សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានអង្គសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៤៤ បោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សមាជិកគណៈ អចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលគណបក្ស
ប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ ត្រូវបាន អង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា។

នៅព្រឹកថ្ងៃទី១០ខែធ្នូនេះដែរអង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៤បានបោះឆ្នោតជ្រើសតាំងបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលថ្មីចំនួន២៣រូបបន្ថែមទៀត។

ដោយឡែកសមាជិកចំនួន៤៩៦នាក់ បន្ថែមទៀតត្រូវបាន គណបក្សប្រជាជនកម្ពុជា សម្រេចបញ្ចូលទៅក្នុង គណៈកម្មាធិការកណ្តាលគណបក្ស បន្ទាប់ពីបោះឆ្នោត នៅល្ងាចថ្ងៃទី០៩ ខែធ្នូ។ ការបន្ថែមសមាជិកថ្មី ជិត៥០០ នាក់នេះ ធ្វើឱ្យ គណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចមានសមាជិក សរុបចំនួន ១.៣១២រូប។

សូមជម្រាបថាសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៤អាណត្តិទី៥ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស គណបក្សប្រជាជនកម្ពុជា។ ទៅនៅស្នាក់ការកណ្ដាល គណបក្សប្រជាជនកម្ពុជា វិមាន ៧មករា៕
ដោយ៖វណ្ណលុក



