ប្រធានាធិបតីបារាំង នឹងធ្វើដំណើរទៅប្រទេសកាតា ដើម្បីរួមគ្នាចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា

ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ាណូអែល ម៉ាក្រុង បាននិយាយកាលពីថ្ងៃទី២ ខែធ្នូម្សិលមិញថា ប្រទេសបារាំងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពផ្ទុះសង្គ្រាមជាថ្មីនៅតំបន់កាហ្សា ហើយថាលោកនឹងធ្វើដំណើរទៅប្រទេសកាតា ដើម្បីរួមគ្នារកដំណោះស្រាយសំដៅបន្តបទឈប់បាញ់។

ថ្លែងនាសន្និសីទសារព័ត៌មានមួយនៅឯកិច្ចប្រជុំកំពូលអាកាសធាតុ COP28 នៅទីក្រុងឌូបៃ លោក ម៉ាក្រុង បានបញ្ជាក់ថា ស្ថានការណ៍នៅតំបន់ហ្គាហ្សាតម្រូវឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលបានបទឈប់បាញ់រយៈពេលយូរអង្វែង និងជាពិសេសឈានទៅដោះលែងចំណាប់ខ្មាំងទាំងអស់។

លោក ម៉ាក្រុង បានបន្ថែមទៀតថា ៖ «ក្នុងស្ថានភាពនេះ ភាគីអ៊ីស្រាអែលត្រូវតែបង្ហាញពីចេតនារបស់ពួកគេចំពោះការវាយលុកនេះ ហើយប្រសិនបើអ៊ីស្រាអែលពិតជាមានបំណងក្នុងការវាយ កម្ទេចក្រុមហាម៉ាស់ពិតមែន ទោះជារយៈពេល១០ឆ្នាំទៀត ក៏សង្គ្រាមនេះមិនអាចបញ្ចប់ដែរ»។

លោកប្រធានាធិបតីបន្តថា ៖ «វានឹងមិនអាចមានសន្តិភាពសម្រាប់អ៊ីស្រាអែលនោះទេ ប្រសិនបើសន្តិភាពរបស់ពួកគេស្ថិតនៅលើជីវិតរបស់ប្រជាជនប៉ាឡេស្ទីន ផ្ទុយទៅវិញទង្វើនេះនឹងធ្វើឱ្យមានការខឹងសម្បារពីសាធារណៈជនកាន់តែខ្លាំងឡើង»។

ឆ្លើយតបទៅនឹងការលើកឡើងរបស់លោកប្រធានាធិបតីបារាំងបែបនេះ លោក Mark Regev ទីប្រឹក្សាជាន់ខ្ពស់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រាប់អ្នកយកព័ត៌មានថា អ៊ីស្រាអែលមិនចង់ឃើញប្រជាជនប៉ាឡេស្ទីនត្រូវបាត់បង់ជីវិតនៅតំបន់កាហ្សានោះទេ។

លោក Mark Regev បន្តថា ៖ «អ៊ីស្រាអែលផ្ដោតការវាយលុយទៅលើតែក្រុមឧទ្ទាមហាម៉ាស់ប៉ុណ្ណោះ ដោយក្រុមនេះ ជាក្រុមភេរវកម្មដែលបានធ្វើសកម្មភាពហិង្សាទៅលើប្រជាជនស៊ីវិលស្លូតត្រង់ ។រីឯអ្វីដែលអ៊ីស្រាអែលធ្វើនាពេលនេះគឺដើម្បីការពារជីវិតប្រជាជនស៊ីវិល ប៉ាឡេស្ទីននោះឯង»។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងបទឈប់បាញ់បណ្ដោះអាសន្នរវាងអ៊ីស្រាអែល និងហាម៉ាស់ បានបិទបញ្ចប់នៅថ្ងៃទី១ធ្នូ បន្ទាប់ពីអ៊ីស្រាអែលបានចាប់ផ្ដើមសកម្មភាពបាញ់បោះភ្លាមៗ ក្រោយកិច្ចព្រមព្រៀងឈានដល់ពេលផុតកំណត់។

យ៉ាងណាមិញ កិច្ចព្រមព្រៀងបទឈប់បាញ់នេះត្រូវបានពន្យារពេលចំនួន៣ដង ដោយលើកទី១មានរយៈពេល៤ថ្ងៃ លើកទី២មានរយៈពេល២ថ្ងៃ និងលើកចុងក្រោយ ដែលត្រូវនឹងថ្ងៃទី ៣០ ខែវិច្ឆិកា មានរយៈពេល១ថ្ងៃ។

ដោយឡែក រហូតមកដល់ពេលនេះ អ៊ីស្រាអែលកំពុងវាយលុកដោយទំលាក់គ្រាប់បែកពីលើអាកាស ទៅលើតំបន់ហ្គាហ្សាភាគខាងត្បូង ក្រោមហេតុផលថាមេដឹកនាំក្រុមហាម៉ាស់កំពុងលាក់ខ្លួនជាមួយក្រុមជនស៊ីវិល។

មនុស្សជាង ១,៧ លាននាក់ត្រូវបានជម្លៀសចេញពីតំបន់ហ្គាហ្សា ជាកន្លែងដែលមន្ត្រីសុខាភិបាលបានអះអាងថា ចំនួនអ្នកស្លាប់បានកើនឡើងលើសពី ១៥,០០០ នាក់ បន្ទាប់ពីការវាយប្រហារជាច្រើនសប្តាហ៍របស់អ៊ីស្រាអែល៕ ប្រែសម្រួល៖ កែវ បុស្បា

ads banner