ប្រធានាធិបតីកូរ៉េខាងត្បូងនឹងធ្វើដំណើរទៅហូឡង់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកបន្ទះឈីប

សេអ៊ូល៖ មេដឹកនាំកូរ៉េខាងត្បូងនឹងធ្វើដំណើរទៅកាន់ប្រទេសហូឡង់ នាថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីបំពេញទស្សនកិច្ច ដែលលោកនិយាយថា នឹងផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការផ្នែកបន្ទះឈីបដ៏សំខាន់ រវាងប្រទេសផលិតបន្ទះឈីបពិភពលោកទាំងពីរ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ថ្លែងថា បន្ទះឈីបបំពាក់បច្ចេកវិទ្យាខ្ពស់ គឺជាសរសៃឈាមជីវិតនៃសេដ្ឋកិច្ចពិភពលោកសម័យទំនើប ដែលបានក្លាយទៅជាឧបករណ៍ចាក់ស្រេះ ចូលក្នុងចរន្តផលិតកម្មនៃគ្រប់ផលិតផលបច្ចេកវិទ្យា ចាប់រាប់ពីអំពូលអគ្គិសនីរហូតដល់ស្មាតហ្វូន រថយន្ត និងយន្តហោះ។ ហើយកូរ៉េខាងត្បូងរ៉ាប់រងប្រហែល ៦០ភាគរយ នៃការផ្គត់ផ្គង់បន្ទះឈីបអង្គចងចាំរបស់ពិភពលោក។

លោក យូន បន្តថា នៅពេលដែលការប្រកួតប្រជែងរវាងប្រទេស និងតំបន់កាន់តែខ្លាំងឡើង ដើម្បីទទួលបានអនុត្តរភាពលើបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ឧស្សាហកម្មបន្ទះឈីបមានសារៈសំខាន់ជាយុទ្ធសាស្រ្តជាងពេលមុន ដែលធ្វើឱ្យដំណើរទស្សនកិច្ចទៅកាន់ប្រទេសហូឡង់មានអត្ថន័យជាពិសេស។ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានសង្កត់ធ្ងន់ទៀតថា ឧបករណ៍អេឡិចត្រូនិក គឺជាស្នូលនៃកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូង និងហូឡង់ ហើយថា កំណើនប្រកបដោយស្ថិរភាព និងនិរន្តរភាពនៃឧស្សាហកម្មបន្ទះឈីបសកល គឺស្ថិតនៅក្នុងផលប្រយោជន៍ស្នូលនៃប្រទេសទាំងពីរ។

The Fortune Business Insight រកឃើញថា ទីផ្សារនៃការប្រើប្រាស់ និងផលិតបន្ទះឈីបកាលពីឆ្នាំ២០២១ មានទឹកប្រាក់ជាង ៥២៧ពាន់លានដុល្លារ ហើយអាចនឹងកើនដល់ ១,៣៨០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៩។ ដោយសារតែភាពចាំបាច់របស់វា បណ្តាប្រទេសមហាអំណាចជាច្រើនបានប្រើប្រាស់បន្ទះឈីប ជាឧបករណ៍សម្រាប់ល្បែងនយោបាយ ជាក់ស្តែងដូចជាអាមេរិក និងចិនដែលជាអ្នកបញ្ជាទិញធំបំផុត ព្រមទាំងកូរ៉េខាងត្បូង និងកោះតៃវ៉ាន់ ដែលជាអ្នកផលិតដ៏ធំបំផុត ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងភាពរកាំរកូស និងតានតឹងដាក់គ្នានៅឡើយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner