បានបញ្ជាក់ថា នាពេលអនាគត សម្តេចចង់ធ្វើឱ្យកម្ពុជា ក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី ពោលគឺជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក៕ អត្ថបទ៖លោក ជិន ម៉ាដេប៉ូ ,រូបភាព៖ លោក រិន រចនា





